Connect with us

ព័ត៌មានជាតិ

រដ្ឋចាប់ផ្តើមបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកង្វក់ក្រុងតាខ្មៅ

បានផុស

នៅ

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកង្វក់ក្នុងក្រុងតាខ្មៅ ​បើក​ការដ្ឋាន​សាងសង់​នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ ចាយ​ថវិកា​សាង​សង់​សរុប​ប្រមាណ ៩០ លាន ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន បានថ្លែងថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះ​ទឹកកង្វក់​ក្នុងក្រុងតាខ្មៅ នេះ ត្រូវ​បាន​អនុវត្ត​ការសាងសង់​ដោយក្រុមហ៊ុនសហអាជីវកម្ម KUMHO-TECHCROSS និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​សហអាជីវកម្ម DOHWA-SEOYOUNG ដែល​មាន​តម្លៃ​កិច្ច សន្យា​សរុប​ប្រមាណ​ជាង ៩០ លានដុល្លារអាម៉េរិក ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃ​​សាធារណរដ្ឋ​កូរ៉េ រួម​ជា​មួយ​នឹង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការ​ដោះស្រាយ ផលប៉ះពាល់ និង​ពន្ធអាករ​ផ្សេងៗ និង​ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ដោយ​គ្រោង បញ្ចប់ការសាងសង់នៅក្នុង ឆ្នាំ២០២៧។

បើ​តាម​លោក​រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ​គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ ក្នុង​ក្រុងតាខ្មៅ​នា​ពេល​នេះ​ត្រូវ​បាន​រៀបចំ​ឡើងជា​ប្រព័ន្ធ​ញែក​ដោយ​ឡែករវាងទឹកភ្លៀង និងទឹកកខ្វក់ ដែល ក្នុងនោះ​មានការងារសាងសង់ធំៗ ចំនួន ២ រួមមាន ទី​១ ការងារសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដោយ​ ការសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់ តាម​វិធីសាស្ត្រ​អាងចម្លោះតាមបែបធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០ហិកតា ដែលមាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់ចំនួន ១២ ០០០ម៉ែត្រគូប ក្នុង មួយថ្ងៃ។

បន្ថែម​ពី​នេះ​ក៏​មាន​​ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹកកខ្វក់គ្រប់ប្រភេទ ប្រវែងសរុប ១២៥គីឡូម៉ែត្រ, ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធ ប្រព្រឹត្តកម្មទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់សេវាចំនួន ០៦សង្កាត់ រួមមានសង្កាត់កំពង់សំណាញ់ សង្កាត់ដើមមៀន សង្កាត់តាកុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដី ប្រមាណ ៩៧៤ហិកតា ក្នុងក្រុងតាខ្មៅ។

ដោយ​ឡែក​ទី​២ គឺ​ការ​សាងសង់​ប្រព័ន្ធ​រំដោះ​ទឹក​ជំនន់ ក្នុង​នោះ​មាន​ ការសាងសង់​បណ្ដាញ​លូ​រំដោះ ទឹកភ្លៀង​ដោយ​ដាក់​លូ​ប្រអប់ និង​លូ​មូល​តាមបណ្តោយផ្លូវជាតិលេខ២១ ចាប់​ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកភ្លៀង ០២កន្លែង ព្រមទាំង បណ្តាញ​លូរំដោះទឹកភ្លៀង​មួយចំនួន​ទៀតក្នុង​ក្រុងតាខ្មៅ។

លោក រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​បន្ថែម​ថា គម្រោងនេះ​ក៏មានរួមបញ្ចូល​ផងដែរ នូវការហ្វឹកហាត់ប្រតិបត្តិការ និងថែទាំរយៈពេល ១ ឆ្នាំ សម្រាប់​ការ​បង្កើន និងពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិក​អង្គភាព​ទទួលខុស​ត្រូវ​លើ​ការងារ​ប្រតិបត្តិការ និង​ថែទាំ​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បន្ទាប់​ពី​ការ​សាងសង់​ត្រូវបានបញ្ចប់។

បើយោងតាមលោករដ្ឋមន្រ្តី ក្រោយពីបញ្ចប់ការសាងសង់ សមិទ្ធផលទាំងនេះ​នឹងចូលរួមចំណែកក្នុងការលើកកម្ពស់ សុខុមាលភាព និង​អនាម័យ​បរិស្ថាន​សម្រាប់​ប្រជាពលរដ្ឋរស់នៅក្នុង ០៦ សង្កាត់នៃក្រុង តាខ្មៅ និងការជួយ​កាត់​បន្ថយ​នូវ​ជំនន់​ទឹកភ្លៀង​ក្នុង​រដូវវស្សា។ ជាងនេះទៀត គម្រោងនេះក៏នឹង ជួយជំរុញការ​វិនិយោគ​​សកម្មភាព​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​លំនៅ​ឋាន នៅ​ក្នុង​តំបន់​ជុំវិញនេះ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម