ព័ត៌មានជាតិ
សភាពការណ៍តាមព្រំដែន អគ្គមេបញ្ជាការទ័ព អះអាងថា ស្ងប់ស្ងាត់ល្អ មិនដូចការផ្សាយលើបណ្ដាញសង្គម
អគ្គមេបញ្ជាការទ័ព នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅថ្ងៃពុធនេះ បានអះអាងពីសភាពការណ៍នៅតាមខ្សែបណ្តោយព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ពិសេសព្រំដែនកម្ពុជា-ថៃ តែម្ដង គឺមានភាពស្ងប់ស្ងាត់ល្អប្រសើរ ដែលខុសពីការចែកចាយព័ត៌មានមួយចំនួននៅលើបណ្តាញសង្គម។

ការថ្លែងអះអាងរបស់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានធ្វើឡើងស្របពេលដែលបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ មិនថាព្រំដែនគោក និងទឹក នៅតែមានភាពចម្រូងចម្រាស ហើយបន្ថែមពីនេះ គឺការដុតកម្ដៅបន្ថែមដោយក្រុមនិន្នាការប្រឆាំងទាំងកម្ពុជា និងថៃ ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ។

តែយ៉ាងណា នៅក្នុងពិធីចែកអាវភ្លៀងដល់កងកម្លាំងប្រដាប់អាវុធឈរជើងនៅទិសយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅទីបញ្ជាការយោធភូមិភាគទី១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ព និងកងទ័ពរវាងកម្ពុជា និងប្រទេសជិតខាង ជាពិសេសនោះ គឺក្រោយជំនួបរវាងថ្នាក់ដឹកនាំកងទ័ពប្រទេសទាំងពីរ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៧ នាទីក្រុងបាងកក កន្លងទៅថ្មីៗនេះ ដែលបានបង្ហាញពីឆន្ទៈ និងជំហររួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្តរក្សាសន្តិភាព សណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន។

ក្នុងន័យនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យបន្តនូវទំនាក់ទំនងល្អជាមួយកងកម្លាំងប្រទេសជិតខាង ដើម្បីប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយត្រូវរក្សាគោលជំហរស្មារតីនឹងនរក្នុងកិច្ចការពារជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសុខសន្តិភាពដែលមាននៅពេលនេះ ទោះក្នុងតម្លៃណាក៏ដោយ។
គួរជម្រាបថា អំឡុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា និងថៃ បានឯកភាពគ្នាបន្តពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែនប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងព្រំដែនមួយប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព ខណៈលោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ បញ្ជាក់ថា រដ្ឋាភិបាលថៃ នឹងជំរុញនូវកិច្ចសហប្រតិបត្តិការវិស័យយោធារវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធនៅគ្រប់កម្រិតដើម្បីរក្សាសន្តិភាព ស្ថិរភាពនៅតាមបន្ទាត់ព្រំដែនរួមរវាងកម្ពុជា និងថៃ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


