Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង​ទប់​ស្កាត់​ការ​ទាញ​យក​ Deepseek​ ខណៈការរឹតត្បិត​នៅ​ប្រទេស​ជាច្រើន​​

បានផុស

នៅ

ការចេញផ្សាយរបស់​​ BBC នៅថ្ងៃទី១៨ខែកុម្ភៈនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានហាមប្រាម​ការទាញយក DeepSeek chatbot ដែលជាកម្មវិធីបញ្ញាសិប្បនិម្មិត (AI) របស់ប្រទេសចិន​ដែល​ទើប​​ល្បីល្បាញ​ខ្លាំង​ក្នុង​​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ​ ជុំវិញបញ្ហាឯកជនភាព​។​ នេះបើយោងតាមគណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួនរបស់ប្រទេសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ Getty)

គណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួនរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា កម្មវិធី DeepSeek លែងមាននៅលើ App Store របស់ Apple និង Google Play ​ក្នុង​ប្រទេស​​នៅ​អាស៊ី​បូព៌ា​​មួយនេះ​ចាប់បីល្ងាចថ្ងៃសៅរ៍។ ការលុបចេញ​នេះបានកើតឡើង បន្ទាប់ពីទីភ្នាក់ងាររដ្ឋាភិបាលកូរ៉េខាងត្បូងមួយចំនួនបានហាមឃាត់បុគ្គលិករបស់ពួកគេពីការ​ទាញ​យក chatbot ប្រើលើឧបករណ៍ការងារ។

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បានពណ៌នា​កម្មវិធី AI ​របស់​​ Deepseek ថាជា «ការភ្ញាក់ផ្អើល»ដែលអាចប៉ះពាល់ដល់ឧស្សាហកម្មរបស់ប្រទេសលើសពីAI​ ដែលធ្លាប់​មាន​​។ ទោះបីជាមានការផ្អាកការ​ទាញ​យកថ្មីក៏ដោយ ក៏អ្នកដែលមាន វានៅលើទូរសព្ទរបស់ពួកគេរួចហើយនឹងអាចបន្តប្រើប្រាស់វាបាន ឬពួកគេគ្រាន់តែចូលប្រើវាតាមរយៈគេហទំព័ររបស់ DeepSeek ដូចនេះរដ្ឋាភិបាល​សម្រេចបិតការប្រើប្រាស់កម្មវិធីនេះតែម្ដង។

ទោះយ៉ាងណា ទីភ្នាក់ងាររដ្ឋាភិបាល បាននិយាយថា គំរូ AI នឹងមានម្តងទៀតសម្រាប់អ្នកប្រើប្រាស់កូរ៉េខាងត្បូង នៅពេលដែលការកែលម្អ និងដំណោះស្រាយបានធ្វើឡើងរួចរាល់ ដើម្បីធានាថា វាអនុលោមតាមច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួនរបស់ប្រទេស។

(រូបភាព៖ VN express)

គួរបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីវាបង្កើតឈ្មោះជាសកល DeepSeek បានក្លាយជាការពេញនិយមយ៉ាង​ខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងដោយឈានដល់​​កម្រិត​​កំពូល ក្នុងកម្មវិធី​ App Stores ដែលមានអ្នកប្រើប្រាស់ជាង​មួយលាននាក់ក្នុងមួយសប្តាហ៍។ ប៉ុន្តែការកើនឡើងនៃប្រជាប្រិយភាពរបស់​កម្មវិធី​នេះ ក៏បានទាក់ទាញការត្រួតពិនិត្យ​ពីបណ្តាប្រទេសជុំវិញពិភពលោក ដែលបានដាក់កម្រិតលើកម្មវិធីនេះជុំវិញបញ្ហាឯកជនភាព និងសន្តិសុខជាតិ។

DeepSeek ក៏បានធ្វើឱ្យកក្រើកឧស្សាហកម្មបច្ចេកវិទ្យា ទីផ្សារ និងទំនុកចិត្តរបស់អាមេរិកលើភាពជាអ្នកដឹកនាំ AI របស់ខ្លួនផងដែរ។ ការកើនឡើងយ៉ាងឆាប់រហ័សរបស់វាដោយសារតែ AI chatbots ពេញនិយមមួយរបស់ពិភពលោកបាន​បង្កឱ្យមានការព្រួយបារម្ភក្នុងហេតុផលផ្សេងៗគ្នា។

ក្រៅ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង ​រដ្ឋាភិបាល​កោះ​តៃវ៉ាន់ និង​អូស្ត្រាលី​ក៏​បាន​ហាម​ឃាត់​​​ការ​ទាញ​យក​កម្មវិធី​នេះ​​ពី​គ្រប់​ឧបករណ៍ប្រើប្រាស់​បច្ចេកវិទ្យា​​របស់​​រដ្ឋាភិបាល​ផង​ដែរ។ រដ្ឋាភិបាលអូស្ត្រាលីបានទទូចថា ​ការហាមប្រាមរបស់ខ្លួនមិនមែនដោយសារ​តែកម្មវិធីដើមកំណើតចិននោះទេ ប៉ុន្តែដោយសារតែ​មាន​ហានិភ័យដែលមិនអាចទទួលយកបានបង្កដល់សន្តិសុខជាតិ។

អាជ្ញាធរការពារទិន្នន័យនៅក្នុងប្រទេសបារាំង និងអៀរឡង់ក៏បានចោទជាសំណួរទៅកាន់ DeepSeek អំពីរបៀបដែលវាគ្រប់​គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋ រួមទាំងថាតើវាត្រូវបានរក្សាទុកនៅលើម៉ាស៊ីនមេនៅក្នុងប្រទេសចិន ដូចដែលគោលការណ៍ឯកជនភាពរបស់វាបានបង្ហាញដែរឬទេ។ ទន្ទឹមនឹងនេះដែរ សមាជិកសភានៅសហរដ្ឋអាមេរិកបានស្នើច្បាប់​ហាម​ឃាត់ DeepSeek ពីឧបករណ៍របស់រដ្ឋាភិបាល ដោយលើកឡើងពីកង្វល់នៃការតាមដាន៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម