ព័ត៌មានជាតិ
ប្រាក់ចំណូលរបស់ហ្គោលដេនទ្រីថយចុះខ្លាំងក្នុងត្រីមាសទី១ ដោយសារការងើបឡើងវិញនៃវិស័យអចលនទ្រព្យយឺត
ក្រុមហ៊ុន ហ្គោលដេនទ្រីដែលជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យ និងបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាបានរាយការណ៍ថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ ក្រុមហ៊ុនរកចំណូលបានសរុបសរុបចំនួន ៣៧០៨៥៨ ដុល្លារ ថយចុះជិត៤៦% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤ ដែលមានចំណូលសរុបចំនួន ៦៨៤ ០២១ ដុល្លារ ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជា ក្នុងត្រីមាសនេះដែរ សម្រាប់ខាតសុទ្ធមានចំនួន ៤៤៣៩៧៧ ដុល្លារ កើនឡើងចំនួន ២៩៥ ៤៦០ដុល្លារ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ ដែលមានការខាតសុទ្ធចំនួន ១៤៨៥១៧ដុល្លារ។
លោក ហុង អ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលបានលើកឡើងនៅក្នុងរបាយការណ៍ថា នៅក្នុងដើម ឆ្នាំ ២០២៥ នេះ ក្រុមហ៊ុនបានសង្កេតឃើញថា វិស័យអចលនទ្រព្យ នៅតែបន្តប្រឈមមុខ នឹងការធ្លាក់ចុះ ទោះបីជាមានសញ្ញាស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជាក៏ដោយ ជាពិសេស ទីផ្សារជួល ការិយាល័យនៅក្នុង ទីក្រុងភ្នំពេញ ក៏នៅតែស្ថិតក្នុងស្ថានភាពលំបាក ខណៈពេលដែលអត្រាជួលនៅតែបន្ត ធ្លាក់ចុះ។

លោកហុង អ៊ុយបានថ្លែងថា៖«ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក្រុមហ៊ុន នៅតែប្តេជ្ញាចិត្តក្នុងការអនុវត្តចក្ខុវិស័យវែង ឆ្ងាយរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន ហ្គោលដេន ទ្រី នៅតែបន្តផ្តោតលើការបង្កើនប្រសិទ្ធភាពនៃសេវាកម្ម និង ប្រតិបត្តិការអាជីរកម្មរបស់ខ្លួនឱ្យបានកាន់តែល្អសម្រាប់អ្នកជួល។ ខណៈពេល ដែលទីផ្សារបានងើបឡើងវិញ បន្តិចម្តងៗ ក្រុមការងាររបស់យើង បានធ្វើការយ៉ាងសកម្មក្នុងការទាក់ទាញអតិថិជនថ្មី ដោយបន្តធ្វើបច្ចុប្បន្ន ភាព លើសេវាកម្មរបស់ក្រុមហ៊ុន ដើម្បីឲ្យមានភាពទាក់ទាញ ហើយអាចបំពេញតម្រូវការអាជីកម្មរបស់អ្នកជួលបាន។ ក្រុមហ៊ុន នៅតែបន្តប្រឹងប្រែងក្នុងការផ្តល់សេវាកម្មឲ្យបានល្អជូនអ្នកជួលបច្ចុប្បន្ន និងបន្តស្វែងរកអ្នក ជួលថ្មីបន្ថែមទៀត ទោះបីជាស្ថានភាពនៃវិស័យជួលការិយាល័យនេះមានសភាពតានតឹងក៏ដោយ»។
បើយោងតាមលោក ហុង អ៊ុយ ទាក់ទងនឹងបញ្ហាផ្លូវច្បាប់របស់អគារ អមរា រេស៊ីដេន គណៈមេធាវីរបស់ក្រុមហ៊ុនកំពុងបន្តនិតិវិធីផ្លូវច្បាប់ប្រកបដោយភាពប្រុងប្រយ័ត្ន។ ក្រុមហ៊ុនយល់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហានេះឱ្យបានលឿន ហើយកំពុងប្រើប្រាស់ធនធានដែលមាន និងចាំបាច់ ដើម្បីអាចទទួលបានភាពយុត្តិធម៌ទៅដល់គ្រប់ភាគីពាក់ព័ន្ធ ។
ជាមួយគ្នានេះដែរ ចំពោះផ្នែកហិរញ្ញវត្ថុ ការរៀបចំឥណទានឡើងវិញរបស់ក្រុមហ៊ុនជាមួយធនាគារជាដៃគូកំពុងបានបន្ត ហើយក្រុមហ៊ុន កំពុងធ្វើការចរចារ និងការពិភាក្សាដោយបើកចំហក្នុងគោលបំណងស្វែងរកនូវដំណោះស្រាយ រយៈពេលវែងដែលអាចធានាបាននូវនិរន្តរភាពយូរអង្វែង។ ក្រុមហ៊ុនកំពុងធ្វើការពង្រឹង និងបង្កើនភាពបត់បែន សម្រាប់ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីធានាឲ្យបានកំណើននាពេលអនាគត។ នេះបើយោងតាមលោក ហុង អ៊ុយ។

លោកបានថ្លែងបន្តទៀតថា៖«ក្រុមហ៊ុន មានសុទិដ្ឋិនិយម ទោះបីជាវិស័យជួលការិយាល័យនៅតែមានបញ្ហាប្រឈមជាច្រើនក៏ដោយ។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្តបង្ហាញភាពធន់របស់ខ្លួនជាមួយនឹងស្ថេរភាពក្នុងវិស័យជាច្រើនដូចជា វិស័យទេសចរណ៍ ផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលទាំងនេះផ្តល់នូវមូលដ្ឋានគ្រឹះរឹងមាំមួយដែលអាចឱ្យ ក្រុមហ៊ុន ហ្គោលដេន ទ្រី របស់យើងបន្តកសាងកំណើនថ្មីបានជាបន្តបន្ទាប់»។
យោងតាមរបាយការណ៍ដដែល សម្រាប់ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ដល់ដំណាច់ត្រីមាសទី១ ឆ្នាំ២០២៥ មានចំនួនជាង ២៩ លានដុល្លារ ថយចុះចំនួន ២៨ ៨០១០ ដុល្លារ បើធៀបនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានចំនួនជិត ៣០លានដុល្លារ។ មូលធនសរុប របស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ មានចំនួនជាង ១ លានដុល្លារ ថយចុះ៤៤៣ ៩៧៧ ដុល្លារ បើធៀបទៅនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានចំនួន ១,៥៧៤ លានដុល្លារ។
យោងតាមភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានឲ្យដឹងថាអត្រាជួលការិយាល័យបាន ធ្លាក់ចុះមកត្រឹម ៦២,៩% គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៥ ហើយអាចនឹងបន្តធ្លាក់ចុះរហូតដល់ ៥៩.៤% នៅដំណាច់ឆ្នាំ ២០២៥ ដែលនេះបានឆ្លុះបញ្ចាំងពីស្ថានភាពលំបាកដែលកំពុងបន្តកើតមាននៅក្នុងវិស័យជួលការិយាល័យនេះ។ ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


