សេដ្ឋកិច្ច
ស្វាយកែវរមៀតខុសរដូវខេត្តកំពង់ស្ពឺចាប់ផ្តើមមានទីផ្សារឡើងវិញនារដូវនេះ
ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ខេត្តកំពង់ស្ពឺ លោក ជូ សារឹមបានឲ្យដឹងថា តម្លៃស្វាយកែវរមៀតខុសរដូវចាប់តាំងពីចុងឆ្នាំ២០២៤ រហូតមកដល់ពាក់កណ្តាលខែកុម្ភៈ ដើមឆ្នាំ២០២៥ នេះ ចាប់ផ្តើមងើបឡើងវិញបន្តិចម្តងៗ ស្ទើរតែស្មើទៅនិងតម្លៃមុនការមកដល់នៃជំងឺកូវីដ១៩ ដែលតម្លៃស្វាយច្រកថង់លក់បានក្នុងតម្លៃ ១ ៧០០ រៀល ក្នុងមួយគីឡូក្រាម។

លោក ជូ សារឹម បានថ្លែងមកកាន់កម្ពុជាថ្មីថា តាំងពីចុងឆ្នាំ២០២៤ រហូតមកដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ យើងឃើញថាតម្លៃស្វាយនៅក្នុងខេត្តចាប់ផ្តើមងើបឡើងវិញបន្តិចម្តងៗ ដែលល្អស្ទើរតែស្មើទៅនិងតម្លៃមុនការមកដល់នៃជំងឺកូវីដ១៩ ព្រោះតាំងពីជំងឺនេះចូលមកបានធ្វើឱ្យតម្លៃស្វាយនៅក្នុងខេត្តធ្លាក់ថ្លៃជាបន្តបន្ទាប់។
ក្នុងនោះ ស្វាយកែវរមៀតខុសរដូវនាឆ្នាំនេះ លក់បានក្នុងតម្លៃមួយល្អប្រសើរ ដោយប្រភេទស្វាយព័ណ៍ខៀវធម្មតាសម្រាប់លក់នាំចេញទៅក្រៅលក់ចេញបានក្នុងតម្លៃ ១ ១០០ រៀល ក្នុងមួយគីឡូក្រាម។ ទី២ ស្វាយព័ណ៍ខៀវនាំចូលទៅក្នុងរោងចក្រ សម្រាប់កែច្នៃ លក់ចេញបានក្នុងតម្លៃ ៧០០ រៀល ក្នុងមួយគីឡូក្រាម ដោយឡែកស្វាយទី៣ ស្វាយដែលមានរូបរាងតូច មិនត្រូវតាមស្តង់ដារលក់ចេញបានក្នុងតម្លៃ ៤០០ រៀល ក្នុងមួយគីឡូក្រាម។
ដោយឡែក ប្រភេទស្វាយកញ្ចប់ ឬស្វាយស្រោបថង់ តម្លៃកុងត្រានាំចេញដែលទទួលបាន គឺលក់ចេញក្នុងតម្លៃ ១៧០០ រៀល ក្នុងមួយគីឡូក្រាម ដែលទីផ្សារនាំចេញធំគឺប្រទេសកូរ៉េ និងចិន។ នេះបើយោងតាមលោក សារឹម។

បើទោះជាតម្លៃស្វាយងើបឡើងវិញបន្តិចក្តី ប៉ុន្តែលោកមិនរំពឹងថាតម្លៃស្វាយនឹងអាចឡើងលើសនេះបានទេ មានតែធ្លាក់ចុះបន្តិចវិញ ព្រោះចូលដល់ខែមីនា – ខែមេសា នេះ ជារដូវស្វាយប្រមូលស្វាយ ដែលធ្វើឱ្យស្វាយជន់ ខេត្តណាក៏មាន ដូច្នេះតម្លៃច្បាស់ណាស់ថានិងធ្លាក់ចុះដូចកាលមុនៗ។
យ៉ាងណាមិញ ចំពោះតម្លៃនាំចេញឆ្នាំនេះ មានការធ្លាក់ចុះបើប្រៀបធៀបទៅនិងឆ្នាំ២០២៤ ដោយកាលពីឆ្នាំមុនតម្លៃស្វាយកែវរមៀតពណ៌ខៀវធម្មតា (មិនច្រកថង់) លក់បានក្នុងតម្លៃចន្លោះពី ១ ២០០៛ ទៅ ១ ២៥០៛ ក្នុងមួយគីឡូក្រាម និងប្រភេទពូជស្វាយកែវរមៀតច្រកថង់ លក់បានក្នុងតម្លៃចន្លោះពី ២ ៥០០៛ ទៅ ២៨០០៛ ក្នុងមួយគីឡូក្រាម។

ឆ្នាំ២០២៥ នេះ ខេត្តកំពង់ស្ពឺមានដំណាំស្វាយកែវរមៀតសរុបប្រមាណ ៦៥ ៧៥០ ហិតា ដែលក្នុងនោះអាចហុចផលបានជាង ៤ ម៉ឺនហិតា ដោយក្នុងមួយហិតា គិតជាមធ្យមប្រមាណ ២៥០ ដើម ។ ខេត្ត មានរោងចក្រកែច្នៃ ៣ កន្លែងសុទ្ធសឹងតែជាក្រុមហ៊ុនវិនិយោគធំៗវិនិយោគមកពីប្រទេសចិន ដែលភាគច្រើនមានទីតាំងស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


