ព័ត៌មានជាតិ
កម្ពុជា ត្រៀមយកបញ្ហាប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ និងបន្តការពារទឹកដីដោយកងទ័ព និងអាវុធ
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅក្រៅប្រទេសភ្លាម សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបប្រជុំផ្ទាល់ជាមួយមេទ័ពកម្ពុជានៅតាមព្រំដែន ដើម្បីក្ដាប់ស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ។ ក្នុងកិច្ចប្រជុំ សម្ដេចធិបតី បញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះកម្ពុជា(JBC) ប្រជុំបន្ទាន់ជាមួយថៃ ដើម្បីបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន និងត្រៀមយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាតាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។

នៅម៉ោងជិត១០យប់ ថ្ងៃទី០១ ខែមិថុនា សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត សរសេរលើគណនីហ្វេសប៊ុកដូច្នេះ៖«កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះខ្ញុំបានបញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ÷១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។»។

ស្របពេលដែលក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសាជាថ្មីនៅពេលខាងមុខ។ សម្ដេច ហ៊ុន ម៉ាណែត សង្ឃឹមថាកម្ពុជា និងថៃ នឹងអាចធ្វើការជាមួយគ្នា ដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។

ភ្ជាប់ជាមួយរូបថត ដឹកនាំកិច្ចប្រជុំជាមួយមេទ័ព ក្នុងសម្លៀកបំពាក់កងទ័ពកម្ពុជា សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ធ្លាប់ដឹកនាំកងទ័ព និងមានបទពិសោធន៍ក្នុងសង្គ្រាមជាមួយថៃ កាលពីចន្លោះឆ្នាំ២០០៨ ដល់២០១១ អះអាងជាថ្មីម្ដងទៀតថា កម្ពុជា ព្យាយាមដោះស្រាយវិវាទព្រំដែនជាមួយថៃដោយសន្តិវិធី តាមផ្លូវបច្ចេកទេស និងច្បាប់អន្តរជាតិ ប៉ុន្តែកម្ពុជា ក៏នឹងប្រើប្រាស់កងទ័ព និងអាវុធ បើថៃព្យាយាមប្រើកងទ័ពឈ្លានពានដែនដីកម្ពុជាទៀត។

នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បញ្ជាក់ម្ដងទៀតតាមរយៈគណនីហ្វេសប៊ុកដូច្នេះ៖«ខ្ញុំសូមបញ្ជាក់សាជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព។ »។

សូមរម្លឹកជាថ្មីថា កាលពីវេលាព្រឹកព្រហាមថ្ងៃទី២៨ ខែឧសភា កងទ័ពថៃ បានឈ្លានពានដីកម្ពុជា និងលបលួចបាញ់ប្រហារមកលើលេណដ្ឋាន ក្នុងភូមិសាស្ត្រតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាតាំងពីប្រមាណ៣០មុន បណ្ដាលឱ្យកងទ័ពកម្ពុជា ឈ្មោះ សួន រ៉ោន វ័យ៤៧ឆ្នាំ បាត់បង់ជីវិតភ្លាមៗ។

ភ្លាមៗ កម្ពុជា បានចល័តទ័ព និងអាវុធធុនធ្ងន់ទៅកាន់តំបន់ប្រឈមនៅព្រំដែន ដើម្បីការពារបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ។

មួយថ្ងៃបន្ទាប់ មេទ័ពកម្ពុជា និងថៃ បានជួបចរចាគ្នាដោយផ្ទាល់នៅច្រកអូស្មាច់ ខេត្តឧត្ដមានជ័យ ដើម្បីដោះស្រាយស្ថានការណ៍។ ឆ្លងកាត់កិច្ចប្រជុំជាងមួយម៉ោង កម្ពុជា ប្រកាសថា នឹងមិនដកទ័ព ឬឈរជើងដោយគ្មានអាវុធនៅទីតាំងប្រឈមឡើយ ព្រោះតំបន់នោះគឺជាទឹកដីរបស់កម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស