ព័ត៌មានជាតិ
អភិបាលរាជធានី៖ មានប្រជាពលរដ្ឋ ៤ទៅ៥ម៉ឺននាក់មកដើរកម្សាន្តលើផ្លូវថ្មើរជើង (Walk Street)ក្នុងមួយថ្ងៃ
ខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ដើរកម្សាន្តលើផ្លូវថ្មើរជើង (Walk Street) កាលពីថ្ងៃអាទិត្យ លោកបានបង្ហាញពីភាពសប្បាយរីករាយ ដោយសារតែគម្រោងបើកឱ្យដំណើរការផ្លូវថ្មើរជើងនេះទទួលបានជោគជ័យជាមួយការចូលរួមរបស់ប្រជាពលរដ្ឋ មកពីក្រៅតំបន់ប្រហែលជា ៤ទៅ៥ម៉ឺននាក់ក្នុងមួយថ្ងៃបានមកដើរលេងកម្សាន្តសប្បាយ។

ក្នុងដំណើរកម្សាន្តនោះ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានណែនាំឱ្យរាជធានី ខេត្តទាំងអស់ បង្កើតនូវសមទ្ធិផលផ្សេងៗ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាឱ្យជីវភាពប្រជាពលរដ្ឋ ដែលធ្វើអាជីវកម្ម លក់ដូរក្នុងមូលដ្ឋានរបស់ខ្លួននេះ មានជីវភាពល្អប្រសើរ។ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេច ក៏បានរៀបចំបង្កើតនូវផ្លូវថ្មើរជើង (Walk Street) នេះឡើង ដើម្បីទាក់ទាញទេសចរ។

លោក ឃួង ស្រេង បានរំលឹកថា កាលពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៅចុងអាណត្តិទី៦ លោកក៏បានណែនាំថា រាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍ធ្វើផ្សាររាត្រី ក៏ដូចជាផ្លូវថ្មើរជើង ធ្វើយ៉ាងណាដើម្បីទាក់ទាញទេសចរណ៍ ដែលវាជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភាពស៊ីវីល័យឱ្យពួកគាត់ប្តូរឥរិយាបទ ពីធ្វើដំណើរដោយរថយន្ត ដោយយានយន្ត ត្រីចក្រយាន។ល។មកធ្វើដំណើរដោយថ្មើរជើង។ ការធ្វើដំណើរថ្មើរជើង វាជាប្រយោជន៍ច្រើនក្នុងការទាក់ទាញទេសចរជាតិ និងអន្តរជាតិ និងសុខមាភាពផ្ទាល់ខ្លួនរបស់ពួកគាត់។ សុខមាភាពប្រជាពលរដ្ឋ គឺជាសុខមាភាពរបស់ថ្នាក់ដឹកនាំ ហេតុដូច្នេះហើយ ទើបសម្តេចមហាបវរធិបតី ជំរុញឱ្យរាជធានី-ខេត្តទាំងអស់ ឱ្យរៀបចំព្រឹត្តិការណ៍ផ្លូវថ្មើរជើងនេះ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ហើយវាក៏ជាជំនួយដល់សុខមាភាពសាធារណៈរបស់ប្រជាពលរដ្ឋផងដែរ។

លោក ឃួង ស្រេង បន្តថា ក្នុងរាជធានីភ្នំពេញ តម្រូវការមួយដែលយើងចង់បាន នោះគឺការប្តូរឥរិយាបទប្រជាពលរដ្ឋ ពីការធ្វើដំណើរដោយរថយន្តឯកជន វិលត្រឡប់មកធ្វើដំណើរដោយមធ្យោបាយរួម ឬក៏ធ្វើដំណើរតាមរយៈថ្មើរជើង។តាមរយៈការធ្វើដំណើរថ្មើរជើង ពួកគាត់នឹងទទួលបានសុខភាព មិនប៉ះពាល់ដល់លំហូរចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ដែលកំពុងតែកកស្ទះចរាចណ៍ដែរ។ ការរៀបចំបង្កើតនូវផ្លូវថ្មើរជើង (Walk Street) នេះ យើងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ពោលគឺនៅថ្ងៃដែលបើកដំបូង ថ្ងៃទី១ ខែកុម្ភៈ គឹប្រជាពលរដ្ឋរស់នៅក្នុងតំបន់ បានយកយានយន្តរបស់គាត់ចេញទៅខាងក្រៅ ផ្ញើនៅខាងក្រៅ ដោយទុកឱកាសឱ្យប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ចូលរួមដំណើរកម្សាន្ត។

លោក ឃួង ស្រេង បានបន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្រៅតំបន់ គឺប្រហែលជាចំនួន ៤ទៅ៥ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយបានបង្ហាញពីភាពសប្បាយរីករាយ នៅក្នុងការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ អបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេច។ សម្តេចបានណែនាំឱ្យអាជ្ញាធរធ្វើយ៉ាងណា ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរឱ្យបានល្អ។ គិតដល់ថ្ងៃនេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេល១ខែគត់ តែចំពោះសន្តិសុខសុវត្ថិភាព គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត។

លោក ឃួង ស្រេងបានបញ្ជាក់ផងដែរថា នៅថ្ងៃដំបូង ថ្វីបើមានការចូលរួមពីសំណាក់អាជីវករ និងប្រជាពលរដ្ឋច្រើន ប៉ុន្តែក៏មានអាជីវករលក់ដូរខ្លះព្រួយបារម្ភ ដោយពួកគាត់គិតថា ការបិទផ្លូវទៅប្រហែលជាដាច់ភ្ញៀវរបស់គាត់។ ការបិទថ្ងៃដំបូង ភ្ញៀវរបស់គាត់ អត់ចូលហាងមែន តែដល់សប្តាហ៍ទី២ ភ្ញៀវទេសចរបានចូលទៅហាងគាត់ពេញៗ គាត់លែងព្រួយបារម្ភ គាត់សប្បាយរីករាយណាស់ ដោយពួកគាត់លក់ដាច់ ហើយប្រើប្រាស់រយៈពេលខ្លី។ កិច្ចការងារនេះយើងបានទាំងសុខមាភាពប្រជាពលរដ្ឋ បានទាំងតម្រូវចិត្តដល់ប្រជាពលរដ្ឋ ទូទៅក្នុងរាជធានីភ្នំពេញ និងខេត្ត ២៤ ក៏ដូចជាភ្ញៀវទេសចរ ព្រមទាំងអាជីវកក្នុងតំបន់នេះ។

លោកឃួង ស្រេង បន្ថែមថា រដ្ឋបាលរាជធានីបាននិងកំពុងរៀបចំជាបណ្តើរៗថែមទៀត ទី១ យើងរៀបចំ សិល្បៈវប្បធម៌ដែលជាប្រពៃណីជាតិយើង ដើម្បីបង្ហាញអំពីស្នាដៃ និងវប្បធម៌ដ៏ល្អផូផង់ របស់ដូនតាយើង ដែលបន្សល់ទុកឱ្យយើងពីដូនតាមក បង្ហាញដល់យុវជនជំនាន់ក្រោយ អំពីវប្បធម៌របស់យើង ដូចជាល្ខោនបាសាក់ ចាប៉ីដងវែង ចម្រៀងអាយៃ ដែលយើងនឹងខិតខំប្រឹងប្រែងទាក់ទាញដល់អ្នកសិល្បករ ឱ្យមកសម្តែង បង្ហាញនូវសមត្ថភាពរបស់គាត់ ជូនដល់ទស្សនិកជន។ មានទាំងសៀករហ័សកម្ម របស់ជនបរទេសដែលមិនមានការគ្រោងទុក បានមកលេងជាមួយប្រជាពលរដ្ឋឈរមើលច្រើនកុះករ។ បន្ថែមពីនេះយើងនឹងរៀបចំឱ្យមានការលក់ដូរ ម្ហូបចំណី បង្អែមប្រពៃណីជាតិ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ។

លោក ឃួង ស្រេង បានថ្លែងអំណរគុណ យ៉ាងជ្រាជ្រៅ ចំពោះសម្តេចមហាបវរធិបតី ដែលបានចង្អុលបង្ហាញដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យរៀបចំផ្លូវថ្មើរជើង ក្រោយរៀបចំបានចប់សព្វគ្រប់យើងនឹងរៀបចំសម្ពោធ និងប្រសិទ្ធនាមផ្លូវថ្មើរជើងរបស់យើង ជូនដល់ប្រជាពលដ្ឋយើងឱ្យបានហៅដូចគ្នា។ អាជ្ញាធររាជធានីភ្នំពេញ នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះបន្តទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យបានច្រើនលើសលប់ ដោយធានាឱ្យបានសុវត្ថិភាពជូនទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាមុខរបរអាជីវកម្មរបស់បងប្អូននៅក្នុងតំបន់ឱ្យទទួលបានជោគជ័យ មានជីវភាពកើនឡើងជាលំដាប់៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


