ព័ត៌មានជាតិ
សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ
នៅថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA សមាគមមិត្តយើង សមាគមកម្ពុជា-ជប៉ុន គិបូ និងសមាគមនិស្សិតខ្មែរ នៅណាហ្គូយ៉ា បានរៀបចំកម្មវិធី «សង្រ្កាន្តខ្មែរនៅជប៉ុន» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅសួន Garden Pier ទីក្រុងណាហ្គូយ៉ា ខេត្តអាយឈិ ប្រទេសជប៉ុន។

ពិធីរៀបចំឡើងក្រោមសហអធិបតីភាពលោក ហាំង តុលា រដ្ឋលេខាធិការ និងជាតំណាងដ៏លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការចូលរួមពីលោក Hirosawa Ichiro អភិបាលក្រុងណាហ្គូយ៉ាផងដែរ។

ទោះបីជានៅថ្ងៃអាទិត្យនេះមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ ក៏មិនអាចរារាំងដល់ស្មារតីស្រឡាញ់វប្បធម៌ខ្មែរ ការគាំទ្រ និងការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី ពលករ សរុបប្រមាណជិត១ម៉ឺននាក់ ក្នុងកម្មវិធីសង្ក្រាន្តខ្មែរនៅជប៉ុន នៅសួន Garden Pier ទីក្រុងណាហ្គូយ៉ា ក្រោមតំណក់ទឹកភ្លៀងផ្ទាល់។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងជាមួយនឹងពិធីសាសនាសំខាន់ៗ ដូចជា ការបង្សុកូល រាប់បាត្រ ស្រង់ព្រះ ពូនភ្នំខ្សាច់ ប្រគេនចង្ហាន់ព្រះសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ កម្មវិធីដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរ លេងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរ រួមមាន បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងការបង្ហាញនូវផ្ទាំងទស្សនីយភាពរបាំជូនពរ របាំត្រុដិ និងការសម្តែងរនាថ ព្រមទាំងការប្រគុំតន្ត្រី និងរាំលេងកម្សាន្ត ដែលសម្តែងដោយតារាចម្រៀងនិងតារាសម្តែងល្បីៗជាច្រើនរូបមកពីប្រទេសកម្ពុជា។

លោក ហាំង តុលា រដ្ឋលេខាធិការក្រសួងការងារ បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” និងបានពាំនាំនូវសេចក្ដីនឹករលឹកការផ្ដាំផ្ញើសួរសុខទុក្ខ និងពរសព្វសាធុការ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាលោករដ្ឋមន្ត្រី ចំពោះប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសជប៉ុនទាំងអស់។ លោក បន្តថា នេះជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានណែនាំឱ្យក្រសួងការងារ រៀបចំកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឱ្យបានច្រើននៅប្រទេសដែលមានពលករខ្មែរធ្វើការ ដើម្បីផ្តល់ការយកចិត្តទុកដាក់ ភាពកក់ក្តៅ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅបរទេស អាចបានជួបជុំគ្នា កម្សាន្តសប្បាយ និងពង្រឹងទំនាក់ទំនងដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែសហការរៀបចំកម្មវិធីសង្ក្រាន្តចូលឆ្នាំប្រពៃណីខ្មែរ នៅតាមបណ្តាប្រទេសដែលមានពលករខ្មែរធ្វើការ។ ដោយឡែក នៅប្រទេសជប៉ុន ឆ្នាំនេះ ដោយមានការសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA សមាគមមិត្តយើង និងសមាគមកម្ពុជា-ជប៉ុន គិបូ ក្រសួងបានគ្រោងរៀបចំកម្មវិធីសង្ក្រាន្តចូលឆ្នាំប្រពៃណីខ្មែរចំនួន១០ទីតាំងផ្សេងគ្នានៅទូទាំងប្រទេសជប៉ុន ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលរដ្ឋខ្មែរទាំងជាង៣ម៉ឺននាក់លើទឹកដីជប៉ុនអាចចូលរួមសប្បាយរីករាយ និងអបអសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន ប៉ុន្តែកម្មវិធីសង្ក្រាន្ដខ្មែរនៅជប៉ុន នៅខេត្តណាហ្គូយ៉ានេះ គឺជាកម្មវិធីធំជាងគេ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


