Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

បានផុស

នៅ

ទីបំផុត ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានយល់ព្រមជួបជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន សម្រាប់កិច្ចពិភាក្សាដោយផ្ទាល់ដើម្បីបើកផ្លូវឈានឆ្ពោះទៅរកសន្តិភាពហើយ ប៉ុន្តែប្រមុខរដ្ឋាភិបាលទីក្រុងកៀវ បានដាក់លក្ខខណ្ឌមួយថា លោកពូទីន ត្រូវឯកភាពលើបទឈប់បាញ់រយៈពេល៣០ថ្ងៃជាមុនសិន។

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបទៅសំណើរុស្ស៊ីដែលសុំរៀបចំកិច្ចចរចាសន្តិភាពដោយគ្មានលក្ខខណ្ឌក្នុងប្រទេសតួកគីនៅថ្ងៃព្រហស្បតិ៍ខាងមុខ លោកហ្សេលេនស្គី បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យទី១១ខែឧសភាឆ្នាំ២០២៥ថា «ខ្ញុំរង់ចាំជួបពូទីនទល់មុខគ្នានៅប្រទេសតួកគី នាថ្ងៃព្រហស្បតិ៍ខាងមុខ។ ខ្ញុំនៅតែរក្សាជំហរថា ទីក្រុង​កៀវ​រង់ចាំ​បទ​ឈប់​បាញ់​ពេញ​លេញនិង​យូរអង្វែង ចាប់​ពី​ថ្ងៃ​ស្អែកទៅដើម្បី​ផ្តល់​មូលដ្ឋាន​ចាំបាច់​សម្រាប់​ផ្នែកការទូត។ ខ្ញុំរំពឹង​ថា ទី​ក្រុង​មូស្គូ​នឹង​មិន​រក​លេស​ទៀតទេលើក​នេះ​»។

កាលពីថ្ងៃសៅរ៍ លោក ពូទីន បានស្នើ​ឲ្យ​​មាន​​កិច្ច​ចរចាសន្តិភាពផ្ទាល់ជាមួយអ៊ុយក្រែន នៅ​ទីក្រុង​ អ៊ីស្តង់ប៊ុល នា​ថ្ងៃទី​១៥​ខែ​ឧសភា​ខាង​មុខ ដោយ​​និយាយ​ថា ការ​ពិភាក្សា​​មិន​គួរ​ពន្យារ​ពេល​​ត​ទៅ​ទៀត​ទេ ​បន្ទាប់ពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង​ក្នុងខែកុម្ភៈឆ្នាំ​២០២២។

លោកសង្កត់ធ្ងន់ថា កិច្ចពិភាក្សាដែលស្នើឡើងគួរតែផ្តោតលើការដោះស្រាយបញ្ហាឫសគល់នៃជម្លោះ។ លោក​លើក​​ឡើង​ថា៖ «យើងស្វែងរកការពិភាក្សាដ៏ច្បាស់លាស់ ដើម្បីដកចេញនូវឫសគល់នៃជម្លោះ ហើយចាប់ផ្តើមឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងរឹងមាំ»។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)

ជុំវិញសំណើនេះដែរ មេដឹកនាំអឺរ៉ុបដែល​មាន​ការ​គាំទ្រដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញឱសានវាទដល់លោក ពូទីន ឲ្យ​យល់ព្រមបទឈប់បាញ់រយៈពេល៣០​ថ្ងៃដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែនត្រឹមថ្ងៃទី​១២​ខែឧសភា បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខជាមួយទណ្ឌកម្មកាន់តែខ្លាំងដែលផ្តោតលើវិស័យថាមពលនិងធនាគាររបស់រុស្ស៊ី។

ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុង​កៀវ​កាល​ពី​ថ្ងៃ​ទី​១០​ឧសភា មេដឹកនាំមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ប៉ូឡូញ និងអ៊ុយក្រែន បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការបញ្ឈប់អរិភាព។

ប្រធានាធិបតីបារាំងលោក អេម៉ាញូអែល ម៉ាក្រុង ព្រមានថា ការរំលោភលើបទឈប់បាញ់ដែលស្នើឡើងនឹងបង្ក​ឲ្យ​មានការដាក់ទណ្ឌកម្ម​«ដ៏ធំ» ពីសម្ព័ន្ធមិត្តអឺរ៉ុប និងអាមេរិក។ បទ​ឈប់​បាញ់​មាន​គោល​បំណង​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​នៅ​ទូទាំង​​ផ្ទៃ​ដី សមុទ្រ និង​ផ្លូវអាកាស ដោយ​ផ្តល់​ជា​ការ​ត្រួសត្រាយ​​សម្រាប់​កិច្ច​​ចរចា​ការទូត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តួកគី​ ត្រៀម​ខ្លួន​​ធ្វើ​ជាអ្នក​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​នៅ​​អ៊ុយក្រែន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម