ព័ត៌មានអន្ដរជាតិ
ហេតុអ្វីរុស្ស៊ីជំរុញការបង្កើតប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនក្នុងប្លុកប្រទេស BRICS?
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលនៃអង្គការអន្តររដ្ឋាភិបាលប្រ៊ីកស៍ (BRICS) នាថ្ងៃទី ២២-២៤ តុលា ខាងមុខ ដែលលោកនឹងទទួលស្វាគមន៍ក្រុមមេដឹកនាំនៃប្រទេសសមាជិកដែលរួមមាន ប្រេស៊ីល ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។

ខណៈកិច្ចប្រជុំខិតកាន់តែជិតមកដល់ មានសេចក្ដីរាយការណ៍ថា រុស្ស៊ីនឹងព្យាយាមបញ្ចុះបញ្ចូលឱ្យប្រទេសសមាជិក BRICS ចូលរួមជាមួយគ្នាក្នុងការបង្កើតប្រព័ន្ធហិរញ្ញវត្ថុសកលថ្មី ដើម្បីបន្សាំខ្លួនទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ក៏ដូចជាទប់ទល់ទៅនឹងឥទ្ធិពលដ៏វាតទីរបស់ប្រាក់ដុល្លារអាមេរិក លើពាណិជ្ជកម្មសកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
យោងតាមឯកសារដែលរៀបចំដោយក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលរុស្ស៊ី ដែលត្រូវបានចែកចាយទៅឱ្យអ្នកសារព័ត៌មានមុនកិច្ចប្រជុំ ការបង្កើតឱ្យមានប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនសម្រាប់ប្លុក BRICS នឹងក្លាយជាស្នូលនៃផែនការ ដែលរុស្ស៊ីនឹងស្នើឡើង។
ប្រព័ន្ធទូទាត់ថ្មី ដែលត្រូវប្រើរូបិយប័ណ្ណរបស់បណ្ដាប្រជាជាតិ BRICS នោះ នឹងរួមបញ្ចូលប្រព័ន្ធផ្ញើសារថ្មី និងបណ្តាញធនាគារពាណិជ្ជជាតិ ដែលភ្ជាប់គ្នាទៅវិញទៅមកតាមរយៈធនាគារកណ្តាលរបស់ប្រទេស BRICS ដោយមិនចាំបាច់ត្រូវការដូររូបិយប័ណ្ណក្នុងស្រុករបស់ពួកគេទៅប្រាក់ដុល្លារអាមេរិកនោះទេ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយថា ប្រព័ន្ធដដែល នឹងប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain) ដើម្បីរក្សាទុក និងផ្ទេរថូកខិនឌីជីថលផ្អែកលើរូបិយប័ណ្ណជាតិនីមួយៗ។ ការណ៍នេះនឹងអនុញ្ញាតឱ្យរូបិយប័ណ្ណទាំងនោះ អាចដោះដូរបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព ដែលមិនចាំបាច់ឆ្លងកាត់តម្រូវការប្រតិបត្តិការប្រាក់ដុល្លារនោះទេ។ គោលបំណងមួយក្នុងនោះ គឺការរក្សាលំហូរពាណិជ្ជកម្មរវាងប្រទេសសមាជិកឱ្យដំណើរការដោយរលូន បើទោះបីជាសមាជិកមួយ ឬច្រើន រងការបដិសេធមិនឱ្យចូលប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិក៏ដោយ។
នាពេលកន្លងមក រុស្ស៊ីតែងតែទទូចលើការកែប្រែដំណើរការហិរញ្ញវត្ថុសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ដែលពឹងផ្អែកលើ ប្រាក់ដុល្លារ ដោយធ្វើឱ្យការពិភាក្សាលើបដិដុល្លារូបនីយកម្មក្នុងប្លុក ក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍នាពេលកន្លងមក ។ រុស្ស៊ី ក៏ដូចជាសម្ព័ន្ធមិត្តចិន តែងតែចាត់ទុក BRICS ដែលផ្ដុំទៅដោយប្រទេសទីផ្សារកំពុងរីកចម្រើន ថាជា ប្រព័ន្ធកម្លាំងទប់ទឹងនឹងអំណាចនយោបាយ និងពាណិជ្ជកម្មរបស់លោកខាងលិច។
អ្នកវិភាគលើកឡើងថា រុស្ស៊ីមើលឃើញប្រព័ន្ធទូទាត់ថ្មីជាមធ្យោបាយមួយ ដើម្បីដោះស្រាយបញ្ហាដែលកើនឡើងក្នុងការទូទាត់ពាណិជ្ជកម្ម សូម្បីតែជាមួយប្រទេសជាមិត្តដូចជាចិន ខណៈធនាគារក្នុងស្រុកចិនព្រួយបារម្ភថា ពួកគេអាចរងការវាយប្រហារដោយទណ្ឌកម្មបន្ទាប់បន្សំរបស់សហរដ្ឋអាមេរិក បើពាក់ព័ន្ធនឹងរុស្ស៊ី។

រហូតមកទល់ពេលនេះ លោកខាងលិច រួមមានសហរដ្ឋអាមេរិក នៅតែបន្តដាក់ទណ្ឌកម្មលើធនាគារ ក្រុមហ៊ុន និងបុគ្គលរុស្ស៊ី ចំពោះការឈ្លានពានអ៊ុយក្រែនទូទាំងប្រទេសចាប់តាំងពីចុងខែកុម្ភៈឆ្នាំ២០២២ ហើយក៏បានចាត់វិធានការលើក្រុមហ៊ុន ឬអ្នកពាក់ព័ន្ធ ដែលមានទំនាក់ទំនងជាមួយអង្គភាព ឬបុគ្គលរុស្ស៊ី ដែលជាប់ទណ្ឌកម្មផងដែរ។ ក្រៅពីនេះ ទណ្ឌកម្មក៏ហាមឃាត់មិនឱ្យរុស្ស៊ី ចូលប្រើប្រាស់ប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT បានផងដែរ។
អ្នកវិភាគលើកឡើងថា ការបង្កើតប្រព័ន្ធទូទាត់ហិរញ្ញវត្ថុក្នុងប្លុក BRICS អាចធ្វើទៅបាន ប៉ុន្តែវាត្រូវការរយៈពេលយូរ។ យ៉ាងណាមិញ វាអាចនឹងកាន់តែលំបាកនៅពេលប្លុកពង្រីកខ្លួនកាន់តែធំ ដោយមានប្រទេសកាន់តែច្រើនចូលរួម។
គួរបញ្ជាក់ថា ក្រៅតែពីប្រព័ន្ធទូទាត់ឆ្លងដែន រុស្ស៊ីក៏គ្រោងនឹងស្នើផងដែរ លើការបង្កើតក្រុមហ៊ុនធានារ៉ាប់រងបន្ត BRICS ដើម្បីកុំឱ្យមានការរំខានលើការដឹកជញ្ជូនទំនិញរវាងសមាជិក និងសមាជិក ក្នុងករណីដែលក្រុមហ៊ុនធានារ៉ាប់រងបន្តរបស់លោកខាងលិច បដិសេធមិនផ្តល់សេវាកម្មដល់ពួកគេ។ ក្រៅពីនេះ ក៏មានសំណើរលើការបង្កើតស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ជំនួសឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផងដែរ ដើម្បីជួយដល់ប្រទេសជាសមាជិកពេលជួបវិបត្តិសេដ្ឋកិច្ច និងបង្កើតវេទិកាពាណិជ្ជកម្មសម្រាប់គ្រាប់ធញ្ញជាតិ និងទំនិញសំខាន់ៗផ្សេងទៀត ដោយមានភ្នាក់ងារកំណត់តម្លៃពាក់ព័ន្ធផ្តល់ទិន្នន័យតម្លៃ និងការវិភាគទីផ្សារដោយខ្លួនឯង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


