ព័ត៌មានជាតិ
ពលរដ្ឋខណ្ឌបឹងកេងកង សុំដាក់-ដូរ បង្គោលភ្លើង និងកាប់ឈើ ក្នុងវេទិកាសាធារណៈ
ប្រជាពលរដ្ឋរស់នៅខណ្ឌបឹងកេងកង បានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ សុំប្ដូរបង្គោលភ្លើងថ្មី ជាមួយនឹងការសុំកាប់ដើមឈើពុកផុយផងដែរ។

ការស្នើសុំពីសំណាក់ប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៤ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី ០៤ ឆ្នាំ ២០២៤ នៅខណ្ឌបឹងកេងកង ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីតំណាង លោក កើត ឆែ អភិបាលស្ដីទី នាសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកងទី ០៣ ខណ្ឌបឹងកេងកង។
ក្នុងវេទិកានេះ ប្រជាពលរដ្ឋក្រៅពីការអរគុណចំពោះអាជ្ញាធរហើយ ក៏មានលើកឡើងជាសំណើ និងសំណូមពរផ្ទាល់មាត់ ដើម្បីឲ្យអាជ្ញាធរដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ សុំប្ដូរបង្គោលភ្លើងថ្មី ជាមួយនឹងការសុំកាប់ដើមឈើពុកផុយផងដែរ។

លោក សុខ ពេញវុធ បានលើកឡើងថា រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋនៅក្នុងវេទិកានេះ លោកស្នើឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្ដែង រួចសុំគោលការណ៍មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយជូនពួកគាត់។
លោក សុខ ពេញវុធ បញ្ជាក់ផងដែរថា ចំពោះប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកមកដោះស្រាយពេលក្រោយ ពោលគឺអ្វីជាអាទិភាពចាំបាច់បន្ទាន់ៗ នឹងដោះស្រាយមុនគេ ហើយអ្វីដែលនៅសេសសល់ នឹងដាក់ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍ ០៣ ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់។

លោក ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ធ្វើឡើងក្នុង ០១ ឆ្នាំម្តង ក្នុងត្រីមាសទី ០៤ ពោលគឺនៅក្នុងខែតុលា វិច្ឆិកា និងខែធ្នូ ហើយសម្រាប់ខណ្ឌនីមួយៗ ត្រូវធ្វើឡើងនៅខែមិថុនា រាល់ឆ្នាំ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ផ្តោតសំខាន់ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរដឹងឮ និងរកយន្តការដោះស្រាយជូន។

សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងជា សំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្ដានុពលយ៉ាងធំធេង និងធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងចំណុចអសកម្មនានារបស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ៕
អត្ថបទ ៖ ស្រីរ័ត្ន









-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


