ព័ត៌មានជាតិ
ក្រសួង ព្រមានអនុវត្តច្បាប់ចំពោះសមាគមទេវ សក្ខី ភគវន្ត បើនៅបន្តសកម្មភាពផ្សព្វផ្សាយព្រះធម៌
បន្ទាប់ពីលុបឈ្មោះចេញពីបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់ឱ្យសមាគមទេវ សក្ខី ភគវន្ត បញ្ឈប់សកម្មភាពផ្សព្វផ្សាយព្រះធម៌ ទាំងនៅតាមមូលដ្ឋាន និងតាមបណ្តាញសង្គម ដោយបុគ្គល ថង ប៊ុនថេង ថា សក្ខី ភគវន្ត។ បើមិនដូច្នេះ នឹងត្រូវប្រឈមចាត់វិធានការច្បាប់។

នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះសមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជីសមាគមស្របតាមបញ្ញត្តិមាត្រា ៣០ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ការលុបឈ្មោះសមាគមនេះចេញពីបញ្ជី ត្រូវបានក្រសួងមហាផ្ទៃ បញ្ជាក់ថា ដោយកន្លងមក សមាគមទេវ សក្ខី ភគវន្ត បានធ្វើសកម្មភាពផ្សព្វផ្សាយព្រះធម៌ព្រះសម្មាសម្ពុទ្ធនៅតាមបណ្តារាជធានី-ខេត្ត និងផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ដោយមានបុគ្គល ថង ប៊ុនថេង ដែលតាំងខ្លួនជាសាស្តាភគវន្ត ជាអ្នកសម្តែងធម៌ទេសនាដល់សមាជិកសមាគម និងមហាជនទូទៅ បានធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃព្រះពុទ្ធសាសនា ដែលត្រូវបានធានាការពារដោយមាត្រា ៤៣នៃរដ្ឋធម្មនុញ្ញ ព្រមទាំងបានប្រើពាក្យប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះសង្ឃ គម្ពីរព្រះត្រៃបិដក និងពោលមូលបង្កាច់ព្រះពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធ ជាដើម។
បុគ្គលឈ្មោះ ថង ប៊ុនថេង បានរិះគន់ថា បួសជាសង្ឈជាបន្ទុករបស់ពលរដ្ឋ និងថា ព្រះត្រៃបិដកជាបិដកមិនគ្រប់ទឹក។

ក្រោយមានសកម្មភាពផ្សព្វផ្សាយ និងការលើកឡើងបែបនេះ បង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់សម្តេចសង្ឃទាំងពីរគណៈ ព្រះសង្ឃ និងពុទ្ធបរិស័ទទូទាំងប្រទេស និងក្រៅប្រទេស តាមរយៈការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់។ ខណៈកន្លងទៅ ក្រសួងធម្មការ និងសាសនា ក៏បានកោះហៅបុគ្គល ថង ប៊ុនថេង និងតំណាងសមាគមនេះ ឱ្យចូលប្រជុំ និងឱ្យសូមទោសចំពោះពាក្យសម្ដីរបស់ខ្លួនផងដែរ។

ផ្អែកលើមូលដ្ឋានដូចបានបញ្ជាក់ខាងលើ និងតាមស្មារតីនៃកិច្ចប្រជុំអន្តរក្រសួងជាមួយសមាគម កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ តាមរយៈលិខិតមួយច្បាប់ផ្ញើជូនលោក ដុំ ណារិន ប្រធានសមាគមទេវ សក្ខី ភគវន្ត បានបញ្ជាក់ពីសម្រេចលុបឈ្មោះសមាគមនេះតែម្ដង។

ភ្ជាប់ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ដែលមានលោកឧបនាយករដ្ឋមន្ត្រី ស សុខា ជារដ្ឋមន្ត្រី ក៏បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់វិធានការទប់ស្កាត់បញ្ឈប់នូវរាល់សកម្មភាពធ្វើការផ្សព្វផ្សាយព្រះធម៌ព្រះសម្មាសម្ពុទ្ធ ដោយបុគ្គល ថង ប៊ុនថេង ហៅ សក្ខី ភគវន្ត នៅតាមមូលដ្ឋាន និងនៅលើបណ្តាញគេហទំព័ររបស់សមាគមទេវ សក្ខី ភគវន្ត។ ក្នុងករណីសមាគមមិនអនុវត្តតាម ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការតាមច្បាប់ជាធរមាន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


