ព័ត៌មានជាតិ
ប្រើពេលជាសង្ឃជាង២៧ព្រះវស្សា ព្រះអង្គ ជួន កក្កដា លាចាកសិក្ខាបទ ដោយហេតុ «អស់បុណ្យជាសង្ឃ»
នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ព្រះមុនិបាលោ ជួន កក្កដា នាយកនៃពុទ្ធិកសាលាបឋមសិក្សា វត្តប្រាសាទនាងខ្មៅ បានសម្រេចលាចាកសិក្ខាបទ ក្រោយប្រើពេលវេលាជាបុព្វជិតជាង២៧ព្រះវស្សា។ ការលាចាកសិក្ខាបទរបស់ធម្មកឋិកដ៏មានប្រជាប្រិយភាពអង្គនេះ ជាដំណឹងដ៏ភ្ញាក់ផ្អើលខ្លាំងពីសំណាក់មហាជន ក៏ដូចជាពុទ្ធបរិស័ទដែលតែងនិយមស្ដាប់ព្រះធម្មទេសនារបស់ព្រះអង្គ ដោយមានចម្ងល់ថា តើមានមូលហេតុអ្វីទើបព្រះភិក្ខុមុនិបាលោ ជួន កក្កដា លាចាកសិក្ខាបទ?

ស្រាយនឹងចម្ងល់នេះ ព្រះអង្គ ជួន កក្កដា ក៏បានមានសង្ឃដីកាមុនពិធីលាចាកសិក្ខាបទ ថា មិនមែនជាការតក់ក្រហល់ ឬប្រញាប់ពេកនោះទេ ក៏ប៉ុន្តែ ជាការសម្រេចចិត្តមួយសម្រាប់ខ្លួនឯងផ្ទាល់ ពោលគឺ «អស់បុណ្យជាព្រះសង្ឃ» ក្រោយប្រើពេលជាសង្ឃប្រមាណជាង២៧ព្រះវស្សាមកហើយនោះ។
តើអតីតព្រះសង្ឃ ជួន កក្កដា មានជីវប្រវត្តិបែបណា? នៅថ្ងៃនេះ កម្ពុជាថ្មី សូមលើកយកជីវប្រវត្តិសង្ខេបជម្រាបជូនដូចខាងក្រោម៖

ស្ថានភាពគ្រួសារ
ជាកូនអ្នកត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ លោក ជួន កក្កដា គឺជាកូនកំព្រាឪពុក រស់នៅជាមួយម្ដាយ ហើយដោយសារតែជីវភាពគ្រួសារខ្វះខាត ម្យ៉ាងដោយមាននិស្ស័យ និងការលើកទឹកចិត្តពីជីដូន ជួន កក្កដា បានសម្រេចបួសជាសាមណេរ វ័យ១៣ឆ្នាំ ក្នុងឆ្នាំ១៩៩៨ នៅវត្តវេឡុវ័ន្ត នាភូមិកំណើត។ ឆ្នាំ២០០៥ សាមណេរ ជួន កក្កដា បានបំពេញឧបសម្បទាជាភិក្ខុ ក្នុងពុទ្ធសីមា វត្តស្រែននោង ក្នុងនាមបញ្ញត្តិជា ភិក្ខុមុនិបាលោ។

ប្រវត្តិសិក្សា
វ័យ៦ឆ្នាំ កុមារ ជួន កក្កដា បានចូលសិក្សានៅសាលាបឋមសិក្សា វត្តវេឡុវ័ន្ត ហើយរហូតដល់ឆ្នាំ១៩៩៨ ដែលបានសាងផ្នួសជាសាមណេរ បានសិក្សាបរិយត្តិធម្មវិន័យទាំង៣ថ្នាក់ (ត្រី ទោ ឯក) ហើយចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០០៣ សិក្សានៅពុទ្ធិកបឋមសិក្សា វត្តប្រាសាទនាងខ្មៅ។

បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតបឋម ភិក្ខុ ជួន កក្កដា បានបន្តចូលសិក្សានៅពុទ្ធិកវិទ្យាល័យ រ័ត្ន សារឿន នៅក្នុងវត្តមុនីសាគរ ហៅថា សំរោងអណ្ដែត រាជធានីភ្នំពេញ ចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩។ បើទោះស្ថិតក្នុងភេទជាបុព្វជិត ក៏ ភិក្ខុ ជួន កក្កដា បានបន្តសិក្សាដល់កម្រិតឧត្តមសិក្សា ពោលគឺបានបញ្ចប់ទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាកអនុបណ្ឌិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យ បៀលប្រាយ។
បច្ចុប្បន្ន អតីតភិក្ខុរូបនេះ ជាបេក្ខជនបណ្ឌិត សិក្សានៅសាកលវិទ្យា អាស៊ីអឺរ៉ុប ហើយក៏ជាកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ជំនាញរដ្ឋបាលទូទៅ សាលាភូមិន្ទរដ្ឋបាល។
ជាការចាប់អារម្មណ៍ ពេលថ្មីៗនេះ មុនការលាចាសិក្ខាបទ គឺអតីតភិក្ខុ ជួន កក្កដា ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍សង្គមជាតិ ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា របស់លោកបណ្ឌិត កុល ផេង។

តួនាទី និងឋានៈ
រាប់មកដល់ថ្ងៃលាចាកសិក្ខាបទ អតីតព្រះភិក្ខុមុនិបាលោ ជួន កក្កដា មានឋានៈជាព្រះវិន័យធរនៃសាលាគណខេត្តតាកែវ ជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ និងជានាយកនៃពុទ្ធិកសាលាបឋមសិក្សាវត្តប្រាសាទនាងខ្មៅ។ មុនទទួលបានឋានៈនេះ អតីតភិក្ខុ ជួន កក្កដា ក៏ធ្លាប់បានបំពេញតួនាទីជាច្រើនទៀត ជាអាទិ៍ ប្រធាននាទីអប់រំជីវិតតាមគន្លងព្រះពុទ្ធសាសនា និងជាឧទ្ទេសាចារ្យបង្រៀនអាចារ្យទូទាំងប្រទេស ព្រមទាំងតួនាទី ឋានៈ ប្រកាសនីយបត្រ និងគ្រឿងឥស្សរិយយសផ្សេងៗទៀត៕
ដោយ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


