ព័ត៌មានជាតិ
ផ្លូវក្រវាត់ព្រំដែនខេត្តរតនគិរី ឈូសទៅដល់បង្គោលព្រំដែនលេខ ៩ កំពុងបន្តទៅកន្ទុយនាគ
បើតាមការគូសបញ្ជាក់ពីលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានឲ្យកម្ពុជាថ្មីដឹងថា ដំណើរការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តរតនគិរី កំពុងស្ថាបនាឆ្ពោះទៅតំបន់កន្ទុយនាគ (បង្គោលព្រំដែនលេខ ០ ព្រំប្រទល់ ៣ ប្រទេស កម្ពុជា ឡាវ វៀតណាម) ខណៈកងវិស្វកម្មបានឈូសឆាយទៅដល់បង្គោលព្រំដែនលេខ ៩។
លោក ញ៉ែម សំអឿន បានថ្លែងថា ផ្លូវក្រវាត់ព្រំដែនដែលកងវិស្វកម្មកំពុងស្ថាបនាមានគម្លាតត្រឹមតែ ៨ ម៉ែត្រពីបង្គោលព្រំដែនប៉ុណ្ណោះ។

កន្លងទៅកងវិស្វកម្មបានសាងសង់ផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តរតនគិរីបានប្រវែងជាង ៨៩ គីឡូម៉ែត្រ ចាប់ពីច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដា ដែលក្រាលដោយក្រួសក្រហមប៉ុន្តែបានរងការខូចខាតដោយសារទឹកភ្លៀងនិងគ្រោះធម្មជាតិ។
លោក ញ៉ែម សំអឿន បានអះអាងថា ដោយអនុវត្តតាមបទបញ្ជាពីប្រមុខរដ្ឋាភិបាល កងវិស្វកម្មបានជួសជុលផ្លូវដែលរងការខូចខាត និងបានសាងសង់បន្តបានប្រវែងជាង ៣០ គីឡូម៉ែត្រគឺទៅដល់បង្គោលព្រំដែនលេខ ៩ ឆ្ពោះទៅតំបន់កន្ទុយនាគ។


បើតាមលោក ញ៉ែម សំអឿន ដំណើរការស្ថាបនាផ្លូវក្រវាត់ព្រំដែនទៅតំបន់កន្ទុយនាគក៏ជួបបញ្ហាប្រឈម ដោយសារភូមិសាស្រ្តផ្លូវត្រូវសាងសង់ ត្រូវចោះជ្រៀកតាមចង្កេះភ្នំ និងមានជ្រោះជ្រៅ។ ប៉ុន្តែកងវិស្វកម្មនៅតែបន្តពុះពារ ដើម្បីសម្រេចតាមផែនការរបស់ថ្នាក់ដឹកនាំ ដើម្បីកសាងផ្លូវក្រវាត់ព្រំដែនដែលមានភាពរឹងមាំ ជារបងការពារជាតិមាតុភូមិ។
ប្រមុខដឹកនាំកម្ពុជាបានអះអាងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្តោតលើផ្លូវថ្នល់ជាកិច្ចការដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍតាមបណ្ដោយព្រំដែន និងធ្វើឱ្យបន្ទាត់ព្រំដែនកម្ពុជាកាន់តែរឹងមាំ និងមានភាពច្បាស់លាស់។
ថ្លែងបង្ហាញអំពីសមិទ្ធផលរយៈពេល ១ ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ កាលពីយប់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ទោះបីត្រូវចំណាយយ៉ាងណាក៏ដោយ បេសកកម្មស្ថាបនាផ្លូវក្រវាត់ព្រំដែនត្រូវតែសម្រេចឲ្យបាន។ ទៅថ្ងៃអនាគត សម្តេចមានបំណងចង់ឲ្យកូនខ្មែរអាចធ្វើដំណើរឡើងទៅតំបន់កន្ទុយនាគតាមទឹកដីខ្មែរ ដែលនេះជាមហិច្ឆតាសម្រាប់បម្រើជាឧត្តមប្រយោជន៍បន្តដល់កូនចៅជំនាន់ក្រោយ។

ដោយប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្លូវក្រវាត់ព្រំដែនដែលត្រូវស្ថាបនាក្នុងភូមិសាស្រ្តខេត្តរតនគិរីមានប្រវែងសរុបជាង ១០២ គីឡូម៉ែត្រ។ ក្នុងនោះការស្ថាបនាផ្លូវខ្សែក្រវាត់ទី ១ ចាប់ពីបង្គោលព្រំដែនលេខ ១៣/១ ដល់បង្គោលលេខ ០ ចំណុចប្រសព្វ ៣ ប្រទេស (កម្ពុជា ឡាវ វៀតណាម) ដោយឆ្លងកាត់ស្រុកអណ្តូងមាស និងស្រុកតាវែងមានប្រវែង ៩៧ គីឡូម៉ែត្រ និងផ្លូវខ្សែក្រវាត់ទី ២ មានប្រវែង ៥ គីឡូម៉ែត្រ ស្ថាបនាចាប់ពីផ្លូវបំបែកស្រុកអណ្តូងមាសដល់បង្គោលព្រំដែនលេខ ១៩៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា