ព័ត៌មានជាតិ
កម្ពុជាកំពុងតាក់តែងគោលនយោបាយជាតិថ្មីមួយទៀតស្តីពីសកម្មភាពមីន ២០២៦-២០៣៥
អាជ្ញាធរមីន និងតំណាងក្រសួង-ស្ថាប័ន ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងប្រតិបត្តិករសកម្មភាពមីន បាននិងកំពុងរៀបចំតាក់តែងគោលនយោបាយថ្មីមួយទៀតស្តីពីសកម្មភាពមីន ២០២៦-២០៣៥ ដើម្បីដឹកនាំកម្ពុជាឆ្ពោះទៅជាប្រទេសដែលគ្មានផលប៉ះពាល់ដោយសារមីន។
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ក្រោមការគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធខាងលើ។

សិក្ខាសាលាពិគ្រោះយោបល់នេះ ប្រព្រឹត្តិទៅក្នុងគោលបំណងពិភាក្សា និងប្រមូលធាតុចូលសំខាន់ៗ សម្រាប់ការតាក់តែងគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដែលនឹងក្លាយជាត្រីវិស័យដ៏សំខាន់ នាំឆ្ពោះទៅសម្រេចបានចក្ខុវិស័យវែងឆ្ងាយគឺ «កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។
លោក លី ធុជ ជឿជាក់ថា តាមរយៈកិច្ចប្រជុំនេះនឹងមានធ្វើការពិភាក្សាស៊ីជម្រៅ និងមានការចូលរួមយ៉ាងសកម្ម ដើម្បីប្រមូលធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ និងដើម្បីធានាថាគោលនយោបាយថ្មីសកម្មភាពមីន មានភាពគ្រប់ជ្រុងជ្រោយ និងអាចឱ្យសម្រេចបានមហិច្ចតា និងចក្ខុវិស័យវែងឆ្ងាយដូចបានដាក់ចេញ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ថ្វីបើសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ ផ្ទៃដីមានមីនដែលនៅសេសសល់ នៅមានទំហំធំ និងមានភាពស្មុគស្មាញខ្លាំង ដែលទាមទារឱ្យយើង បន្តបង្កើនកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន បង្កើនកិច្ចសហការខ្ពស់ និងកៀរគរធនធានបន្ថែម។ លោកបន្តថា៖«ឆ្នាំ២០២៥នេះ ជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ក៏ប៉ុន្តែ សកម្មភាពមីននៅកម្ពុជា នឹងមិនទាន់បញ្ចប់ត្រឹមនេះនៅឡើយទេ»។
ផ្ទុយមកវិញ កម្ពុជាបានពង្រីកមហិច្ឆតា ដោយទិសដៅបន្ទាប់សម្រាប់ក្រោយឆ្នាំ២០២៥ នឹងប្រែក្លាយពីផែនការយុទ្ធសាស្ត្រជាតិ ទៅជាគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដើម្បីសម្រេចបាននូវចក្ខុវិស័យវែងឆ្ងាយក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺ កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ជាងនេះទៅទៀត គោលនយោបាយជាតិសកម្មភាពមីន នឹងរួមបញ្ចូលគ្នាទាំងគោលនយោបាយ និងយុទ្ធសាស្ត្រ ក្នុងឯកសារតែមួយ។

ជាមួយគ្នានោះ លោក លី ធុជ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដែលជាផែនទីបង្ហាញផ្លូវ និងចក្ខុវិស័យ សម្រាប់សកម្មភាពមីននៅកម្ពុជា ហើយភាពជោគជ័យយ៉ាងត្រចះត្រចង់នេះ ជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
តាងនាមសហគមន៍សកម្មភាពមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយ សម្តេច បានប្តេជ្ញាបន្តរក្សា និងសម្រេចឱ្យបានចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន គឺរក្សាសុខសន្តិភាព ស្ថិរភាព ជំរុញកំណើនសេដ្ឋកិច្ច និងប្រឆាំងដាច់ខាតមិនឱ្យកម្ពុជាបែកបាក់ដូចអតីតកាល និងបានបន្តដាក់សកម្មភាពមីន ជាការងារអាទិភាពមួយ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាជន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


