Connect with us

ព័ត៌មានជាតិ

ក្រុមយុវជនសង្គមស៊ីវិល បន្តចុះធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយ «និយាថាទេចំពោះព័ត៌មានក្លែងក្លាយ»

បានផុស

នៅ

កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ក្រុមយុវជនសង្គមស៊ីវិល បានបន្តចុះធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយត្រូវ «និយាថាទេចំពោះព័ត៌មានក្លែងក្លាយ»។ នេះ គឺជាសកម្មភាពរួមចំណែកលុបបំបាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានជ្រុលនិយម កើតចេញពីទឹកចិត្តស្មោះត្រង់ និងសេចក្តីស្រឡាញ់សង្គមរបស់ក្រុមយុវជនសង្គមស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា នៅក្នុងបរិបទនៃការរីករាលដាលរបស់ព័ត៌មានក្លែងក្លាយ និងព័ត៌មានជ្រុលនិយម តាមបណ្តាញសង្គម និងប្រព័ន្ធព័ត៌មានផ្សេងៗ សាធារណៈជនបានបង្ហាញពីការចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការដែលគ្រប់គ្រងដោយក្រសួងព័ត៌មាន ដើម្បីទប់ស្កាត់ និងលុបបំបាត់បញ្ហានេះ។ លោកបន្តថា សកម្មភាពទាំងអស់ដែលកើតឡើងក្នុងដំណើរនៃយុទ្ធនាការនេះ មិនមែនគ្រាន់តែជាការឆ្លើយតបតាមបេសកកម្មបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវា គឺជាការបង្ហាញនូវទឹកចិត្តស្មោះត្រង់ និងសេចក្តីស្រឡាញ់សង្គម ពីមនុស្សគ្រប់រូបដែលប្រាកដថា ព័ត៌មានត្រឹមត្រូវ គឺជាសិទ្ធិមូលដ្ឋាន និងជាគ្រឹះសំខាន់សម្រាប់សង្គមប្រកបដោយសន្តិភាព។

ប្រធានក្រុមយុវជនសង្គមស៊ីវិលរូបនេះ បានគូសបញ្ជាក់ថា «អ្នករួមចំណែកជាច្រើន មិនថា ជាពលរដ្ឋទូទៅ ឬក្រុមយុវជន អ្នកសារព័ត៌មាន ឬអ្នកប្រើប្រាស់បណ្តាញសង្គមទេ បានចូលរួមក្នុងការចែករំលែកព័ត៌មានពិតប្រាកដ បដិសេធការចែករំលែកព័ត៌មានក្លែងក្លាយ ហើយសហការជាមួយអាជ្ញាធរ ដើម្បីជួយរាយការណ៍ព័ត៌មានដែលអាចបង្កគ្រោះថ្នាក់ ឬបំភាន់មហាជន»។

សកម្មភាពចូលរួមធ្វើយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រុមយុវជនសង្គមស៊ីវិលនេះ ទទួលបានការកោតសរសើរពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ តាមរយៈហ្វេសប៊ុក លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេររៀបរាប់ថា «យើងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ! ខ្ញុំសូមអរគុណបងប្អូនយុវជននៃបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិលដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះបាន និងកំពុងរីកស្គុះស្គាយ! រួមគ្នាដើម្បីសុវត្ថិភាពព័ត៌មាន»។

សូមជម្រាបជូនថា ក្រសួងព័ត៌មាន កំពុងធ្វើយុទ្ធនាការនានាយ៉ាងខ្លាំងក្លា ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ក្រសួងព័ត៌មាន ក៏បានស្នើឱ្យប្រជាពលរដ្ឋបន្តសហការយ៉ាងជិតស្និទ្ធ និងរួមចំណែកសកម្ម ដើម្បីសហការនាំគ្នាទៅកាន់សង្គមមួយដែលពោរពេញដោយការយល់ដឹង ព័ត៌មានត្រឹមត្រូវ និងទំនួលខុសត្រូវក្នុងការប្រើប្រាស់បណ្តាញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម