Connect with us

ព័ត៌មានអន្ដរជាតិ

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

បានផុស

នៅ

ក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងចាប់តាំងពីចុះចេញពីអំណាច អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន បានពន្លះទៅប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនលោក ដូណាល់ ត្រាំ ដោយមិនសំចៃមាត់ ហើយថែមទាំងបន្ទោសទៅអ្នកគាំទ្រមេដឹកនាំសេតវិមានរូបនេះថាជា «មនុស្សគ្មានបេះដូង» ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ចូ បៃដិន (រូបថត៖ Reuters)

ក្នុងសុន្ទរកថាទៅកាន់អង្គការតស៊ូមតិ ទីប្រឹក្សានិងអ្នកតំណាងសម្រាប់ជនពិការនៅទីក្រុង Chicago កាលពីថ្ងៃពុធទី១៦ខែមេសាឆ្នាំ២០២៥ និងយកមកចុះផ្សាយដោយសារព័ត៌មាន RT, លោក បៃដិន និយាយថា សហរដ្ឋអាមេរិក មិនដែលបែកបាក់គ្នាដូចពេលនេះឡើយ។ ត្រាំ មានអ្នកគាំទ្រដែលគ្មានបេះដូង ហើយត្រាំ បានបំផ្លាញកម្មវិធីសហព័ន្ធអស់ជាច្រើន ដោយសារតែការកាត់ផ្តាច់មូលនិធិទ្រង់ទ្រាយធំ។

លោក បៃដិន លើកឡើងថា «ពួកគេបានបំផ្លាញផ្នែកសន្តិសុខសង្គម ដោយបណ្តេញបុគ្គលិកបន្ថែមចំនួន៧ ០០០នាក់ចេញពីការងារ រួមទាំងមន្រ្តីអាជីពដែលមានបទពិសោធន៍រាប់ឆ្នាំ។ ឥឡូវ ពួកគេកំពុងត្រៀមបណ្តេញមនុស្សច្រើននាក់ទៀតចេញពីការងារ។ អ្នកគាំទ្រលោក ត្រាំ មួយចំនួន គឺជាមនុស្សដែលគ្មានបេះដូង»។

លោក ចូ បៃដិន (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ ពាក្យរិះគន់របស់លោកបៃដិន ក៏ទទួលប្រតិកម្មភ្លាមៗពីសំណាក់អ្នកសាធារណរដ្ឋផងដែរ ដោយមន្ត្រីខ្លះអះអាងថា​ កាលសម័យលោក បៃដិន ទៅវិញទេដែលសហរដ្ឋអាមេរិក បែកបាក់គ្នាខ្លាំងនោះ។

សូមជម្រាបថា លោក បៃដិន បានកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៦ ដោយអាណត្តិរបស់គាត់ចាប់ផ្តើមនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១ បន្ទាប់ពីផ្តួលលោក ត្រាំ ក្នុងការបោះឆ្នោតឆ្នាំ២០២០។

យ៉ាងណា នៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៤ លោកបានដកខ្លួនពីការឈរឈ្មោះបោះឆ្នោតអាណត្តិថ្មី ដោយសារតែបញ្ហាសុខភាព ហើយគាំទ្រអនុប្រធានាធិបតី កាម៉ាឡា ហារីស ជាអ្នកឈរឈ្មោះបន្ត ប៉ុន្តែនៅទីបំផុតអ្នកស្រី ក៏ចាញ់ឆ្នោតលោក ត្រាំ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ បន្ទោសថា បើ បៃដិន មិនសន្យាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមក៏មិនផ្ទុះឡើងដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម