Connect with us

ព័ត៌មានអន្ដរជាតិ

ពាណិជ្ជកម្មចិន-អាមេរិកស្ទុះងើបឡើងវិញ ក្រោយភាគីទាំង២បោះជំហានថ្មីបន្ធូរភាពតានតឹងពាណិជ្ជកម្ម

បានផុស

នៅ

ពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក បានបង្ហាញសញ្ញាស្ទុះងើបឡើងវិញក្នុងត្រីមាសទី២ ឆ្នាំ២០២៦ បន្ទាប់ពីប្រទេសទាំង២ បានបន្តកិច្ចពិភាក្សា និងឈានដល់ការព្រមព្រៀងជាគោលការណ៍ ដើម្បីរៀបចំក្របខណ្ឌកាត់បន្ថយពន្ធ​បដិការ។ នេះបើតាមការចុះផ្សាយរបស់កាសែត China Daily នៅថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យ​ពីអគ្គរដ្ឋបាលគយចិន ពាណិជ្ជកម្មទំនិញចិន និងអាមេរិក បានកើនឡើង ១៣,៧% ក្នុងត្រីមាសទី២ បន្ទាប់ពីបានធ្លាក់ចុះ ១៨,៧% ក្នុងត្រីមាសទី១។ សរុបក្នុងឆមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ មានតម្លៃប្រមាណ ២ ទ្រីលានយ័ន (ប្រហែល ២៩៥ ប៊ីលានដុល្លារ) ដែលស្មើនឹង ៧,៩% នៃពាណិជ្ជកម្មបរទេសសរុបរបស់ចិន។

ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ក្នុងជំនួបពិភាក្សាពាណិជ្ជកម្មកាលពីខែឧសភា ភាគីទាំង២ បានឯកភាពគ្នាបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មថ្មីមួយ ដើម្បីចរចាលើក្របខណ្ឌកាត់បន្ថយពន្ធ​បដិការ។ កិច្ចព្រមព្រៀងនេះ​រំពឹងថានឹងគ្របដណ្តប់លើទំនិញដែលមានតម្លៃយ៉ាងហោចណាស់ ៣០ ​ប៊ីលានដុល្លារពីប្រទេសនីមួយៗ។

ទោះបីជាមិនទាន់មានបញ្ជីផ្លូវការនៃទំនិញដែល​ទទួលបានការកាត់បន្ថយពន្ធក៏ដោយ អ្នកវិភាគរំពឹងថា វាអាចរួមមានវាយនភណ្ឌ ស្បែកជើង ទំនិញប្រើប្រាស់ គ្រឿងបន្លាស់អេឡិចត្រូនិក គ្រឿងម៉ាស៊ីន សារធាតុគីមី ប្លាស្ទិក និងផលិតផលកសិកម្ម។ ចំណែកវិស័យដែលមានភាពរសើប ដូចជាបន្ទះឈីបទំនើប​កម្រិតខ្ពស់ រ៉ែសំខាន់ៗ និងបច្ចេកវិទ្យាយុទ្ធសាស្ត្រ ទំនងជានឹងមិនស្ថិតក្នុងក្របខណ្ឌនេះឡើយ។

អ្នកជំនាញផ្នែកពាណិជ្ជកម្មចិនមួយចំនួនយល់ឃើញថា ការបន្តកិច្ចសន្ទនារវាង​ចិន​ និង​អាមេរិកបានជួយបង្កើនទំនុកចិត្តដល់អាជីវកម្ម និងវិនិយោគិន ខណៈការកាត់បន្ថយពន្ធ ប្រសិនបើអនុវត្តជាក់ស្តែង នឹងអាចជួយសម្រួលការធ្វើពាណិជ្ជកម្ម និងកាត់បន្ថយបន្ទុកចំណាយរបស់ក្រុមហ៊ុនទាំងសងខាង។

ទោះជាយ៉ាងណា អ្នកវិភាគក៏បានព្រមានថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង២ នៅតែប្រឈមនឹងបញ្ហាជាច្រើន។ ការប្រកួតប្រជែងលើវិស័យបច្ចេកវិទ្យាខ្ពស់ វិធានការគ្រប់គ្រងការនាំចេញបន្ទះឈីប បញ្ញាសិប្បនិម្មិត (AI) និងរ៉ែសំខាន់ៗ ព្រមទាំងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ នៅតែអាចប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មនាពេលខាងមុខ។

មេដឹកនាំអាជីវកម្មអាមេរិកមួយចំនួនក៏បានសម្តែងការរំពឹងថា ការចរចានាពេលនេះ នឹងនាំទៅរកវិធានការជាក់ស្តែង។ ពួកគេជឿថា ទីផ្សារចិននៅតែមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនអាមេរិក ខណៈក្រុមហ៊ុនមួយចំនួនកំពុងបន្តពង្រីកការវិនិយោគ និងសហការផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសចិន។

ទន្ទឹមនឹងនេះ ទិន្នន័យពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បង្ហាញថា ការនាំចេញបន្ទះឈីបរួម (Integrated Circuits) របស់ចិនបានកើនឡើង ៨៨,៧% ក្នុងឆមាសទី១ ឆ្នាំ២០២៦ ខណៈការនាំចេញគ្រឿងបន្លាស់អេឡិចត្រូនិក កើនឡើង ៦២,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះបីមានសញ្ញាវិជ្ជមានពីការងើបឡើងវិញនៃពាណិជ្ជកម្មក៏ដោយ អ្នកវិភាគយល់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក នឹងនៅតែស្ថិតក្នុងដំណាក់កាលនៃការសហការ និងការប្រកួតប្រជែងស្របពេលគ្នា ហើយការចរចាបន្ត​នឹងក្លាយជាកត្តាសំខាន់ក្នុងការគ្រប់គ្រងភាពខ្វែងគំនិតរវាងប្រទេសទាំង២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម