ព័ត៌មានអន្ដរជាតិ
យន្តហោះទម្លាក់គ្រាប់បែកអាមេរិក៦គ្រឿងទៅដល់មហាសមុទ្រឥណ្ឌា មុនកិច្ចប្រជុំជាមួយអ៊ីរ៉ង់
យោងតាមការចុះផ្សាយរបស់ SCMP នៅថ្ងៃទី១០ខែមេសាឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកប្រភេទបំបាំងកាយ B-2 Spirit ដល់ទៅ៦គ្រឿងទៅកាន់កោះ Diego Garcia ដែលជាមូលដ្ឋានយោធាយុទ្ធសាស្ត្រអាមេរិក-អង់គ្លេសនៅមហាសមុទ្រឥណ្ឌា។ ចំណាត់ការនេះ ត្រូវគេមើលថាជាសារមួយរបស់អាមេរិកចំពោះប្រទេសអ៊ីរ៉ង់ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញកម្មវិធីនុយក្លេអ៊ែរ និងសកម្មភាពរបស់ខ្លួនក្នុងតំបន់ ជាពិសេសគឺមុនកិច្ចប្រជុំរវាងភាគីទាំងពីរនៅថ្ងៃសៅរ៍សប្ដាហ៍នេះ។

យន្តហោះទម្លាក់គ្រាប់បែក B-2 ដែលល្បីល្បាញខាងសមត្ថភាពបំបាំងកាយ អាចផ្ទុកទាំងអាវុធនុយក្លេអ៊ែរ និងគ្រាប់បែកខ្នាតយក្សទម្ងន់៣ម៉ឺនផោន ហើយវាត្រូវបានបង្កើតឡើងយ៉ាងពិសេស ដោយអាចវាយប្រហារគោលដៅទីតាំងនៅក្រោមដីថែមទៀតផង។
ការដាក់ពង្រាយនេះ ក៏បានធ្វើឡើងស្របពេលដែលមានការវាយប្រហារតាមអាកាសរបស់អាមេរិកប្រឆាំងនឹងហ៊ូធី ដែលជាក្រុមឧទ្ទាមមានការគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសយេម៉ែន។ អាមេរិកបានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំង ទាក់ទងនឹងការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមសកម្មប្រយុទ្ធជាច្រើននៅក្នុងតំបន់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញចំណាប់អារម្មណ៍ក្នុងដំណោះស្រាយការទូត ដើម្បីទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែក៏បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ផងដែរ។ លោកបាននិយាយថា៖ «បើអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀងទេ វានឹងមានការទម្លាក់គ្រាប់បែក ហើយពួកវានឹងជាគ្រាប់បែកមិនដូចអ្វីដែលពួកគេធ្លាប់ជួបពីមុនមកនោះទេ»។ នេះឆ្លុះបញ្ចាំងឲ្យឃើញពីវិធីសាស្ត្រមុខពីរក្នុងការស្វែងរកកិច្ចចរចា ខណៈដែលរក្សាជំហរនៃការត្រៀមខ្លួនខាងយោធារបស់សហរដ្ឋអាមេរិក។
ក្រៅតែពីយន្តហោះទម្លាក់គ្រាប់បែក B-2 អាមេរិកក៏បានឲ្យអ៊ីស្រាអែលត្រៀមទ័ពប្រយុទ្ធផងដែរ បើកិច្ចចរចានុយក្លេអ៊ែរនាពេលខាងមុខមិនទទួលបានជោគជ័យ។ លោក ត្រាំ បានបញ្ជាក់ច្បាស់ៗថា អ៊ីស្រាអែលនឹងត្រូវដឹកនាំសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់។
សូមរឭកថា អាមេរិកបានប្រកាសរៀបចំកិច្ចប្រជុំ«ដោយផ្ទាល់»ជាមួយអ៊ីរ៉ង់ ទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ នាថ្ងៃទី១២ខែមេសាឆ្នាំ២០២៥ នៅក្នុងប្រទេសអូម៉ង់។ ប៉ុន្តែភាគីអ៊ីរ៉ង់វិញបានអះអាងថា ការពិភាក្សាគ្នានេះនឹងប្រព្រឹត្តទៅ តែមិនមែនជាកិច្ចចរចាដោយផ្ទាល់នោះទេ ពោលគឺជាការពិភាក្សាដោយប្រយោលតាមរយៈអន្តរការី៕

ដោយ៖ ឈាង
ចុចអាន៖ ត្រាំ បញ្ជាឲ្យអ៊ីស្រាអែលត្រៀមទ័ពប្រយុទ្ធ បើកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់មិនជោគជ័យ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៤ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៧ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស