ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងបំប៉នសមត្ថភាពឌីជីថលដល់យុវជនកម្ពុជាឱ្យក្លាយជា ពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវខ្ពស់
ក្រសួងអប់រំ យុវជន និងកីឡា នឹងបំប៉នសមត្ថភាពឌីជីថលដល់យុវជនកម្ពុជា ឱ្យក្លាយជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវខ្ពស់ និងជាអ្នកដឹកនាំនាពេលអនាគត។

ថ្លែងក្នុងវគ្គបូកសរុប និងប្រកាសជ័យលាភី កម្មវិធីអក្ខរកម្មឌីជីថល នៅមជ្ឈមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មី នៃកម្ពុជា(NICC) ដែលរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីយុវជន កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោក វង ភិរុណ អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «អក្ខរកម្មឌីជីថល» ជាកម្មវិធីមួយដែលបានផ្ដួចផ្ដើមដោយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ ២០១៩ ក្នុងគោលបំណងផ្តល់ចំណេះដឹង ជំនាញផ្នែកឌីជីថល ពង្រឹងសុវត្ថិភាពក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបញ្ជ្រាប ភាពជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវ ដល់យុវជន នៅរាជធានីភ្នំពេញ និងរាជធានីខេត្តទូទាំងប្រទេសកម្ពុជា។
ជាងនេះទៀត កម្មវិធីអក្ខរកម្មឌីជីថល ក៏បានបំប៉នសមត្ថភាពយុវជនក្នុងការបង្កើតវីដេអូអប់រំខ្លីផងដែរ ដោយរួមមាន ការសរសេរសាច់រឿង ការចាប់ប្លង់ថត និងបច្ចេកទេសថតជាដើម។

លោកបានបន្តថា នៅឆ្នាំ ២០២៤ កម្មវិធីនេះបានពង្រីកវិសាលភាពរបស់ខ្លួនជាមួយការឈានទៅដល់ខេត្តចំនួនបួនបន្ថែមទៀតគឺខេត្តតាកែវ សៀមរាប ពោធិ៍សាត់ និងខេត្តរតនគីរី ជាមួយនឹងការផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន ១ ២៦៨ នាក់ ស្រី ៧៩២ នាក់ បន្ថែមទៀត។ គិតមកទល់បច្ចុប្បន្ននេះ មានយុវជនសរុបចំនួន ៥ ៩៩១ នាក់ ស្រី ៣ ៣៣១ នាក់ ហើយ ដែលបានចូលរួមក្នុងកម្មវិធីអក្ខរកម្មឌីជីថល។
លោកបានបន្តទៀតថា កម្មវិធីអក្ខរកម្មឌីជីថលនេះគឺជាសក្ខីភាពមួយចំពោះការប្ដេជ្ញាចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំយុវជនរបស់សម្រាប់យុគសម័យឌីជីថល តាមរយៈការបំប៉នសមត្ថភាពឌីជីថលចាំបាច់ ដើម្បីឱ្យយុវជនយើងក្លាយជាពលរដ្ឋឌីជីថលប្រកបទៅដោយការទទួលខុសត្រូវ និងជាអ្នកដឹកនាំនាពេលអនាគត។

បន្ថែមពីលើនេះ លោកបានបញ្ជាក់ថា កម្មវិធីអក្ខរកម្មឌីជីថលមិនត្រឹមតែផ្តល់ចំណេះដឹងផ្នែកឌីជីថលដល់យុវជនប៉ុណ្ណោះទេ គឺបានផ្តល់នូវបទពិសោធ និងបំណិនជីវិតថែមទៀត។
ទន្ទឹមនឹងនេះដែរ កញ្ញា ចែម ស្រីអឿន ប្រធានផ្នែកកិច្ចការសាធារណៈ នៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា «តាមរយៈការវិនិយោគលើកម្មវិធីអក្ខរកម្មឌីជីថល យើងកំពុងផ្តល់សិទ្ធិអំណាចដល់យុវជនជាស្ពានឈានទៅកាន់សក្ដានុពលពេញលេញរបស់ពួកគេ ក៏ដូចជាការចូលរួមចំណែកដល់ការរីកចម្រើន នៃប្រទេសរបស់យើងផងដែរ។ យើងពិតជាមានកិត្តិយស និងភាពរីករាយយ៉ាងខ្លាំងសម្រាប់កិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន TikTok ក្នុងទិសដៅផ្តល់នូវកម្មវិធីដ៏មានឥទ្ធិពលវិជ្ជមាននេះ។ គោលដៅរបស់យើង គឺនៅតែបន្តជាមួយគ្នាបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាជនកម្ពុជា»។

កញ្ញា បានបន្តថា មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះបានកំពុង និងបន្តបង្កើតផលវិជ្ជមានដល់អនាគតយុវជន ការអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាការចូលរួមចំណែកក្នុងការរីកចម្រើននៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


