ព័ត៌មានជាតិ
ប្រធានរដ្ឋសភាជំរុញក្មេងស្រីចាប់យកការសិក្សាថ្នាក់វិទ្យាសាស្ត្រ
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានជំរុញដល់ក្មេងស្រីចាប់យកការសិក្សាវិទ្យាសាស្ត្រពិតដែលត្រូវនឹងជំនាញបច្ចេកទេសច្រើនក្នុងពេលដែលកម្ពុជាឈានដល់ប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ថ្លែងក្នុងបានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រីជាង៣០០នាក់ ដឹកនាំដោយរដ្ឋមន្ត្រីកិច្ចការនារី អ៊ឹង កន្ថាផាវី នៅវិមានរដ្ឋសភាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ អបអរសាទរទិវាអន្តរជាតិនារីលើកទី១១៤ សម្ដេចសភាធិការធិបតី ឃួន សុដារី បានលើកឡើងថាជាមួយនឹងក្ដីបារម្ភពីការងាររបស់ក្មេងស្រីនៅពេលអនាគត ក្រោយឃើញមានការចាប់យកការសិក្សាថ្នាក់វិទ្យាសាស្ត្រសង្គមពីសំណាក់ក្មេងស្រីមានកម្រិតខ្ពស់។ សម្ដេចបានស្នើដល់អ្នកពាក់ព័ន្ធចូលរួមគិតគួរក្នុងការជំរុញក្មេងស្រីឱ្យបានចូលរៀនច្រើនលើមុខវិជ្ជា STEM។

សម្ដេចថា៖ «ខ្ញុំមិនដឹងថាការសិក្សារបស់ខ្ញុំខុសឬត្រូវយ៉ាងណាមិនដឹងទេ! តែគួរតែអ្នកដែលដាក់កម្មវិធីទៅគឺថាលើកទឹកចិត្តឱ្យក្មេងស្រីហ្នឹងជួយគិតគូរពិចារណារឿងហ្នឹងឱ្យបានច្រើនផង ឱ្យក្មេងស្រីបានរៀនលើបញ្ហាហ្នឹង។ បច្ចុប្បន្ន IT និង AI គេចាប់ផ្ដើមហើយបើជំនាន់នេះយើងអត់ឆ្លើយតបបានគឺទៅហើយ! ព្រោះបច្ចេកវិទ្យាវាជាគំនាស់មួយដើម្បីជំរុញកំណើនសេដ្ឋកិច្ចក៏ដូចជាការរស់នៅតាមបែបថ្មីទាន់សម័យឥឡូវនេះ»។
និន្នាការនៃការសិក្សារបស់សិស្សទៅរកថ្នាក់សង្គមបច្ចុប្បន្នហាក់មានចំនួនច្រើនឡើង បើធៀបនឹងថ្នាក់វិទ្យាសាស្ត្រ។ ទិន្នន័យនៃការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ឱ្យដឹងថាក្នុងចំណោមសិស្សជិត១៤ម៉ឺននាក់ មានជាង៧០ភាគរយហើយដែលជ្រើសរើសថ្នាក់សង្គម។

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត ប៉ា ច័ន្ទរឿន ថាការអភវិឌ្ឍន៍ប្រទេសមួយចាំបាច់ត្រូវការតុល្យភាពនៃធនធានមនុស្សដែលមានទាំងវិទ្យាសាស្ត្រពិត និងសង្គម ហើយការដែលយុវជនខ្មែរមិនសូវចាប់អារម្មណ៍លើការសិក្សាថ្នាក់វិទ្យាសាស្ត្រច្រើនលើសលប់នេះគឺជាឧបសគ្គមួយក្នុងការអភិវឌ្ឍន៍។ លោកបន្ថែមថាដើម្បីកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់បានត្រូវធ្វើយ៉ាងណាឱ្យក្លាយជាប្រទេសអ្នកផលិត បង្កើត និងច្នៃប្រឌិត ដែលវាទាមទារធនធានមនុស្សពីថ្នាក់វិទ្យាសាស្ត្រនេះហើយ។

លោកថា៖ «ទាល់តែភាគច្រើនរៀនមុខវិជ្ជាវិទ្យាសាស្ត្រ ជាពិសេសគឺការបណ្ដុះបណ្ដាលពលរដ្ឋឬក៏ធនធានមនុស្សយើងឱ្យក្លាយទៅជាកម្មករជំនាញ ឬក៏អ្នកបច្ចេកទេសនោះគឺជាមូលដ្ឋានគ្រឹះចាំបាច់ដើម្បីអាចអភិវឌ្ឍន៍សេដ្ឋកិច្ចយើងពីសេដ្ឋកិច្ចដែលប្រើប្រាស់មនុស្សអត់មានជំនាញទៅជាកម្មករជំនាញនិងក្លាយទៅជាអ្នកឯកទេសក្នុងវិស័យសេដ្ឋកិច្ចឧស្សាហកម្មធុនស្រាល ឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មកម្រិតខ្ពស់បាន»។
លោកផ្ដល់ជាអនុសាសន៍ថាដើម្បីជំរុញសិស្សឱ្យចាប់អារម្មណ៍ការសិក្សាថ្នាក់វិទ្យាសាស្ត្រច្រើនគួរមានការជំរុញពីគ្រួសារ គ្រូបង្រៀន បង្កើនថ្នាក់ពិសោធន៍ដែលមានឧបករណ៍គាំទ្រគ្រប់គ្រាន់ ទាក់ទាញបង្កើតការងារឧស្សាហកម្មជំនាញច្រើននៅកម្ពុជា ព្រមទាំងមានការជំរុញពីអ្នកឥទ្ធិពលលើបណ្ដាញសង្គមផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


