ព័ត៌មានអន្ដរជាតិ
ការនាំចេញកសិផលវៀតណាម ប្រឈមការត្រួតពិនិត្យគុណភាពតឹងរុឹង
វៀតណាមមានសក្ដានុពលខ្លាំងសម្រាប់ការវិនិយោគលើផលិតកម្ម ការកែច្នៃ និងការនាំចេញកសិកម្ម ប៉ុន្តែអ្នកជំនាញកំពុងព្រួយបារម្ភចំពោះការណ៍ដែលថា ការនាំចេញកសិផលវៀតណាមប្រឈមនឹងការត្រួតពិនិត្យគុណភាពតឹងរុឹង រួមជាមួយឧបសគ្គរារាំងជាច្រើនទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

យោងតាមសមាគមផ្លែឈើ និងបន្លែវៀតណាម (VINAFRUIT) ការនាំចេញផ្លែឈើ និងបន្លែក្នុងខែមីនា ឆ្នាំ ២០២៥ រំពឹងថានឹងមានចំនួន ៤២១ លានដុល្លារអាមេរិក ធ្លាក់ចុះ ១០,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វាគឺជាការធ្លាក់ចុះប្រាក់ចំណូលនៃការនាំចេញប្រចាំខែ ខែទី៣ជាប់ៗគ្នា ដែលផ្ទុយពីឆ្នាំ ២០២៤ ពេលវៀតណាមបានកត់ត្រាពីកំណើនជារៀងរាល់ខែ។
គិតត្រឹមចុងខែមីនានេះ ពោលគឺត្រីមាសទី១ ឆ្នាំ ២០២៥ ការនាំចេញផ្លែឈើ និងបន្លែវៀតណាម មានចំនួនសរុប ១,១ ប៊ីលានដុល្លារ ដោយធ្លាក់ចុះ ១៣,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញទុរេនក្លាសេ បង្ហាញពីការលំបាកដែលវិស័យវៀតណាមមួយនេះប្រឈមមុខ។ វៀតណាមទទួលបានការអនុញ្ញាតនាំចូលទុរេនក្លាសេទៅកាន់ទីផ្សារចិន ក្នុងខែសីហា ឆ្នាំមុន។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានការនាំចេញណាមួយនៅឡើយទេ ហើយធ្វើឱ្យពិបាកសម្រេចបានគោលដៅបង្កើនប្រាក់ចំណូលពីការនាំចេញ។
VINAFRUIT បានព្រមានថា ប្រសិនបើនិន្នាការធ្លាក់ចុះនៅតែបន្ត វៀតណាមនឹងមិនអាចសម្រេចបាននូវគោលដៅនាំចេញឆ្នាំ ២០២៥ របស់ខ្លួននោះទេ។

កាលពីដើមឆ្នាំនេះ អាជ្ញាធរចិនបានរឹតត្បឹតតឹងរុឹងលើការនាំចូល ដោយតម្រូវឱ្យមានការត្រួតពិនិត្យសារធាតុគីមីបង្កជំងឺមហារីកលើទុរេននាំចូលពីប្រទេសថៃ និងវៀតណាម។ ការណ៍នេះធ្វើឱ្យការនាំចេញទុរេនរបស់វៀតណាម ដែលពឹងផ្អែកលើទីផ្សារចិន ធ្លាក់ចុះយ៉ាងគំហុក ដែលធ្វើឱ្យការនាំចេញនៃវិស័យកសិផលទាំងមូល ធ្លាក់ចុះដែរ។
ក្រៅពីធុរេន ផលិតផលពីវិស័យកសិកម្មផ្សេងទៀត ក៏ប្រឈមមុខនឹងការត្រួតពិនិត្យស្រដៀងគ្នាពីប្រទេសទីផ្សារនាំចូលផ្សេងៗទៀតផងដែរ រួមទាំងបញ្ហាស្លាកយីហោ និងការត្រួតពិនិត្យគុណភាព។ បទប្បញ្ញត្តិតឹងរុឹងនៅក្នុងប្រទេសជាគោលដៅនាំចេញសំខាន់ៗ តម្រូវឱ្យអាជីវកម្មវៀតណាមបំពេញតាមស្តង់ដារអន្តរជាតិ។
អនុប្រធាននាយកដ្ឋានគុណភាព ការកែច្នៃ និងអភិវឌ្ឍន៍ទីផ្សារ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Lê Thanh Hoa បាននិយាយថា វិស័យកសិកម្មវៀតណាមនៅតែងាយរងគ្រោះ។ បញ្ហាដូចជាផលិតកម្មខ្នាតតូច ការចំណាយខ្ពស់ ដំណើរការមិនល្អក្រោយការប្រមូលផល និងកង្វះការត្រួតពិនិត្យគុណភាពតាមស្តង់ដារ បានធ្វើឱ្យកំណើននៃវិស័យនេះនៅមានកម្រិត។ ការត្រួតពិនិត្យគុណភាពជាច្រើនអាស្រ័យលើបទពិសោធន៍ក្រៅបច្ចេកវិទ្យា ដែលធ្វើឲ្យអាជីវកម្មពិបាកបំពេញតាមបទប្បញ្ញត្តិនៃការនាំចូលដ៏តឹងរុឹង។
លោក Hoa ស្នើឱ្យអាជីវកម្មប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាម ដើម្បីទទួលបានការកាត់បន្ថយពន្ធគយ និងបង្កើនសមត្ថភាពប្រកួតប្រជែង។ ក្រសួងកំពុងរឹតបន្តឹងការត្រួតពិនិត្យគុណភាព ដើម្បីបំពេញតាមស្តង់ដារប្រទេសនាំចូល និងកំពុងកែលម្អការត្រួតពិនិត្យ ចេញការព្រមាន និងអនុវត្តការពិន័យដើម្បីការពារកេរ្តិ៍ឈ្មោះកសិកម្មរបស់វៀតណាម៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


