ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់លើសុខភាពមាតា ទារក កុមារ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ និងចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារ សំដៅដល់ការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារនៅកម្ពុជាឱ្យកាន់តែនៅទាបតាមគោលដៅកំណត់។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងទិវាជាតិ សុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ” នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីកាត់បន្ថយការអត្រាមរណភាពមាតា ទារក និងកុមារ ដោយគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវតែទទួលបានការពិនិត្យ តាមដានរកឱ្យឃើញសញ្ញាគ្រោះថ្នាក់ ដើម្បីអាចទទួលបានការថែទាំទាំងស្ត្រីជាមាតា និងទារកក្នុងផ្ទៃ អាចទប់ស្កាត់ផលវិបាក ក្នុងពេលមានផ្ទៃពោះបានទាន់ពេលវេលា និងទទួលបានការព្យាបាលសមស្រប ដោយត្រូវអនុវត្តគោលដៅ ទី១. គ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ យ៉ាងតិច៩០% ទទួលបានការពិនិត្យថែទាំ តាមដាន យ៉ាង តិច៤ដង។ ទី២. គ្រប់ការសម្រាលទាំងអស់ យ៉ាងតិច៩០% ត្រូវធ្វើឡើងដោយបុគ្គលិកសុខាភិបាលមាន ជំនាញ និងនៅមូលដ្ឋានសុខាភិបាល។ ទី៣. គ្រប់មាតា និងទារកទើបកើតទាំងអស់ យ៉ាងតិច៨០% ទទួលបានការថែទាំជាសារវ័ន្ត ភ្លាមៗ ក្នុងពេលសម្រាល និងក្រោយសម្រាល និងទី៤. គ្រប់ស្រ្តីមានផ្ទៃពោះ ប្រឈមនឹងផលវិបាកផ្នែកសម្ភពទាំងអស់ យ៉ាងតិច៨០% ទទួលបានសេវាសង្គ្រោះបន្ទាន់ ផ្នែកសម្ភព និងការថែទាំទារកទើបកើត។

លោកបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ត្រុវបន្តយកចិត្តទុកដាក់ខ្ពស់ គ្រប់ការសម្រាលកូនទាំងអស់ត្រូវ តែធ្វើនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យសាធារណៈ ឬ ឯកជន និងត្រូវធ្វើឡើងដោយពេទ្យជំនាញឆ្មប និងវេជ្ជបណ្ឌិត ដើម្បីធានាបាននូវការសម្រាលកូនមានសុវត្ថិភាព។ ទារកទើបនឹងកើត ត្រូវទទួលបានភ្លាមៗ នូវការថែទាំ និងការសង្គ្រោះបន្ទាន់ (ក្នុងករណីចាំបាច់) ការតាមដានសុខភាព និងការបំបៅដោះម្តាយ ដូចនេះហើយសេវាថែទាំ និងសង្គ្រោះទារកទើបកើត ចាំបាច់ត្រូវតែមាននៅគ្រប់កន្លែងសម្ភព សម្រាលកូន។ ក្នុងករណី ដែលមានផលវិបាកណាមួយកើតឡើង សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត ត្រូវតែអនុវត្តជាបន្ទាន់ នៅនឹងកន្លែង ឬត្រូវធ្វើការបញ្ជូនទាន់ ពេលវេលា ទៅមន្ទីរពេទ្យ ដែលមានការផ្តល់សេវាកម្រិតខ្ពស់ជាង ប្រកបដោយការទទួលខុសត្រូវលើការបញ្ជូនជំងឺ និងប្រឹងប្រែងអស់សមត្ថភាព។
ជាមួយគ្នានេះ លោកគូសបញ្ជាក់ភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជនមានគុណភាព ត្រូវចូលរួមសហការទាំងអស់គ្នា និងការជួយគាំទ្រគ្នាទៅវិញទៅមក ទាំងជំនាញបច្ចេកទេស ទាំងធនធាន ទាំងស្មារតី នឹងនាំទៅដល់ភាពជាដៃគូដ៏ជិតស្និទ និងមានប្រសិទ្ធភាពរវាងសេវាសាធារណៈ និងឯកជន រួមទាំងផ្នែកពាក់ព័ន្ធ។ ការជួយគ្នានេះនឹងធានាឱ្យប្រជាពលរដ្ឋ ពិសេសមាតា ទារក កុមារ យុវវ័យ និងអ្នកជំងឺទាំងអស់ ទទួលបាននូវសេវាមានគុណភាពដូចគ្នា គ្រប់ទីកន្លែង។

បន្ថែមពីនេះ លោកក៏បានលើកទឹកចិត្ត ឱ្យមានកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាពពាក់ព័ន្ធដែលមានសមត្ថភាព ដៃគូអន្តរជាតិ និងសមាគមវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលឆ្មប គ្រូពេទ្យ វេជ្ជបណ្ឌិត លើជំនាញ សង្គ្រោះបន្ទាន់ផ្នែកសម្ភព ជំនាញសង្គ្រោះទារកទើបកើត ជំនាញសុខភាពកុមារ និងសុខភាពយុវវ័យ ដើម្បីពង្រឹង បង្កើនសមត្ថភាពជំនាញបច្ចេកទេសថែទាំ ព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ឱ្យទទួលបានលទ្ធផលធំច្រើនជាងមុន ជាមួយនឹងការចំណាយទាប៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


