ព័ត៌មានអន្ដរជាតិ
ហានិភ័យពន្ធអាមេរិក លើវិស័យវាយនភណ្ឌវៀតណាម
ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរវៀតណាម គឺជាសសរស្តម្ភនៃសេដ្ឋកិច្ចនាំចេញរបស់ប្រទេសនេះតាំងពីយូរយារណាស់មកហើយ ដោយវាជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងធ្វើឱ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលផលិតកម្មពិភពលោកដ៏សំខាន់មួយ។ យ៉ាងណាមិញ វិស័យនេះ កំពុងប្រឈមនឹងហានិភ័យជាច្រើន នៅចំពោះមុខនៃពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តី Vietnam Briefing។

ក្នុងឆ្នាំ ២០២៤ វិស័យវាយនភណ្ឌ និងកាត់ដេរវៀតណាម រកចំណូលបានជាង ៤៤ ប៊ីលានដុល្លារអាមេរិក ពីការនាំចេញ ដោយទីផ្សារអាមេរិករួមចំណែក ៤០ ភាគរយ នៃតួលេខនោះ។ នេះក៏ដោយសារតែតម្លៃពលកម្មប្រកួតប្រជែងរបស់វៀតណាម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការចូលទៅកាន់ទីផ្សារផ្សេងៗតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs)។
ប៉ុន្តែបច្ចុប្បន្ន ការពឹងផ្អែករបស់វៀតណាមទៅលើទីផ្សារខាងក្រៅ ជាពិសេសសហរដ្ឋអាមេរិក បានធ្វើឱ្យវៀតណាមងាយរងគ្រោះកាន់តែខ្លាំងឡើងចំពោះការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងជម្លោះពាណិជ្ជកម្ម។ សហរដ្ឋអាមេរិកបានដាក់ពន្ធគយបដិការ ៤៦ ភាគរយ លើទំនិញនាំចូលពីប្រទេសវៀណាម ដែលនាំចេញទៅអាមេរិកក្នុងទំហំទឹកប្រាក់សរុប ១៣៦,៦ ប៊ីលានដុល្លារ កាលពីឆ្នាំមុន។
ប្រសិនបើអនុវត្តចាប់ពីខែកក្កដាទៅ ក្រោយការពន្យារពេល ៩០ ថ្ងៃផុតកំណត់នោះ ពន្ធជាមធ្យមលើផលិតផលវាយនភណ្ឌវៀតណាម អាចកើនឡើងដល់ចន្លោះពី ៦១-៦២ ភាគរយ ពីអត្រាត្រឹម ១៥-១៦ ភាគរយ នាពេលបច្ចុប្បន្ន។ កំណើនអត្រាពន្ធថ្មី នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុមហ៊ុនផលិតរបស់វៀតណាម ដែលភាគច្រើនរកប្រាក់ចំណេញបានត្រឹម ៥ ភាគរយ ក៏ដូចជាអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក តាមរយៈការឡើងថ្លៃទំនិញ។

ពន្ធដ៏ខ្ពស់ដដែល បង្កហានិភ័យច្រើនស្រទាប់សម្រាប់វិស័យវាយនភណ្ឌវៀតណាម។ ក្នុងរយៈពេលខ្លី ក្រុមហ៊ុនផលិតវាយនភណ្ឌវៀតណាមជាច្រើនបានពន្លឿនការផលិត និងដឹកជញ្ជូន ដើម្បីបំពេញតាមការបញ្ជាទិញនៅអាមេរិកមុនដើមខែកក្កដា។ ប៉ុន្តែភាពស្រពិចស្រពិលនៃគោលនយោបាយពន្ធអាមេរិកបច្ចុប្បន្ន នៅតែបង្កការលុបចោលការបញ្ជាទិញ ការផ្អាកការងារ និងការកាត់បន្ថយកម្លាំងការងារ ដែលជាសញ្ញាបង្ហាញថា អតិថិជននៅអាមេរិកកំពុងរកចាំមើលស្ថានភាពយ៉ាងណាសិន។
នាយកផ្នែកសេដ្ឋកិច្ចនៅក្រុមហ៊ុនទីផ្សារមូលធន S&P Global Market Intelligence លោក Andrew Harker បាននិយាយថា ពន្ធរបស់សហរដ្ឋអាមេរិកបានរុញច្រានឧស្សាហកម្មផលិតកម្មរបស់វៀតណាមឱ្យធ្លាក់ចុះ ជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់នៃការបញ្ជាទិញ ការនាំចេញ និងផលិតកម្មថ្មីៗ។
គេមើលឃើញថា ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពីពន្ធគយបដិការ សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ (PMI) របស់វៀតណាម បានធ្លាក់ចុះត្រឹម ៤៥,៦ ពិន្ទុ នៅខែមេសា ពី ៥០,៦ នៅខែមីនា ដែលនេះជាអត្រានៃការធ្លាក់ចុះគឺលឿន និងធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជិត ២ ឆ្នាំ៕
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


