Connect with us

ព័ត៌មានអន្ដរជាតិ

តើមន្ទីរឃុំឃាំងលោក​ Duterte នៅ ICC ពិសេសកម្រិតណា?

បានផុស

នៅ

អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ត្រូវបានប៉ូលិសចាប់ខ្លួននៅព្រឹកថ្ងៃទី១១ ខែមីនា ក្នុងទីក្រុងម៉ានីល តាមសំណើរបស់អង្គការប៉ូលិស Interpol។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (រូបថត៖ Reuters)

លុះមកដល់ថ្ងៃព្រហស្បតិ៍ទី១៣ខែមីនា លោកត្រូវបានបញ្ជូនចូលពន្ធនាគារ Scheveningen ក្នុងទីក្រុងឡាអេ នៃប្រទេសហូឡង់ហើយ ហើយនៅពេលទៅដល់មន្ទីរឃុំឃាំងរបស់ ICC នោះ លោក Duterte ត្រូវឆ្លងកាត់ការពិនិត្យសុខភាព ហើយបន្ទាប់មកត្រូវបានគេនាំទៅបន្ទប់ឯកជន។

មន្ទីរឃុំឃាំង Scheveningen នៅជិតឆ្នេរសមុទ្រគឺជាកន្លែងដែលអតីតមេដឹកនាំមួយចំនួន ត្រូវបានឃុំខ្លួន រង់ចាំការកាត់ទោសដោយ ICC។ ដូច្នេះតើមន្ទីរឃុំឃាំងនេះមានអ្វីពិសេសខ្លះ?

(រូបថត៖ ICC)

មន្ទីរឃុំឃាំងនេះមានបន្ទប់សរុប១២ ដែលបន្ទប់នីមួយៗមានបង្គន់ និងកន្លែងងូតទឹកផ្ទាល់ខ្លួន។ ICC អនុញ្ញាតឲ្យ​អ្នក​ជាប់​ឃុំ អាច​ចេញ​ទៅ​ក្រៅ​បានដើម្បី​ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ សម្រាកកាយ លេង​កីឡា អាន​សៀវភៅ​ក្នុង​បណ្ណាល័យ និងមើល​ព័ត៌មានតាម​ទូរទស្សន៍។

(រូបថត៖ ICC)

បន្ទប់នីមួយៗមានទំហំ១០ម៉ែត្រការ៉េ មានគ្រែតូចមួយ តុ ទូខោអាវ និងបង្អួចដែលមើលឃើញទីធ្លា។ បន្ទប់មួយៗមានទូរទស្សន៍ អាចមើលព័ត៌មានអន្តរជាតិតាមរយៈផ្កាយរណប ហើយអ្នកទោសមានសិទ្ធិចូលប្រើកុំព្យូទ័រដែលភ្ជាប់ទៅកុំព្យូទ័រនៅក្នុងតុលាការ។ មេធាវីអាច Upload ឯកសារពាក់ព័ន្ធនឹងករណីចូលទៅក្នុងកុំព្យូទ័រនេះ ហើយអ្នកទោសអាចចូលមើលវាពីខាងក្នុងពន្ធនាគារ ក៏ដូចជាពិភាក្សាជាមួយមេធាវីការពារក្តី។

(រូបថត៖ ICC)

លើសពីនេះ បើនិយាយពីបន្ទប់រួមវិញ គឺមានល្បែងកីឡាបាល់ទាត់លើតុ ទូទឹកកក ផ្ទះបាយ តុបរិភោគអាហារ ហើយអ្នកជាប់ឃុំក៏អនុញ្ញាតឲ្យរកប្រាក់បានផងដែរ។ បើពួកគេជួយសម្អាតផ្ទះបាយរួម ពួកគេអាចបានប្រាក់រួចផ្ញើប្រាក់ត្រឡប់ទៅឲ្យគ្រួសារ ឬទិញអាហារពីហាងទំនិញរបស់មន្ទីរឃុំឃាំង យកទៅធ្វើម្ហូបដោយខ្លួនឯង។

(រូបថត៖ ICC)

មន្ទីរឃុំឃាំងនេះ មានបន្ទប់ឯកជនសម្រាប់ជនជាប់ឃុំជួបជាមួយប្តីឬប្រពន្ធ អំឡុងពេលសួរសុខទុក្ខ។ គេមិនកំណត់ចំនួនអ្នកទៅសួរសុខទុក្ខគ្រួសារឡើយ ប៉ុន្តែរាល់ការមកសួរសុខទុក្ខម្តងៗ ត្រូវកំណត់ពេលឲ្យសមស្របនឹងតម្រូវការរបស់អ្នកជាប់ឃុំផ្សេងទៀតដែរ។

(រូបថត៖ ICC)

មិនត្រឹមប៉ុណ្ណឹង មណ្ឌលនេះមានបន្ទប់ពេទ្យដែលផ្តល់សេវាពិនិត្យនិងព្យាបាលជាមូលដ្ឋាន ប៉ុន្តែមិនមានសេវាព្យាបាលឯកទេសទេ។ វាថែមទាំងមាន ឧបករណ៍ហាត់ប្រាណផងដែរ ហើយមានទាំងសាលលេងកីឡាតេន្នីសនិងបាល់បោះទៀតផង ហើយជួនកាលអ្នកទោសក៏អាចលេងជាមួយបុគ្គលិកពន្ធនាគារបានដែរ៕

(រូបថត៖ ICC)
(រូបថត៖ ICC)
(រូបថត៖ ICC)

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម