ព័ត៌មានជាតិ
សម្ដេចធិបតី ជួបជាមួយតំណាងគណបក្សចំនួន២៩ ដើម្បីជជែកពីបញ្ហាក្នុងសង្គម
នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយតំណាងប្រតិភូនៃបណ្ដាគណបក្សប្រមាណ ២៩ ក្នុងក្របខណ្ឌនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ក្នុងបញ្ហាប្រឈមក្នុងសង្គម។

នេះជាកិច្ចប្រជុំលើកទីពីរហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី បានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយដែលមិនមានអាសន:ក្នុងសភា តែអាចជួបជាមួយគ្នា ដោយប្រើប្រាស់យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្រាប់បើកឱកាសឱ្យតំណាងបណ្តាគណបក្សនយោបាយ អាចផ្តល់មតិយោបល់ ឬធាតុចូលផ្សេងៗជាមួយរាជរដ្ឋាភិបាល។

កិច្ចប្រជុំនៅព្រឹកនេះ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ និងការវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រតិភូគណបក្សឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងការផ្តល់ទស្សនទានស្ថាបនារយៈពេល១ឆ្នាំកន្លងមក ក្នុងនីតិកាលទី៧នេះ ហើយក្នុងនោះ សម្ដេចធិបតី បានបើកឱកាសឱ្យប្រធានប្រតិភូនៃគណបក្សនីមួយៗលើកឡើងមតិយោបល់អំពីចក្ខុវិស័យនៃការរំពឹងទុកក្នុងការចូលរួមចំណែកសម្រាប់ការអភិវឌ្ឍអភិបាលកិច្ចនៅកម្ពុជាដែរ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជា នាយករដ្ឋមន្ត្រីកម្ពុជា កាលពីឆ្នាំ២០១៨ នៅដើមនីតិកាលទី៦ ដែលជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។ នៅក្នុងនីតិកាលទី៧នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបន្តរក្សាយន្តការនេះ ដែលយ៉ាងហោចណាស់ មានគណបក្សជាសមាជិកចំនួន២៩ ក្នុងនោះមានទាំងគណបក្សប្រជាជនកម្ពុជាផងដែរ បានចូលរួមក្នុងយន្តការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានភារកិច្ចចម្បងចំនួន៣ រួមមាន៖ ១) ផ្តួចផ្តើមគំនិត ឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានារបស់រាជរដ្ឋាភិបាល, ២) ផ្តួចផ្តើមគំនិតតាក់តែង ឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃដំណើរការនីតិវិធីធ្វើច្បាប់ដែលកំពុងស្ថិតក្នុងក្របខណ្ឌអំណាចនីតិប្រតិបត្តិ និង៣) តាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី។
ការបំពេញភារកិច្ច ប្រតិភូគណបក្សជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសិទ្ធិពេញលេញក្នុងការចុះធ្វើការតាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅជួយរកឱ្យឃើញភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងការរំលោភបំពានអំណាចពីសំណាក់បុគ្គលជាមន្ត្រី ឬអាជ្ញាធរគ្រប់ផ្នែក គ្រប់ថ្នាក់៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


