ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ប្រាប់ឱ្យអនុវត្តច្បាប់តឹងរឹងចំពោះក្រុមហ៊ុនទាំងឡាយណាដែលបំពុលបរិស្ថាន
«សូមលើកទឹកចិត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវប្រើប្រាស់វិធានការអប់រំជាគោល ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីជំរុញឱ្យពួកគាត់ទាំងអស់ចូលរួមសហការ ប៉ុន្តែជាមួយគ្នានោះក៏ត្រូវមានវិធានការរដ្ឋបាល និងអាចដល់វិធានការច្បាប់ចំពោះបុគ្គល ឬសហគ្រាស ក្រុមហ៊ុនទាំងឡាយណាដែលមិនសហការ និងបង្កឱ្យមានភាពកខ្វក់ប៉ះពាល់ដល់ភាពស្អាតនៃបរិស្ថានរបស់យើង»។ នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ក្នុងពេលអញ្ជើញជាតំណាងរបស់សម្ដេចធិបតី ហ៊ុុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានណែនាំ ឱ្យប្រើប្រាស់យន្តការរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការត្រួតពិនិត្យតាមដានដោះស្រាយ និងឆ្លើយតបបន្ទាន់លើការងារទប់ស្កាត់ការបំពុលបរិស្ថានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវជំរុញការអនុវត្តច្បាប់តឹងរ៉ឹង និងគ្រប់ជ្រុងជ្រោយលើកិច្ចគាំពារបរិស្ថាននៅតាមប្រភពបំពុល ដើម្បីលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងការអភិរក្សជីវចម្រុះ។

លោក ក៏បានណែនាំក្រសួងបរិស្ថាន បន្តរធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងដំឡើងបន្ថែមស្ថានីយតាមដាន គុណភាពទឹកស្វ័យប្រវត្តិនៅតាមប្រភពទឹកសាធារណៈសំខាន់ៗទូទាំងប្រទេស ព្រមទាំងជំរុញមន្ទីរពិសោធន៍ឱ្យក្លាយជាមជ្ឈមណ្ឌលការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្របរិស្ថានជាតិ ដែលមានសមត្ថភាពធ្វើការវិភាគភស្តុតាងវិទ្យាសាស្ត្រ ដើម្បីឆ្លើយតបនឹងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវចម្រុះ។

ចំពោះការជំរុញលើកកម្ពស់ ភាពបៃតង លោកឧបនាយករដ្ឋមន្ត្រី សូមអំពាវនាវក្រសួងបន្តអនុវត្តវិធានការគន្លឹះទាំង៤ចំណុច ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយបន្តជំរុញអនុវត្តច្បាប់ ជាធរមាន បង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រក្នុងការផ្តល់ផែនទីផ្កាយរណបជាប្រចាំជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពប្រឆាំងអំពើពុករលួយ កងរាជអាវុធហត្ថ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មាន និងអន្តរាគមន៍ទាន់ពេលវេលា អំពីទីតាំងបទល្មើសធនធានធម្មជាតិដែលកើតមានក្នុងតំបន់ការពារធម្មជាតិ។

លើសពីនេះទៀត លោក នេត សាវឿន ក៏បានណែនាំឱ្យក្រសួងបរិស្ថាន ត្រូវបន្តផ្សព្វផ្សាយ អនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ និងកសាងប្រព័ន្ធទិន្នន័យលើការគ្រប់គ្រង ត្រួតពិនិត្យ តាមដាន និងរាយការណ៍អំពីបទល្មើសធនធានធម្មជាតិ និងការអនុវត្តច្បាប់ ក្នុងតំបន់ការពារធម្មជាតិ និងធ្វើទំនើបកម្មការគ្រប់គ្រងតំបន់ការពារធម្មជាតិ ទិន្នន័យជីវចម្រុះ និងទិន្នន័យព័ត៌មានភូមិសាស្ត្រតាមតំបន់ការពារធម្មជាតិ។

គួរឱ្យដឹងដែរ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសថា លោកសុខចិត្តបិទរោងចក្រ សហគ្រាស ដែលបំពុលបរិស្ថាន ដាច់ខាតមិនអនុញ្ញាតឱ្យរោងចក្រដែលផ្ដល់ប្រយោជន៍ឱ្យកម្មករខ្មែរបន្តិចបន្តួចបន្ដបំផ្លាញបរិស្ថាន និងប៉ះពាល់អាយុជីវិតប្រជាជនកម្ពុជាឡើយ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


