ព័ត៌មានអន្ដរជាតិ
ថៃបារម្ភពីការធ្លាក់តំណែងទិសដៅទេសចរណ៍កំពូលនៅអាស៊ាន ទៅឱ្យវៀតណាម
ប្រតិបត្តិករទេសចរណ៍ថៃបានសម្ដែងការព្រួយបារម្ភថា ប្រទេសថៃអាចនឹងបាត់បង់តំណែងទិសដៅទេសចរណ៍កំពូលនៅអាស៊ីអាគ្នេយ៍របស់ខ្លួន ទៅឱ្យប្រទេសវៀតណាម ដែលកត់ត្រាពីកំណើនភ្ញៀវទេសចរអន្តរជាតិខ្ពស់ធៀបនឹងរយៈពេលមុនវិបត្តិកូវីដ១៩ ខណៈកំណើនរបស់ថៃនៅតែយឺតយ៉ាវ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ប្រធានសមាគមសហព័ន្ធទេសចរណ៍ខេត្តឆនបុរី លោក Thanet Supornsahasrungsi បាននិយាយថា វាអាចចំណាយពេលត្រឹមតែ ២-៣ ឆ្នាំប៉ុណ្ណោះ ដើម្បីឱ្យវៀតណាមវ៉ាដាច់ថៃក្នុងការទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។
សម្រាប់ឆ្នាំនេះ វៀតណាមបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេស ចំនួន ២៣ លាននាក់ ខណៈក្រសួងហិរញ្ញវត្ថុថៃវិញ បានកាត់បន្ថយការព្យាករការមកដល់របស់ភ្ញៀវអន្តរជាតិពី ៣៨,៥ លាន មកនៅត្រឹម ៣៦,៥ លាននាក់។
កាលពីខែមីនា ថៃបានកត់ត្រាភ្ញៀវទេសចរអន្តរជាតិ ២,៧ លាននាក់ ធ្លាក់ចុះ ២០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ (មុនកូវីដ១៩) ខណៈវៀតណាមបានឃើញពីកំណើនភ្ញៀវជាង ២ លាននាក់ ក្នុងខែដូចគ្នា កើនឡើង ៤០ ភាគរយ ធៀបនឹងឆ្នាំ ២០១៩។
លោក Thanet បានលើកឡើងថា វៀតណាមមាន «តម្លៃរស់នៅ (ការចំណាយប្រចាំថ្ងៃសម្រាប់ការរស់នៅ)» ទាបជាងប្រទេសថៃ។ លោកបាននិយាយថា រមណីយដ្ឋាន និងសួនកម្សាន្តបែបលក្ខណៈគ្រួសារក៏ថ្មី និងថោកជាងផលិតផលស្រដៀងគ្នាក្នុងប្រទេសថៃ ខណៈកញ្ចប់រួមបញ្ចូលទាំងអស់នៅសណ្ឋាគារវៀតណាម មានតម្លៃស្មើនឹងពាក់កណ្តាលនៃតម្លៃក្នុងប្រទេសថៃ។

លើសពីនេះ លោក Thanet បាននិយាយថា វៀតណាមគាំទ្រភ្នាក់ងារទេសចរណ៍បរទេស ដូចជាអ្នកមកពីប្រទេសរុស្ស៊ី តាមរយៈការឧបត្ថម្ភធនលើការធ្វើដំណើរតាមផ្លូវអាកាស និងផ្តល់ថ្លៃចុះចតទាបនៅព្រលានយន្តហោះ។ លោកបន្តថា យន្តការបែបនេះ ធ្វើឱ្យភ្នាក់ងារផ្លាស់ប្តូរដំណើរទេសចរណ៍របស់ខ្លួនពីកោះភូកេត (ថៃ) ទៅកាន់ទីក្រុងដូចជា Nha Trang របស់វៀតណាម ក្នុងរដូវក្តៅនេះ។
លើសពីនេះ អ្នកជំនាញដដែលលើកឡើងថា វៀតណាមមានហេដ្ឋារចនសម្ព័ន្ធស្អាត ងាយស្រួលធ្វើដំណើរទៅកាន់ទិសដៅទេសចរណ៍សំខាន់ៗ ជាពិសេសព្រលានយន្តហោះតាមបណ្ដាទីក្រុងសំខាន់ៗ។ នេះផ្ទុយពីប្រទេសថៃ ដែលមានព្រលានធំនៅក្រុងបាងកក ហើយឱ្យទេសចរចំណាយពេលច្រើនធ្វើដំណើរទៅទិសដៅទេសចរណ៍។
លោក Thanet បានបន្តថា ប្រសិនបើរដ្ឋាភិបាលមិនអនុវត្តវិធីសាស្រ្តទេសចរណ៍សកម្មជាងមុន និងពង្រឹងវិធានការសុវត្ថិភាពទេ វានឹងពិបាកសម្រាប់ប្រទេសក្នុងការសម្រេចបានគោលដៅទេសចរ ៣៦,៥ លាននាក់។

ចំណែកឯប្រធានសមាគមធុរកិច្ចផ្លូវ Khao San លោក Sanga Ruangwattanakul វិញ បាននិយាយថាទីក្រុងបាងកកអាចកត់ត្រាចំនួនភ្ញៀវទេសចរតិចជាងឆ្នាំមុន ដោយសារទីផ្សារចិនធ្លាក់ចុះ ហើយជនបរទេស បានងាកទៅរកគោលដៅដែលកាន់តែល្បី ដូចជាវៀតណាម។
លោកបានបន្ថែមថា វៀតណាមមានកន្លែងទាក់ទាញជាច្រើន ចាប់ពីធម្មជាតិ និងឆ្នេរសមុទ្រ រហូតដល់កន្លែងកម្សាន្តពេលរាត្រីដ៏រស់រវើក ជាមួយនឹងផ្លូវដើរ និងសង្កាត់កម្សាន្តពេលរាត្រីក្នុងទីក្រុងហូជីមិញ ដែលអាចប្រកួតប្រជែងជាមួយផ្លូវ Khao San ។
គួរគូសបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំមុន វិស័យទេសចរណ៍ថៃបានជួបនូវរឿងផ្ទួនៗ ដែលបំបាក់ទំនុកចិត្តទេសចរបរទេស ជាពិសេសភ្ញៀវពីចិន។ ក្នុងនោះរួមមានទាំងករណីជួញដូរតួសម្ដែងចិន និងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា ដែលរាលដាលដល់ទីក្រុងបាងកកជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


