Connect with us

ព័ត៌មានជាតិ

រដ្ឋសិក្សាជីកប្រឡាយពីទន្លេមេគង្គទៅបឹងទន្លេសាប ដើម្បីកុំឱ្យទឹកហូរចោលអស់នៅរដូវប្រាំង និងធានាតម្រូវការពលរដ្ឋ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្ដេចបានឱ្យរដ្ឋាភិបាលសិក្សាលើគម្រោងជីកប្រឡាយភ្ជាប់ពីទន្លេមេគង្គលើទៅកាន់ទន្លេសាប ដើម្បីធានា​ប្រព័ន្ធធារាសាស្ត្រ និងការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យដឹងដូច្នេះ កាលពីល្ងាចថ្ងៃទី០៣ ខែមិថុនា នៅក្នុងសមាជព្រឹទ្ធសភា រដ្ឋសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អង្គសមាជ និងជម្រាបជូនសម្ដេចតេជោប្រធានព្រឹទ្ធសភា, សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៖« ខ្ញុំបានឱ្យធ្វើការជាមួយនឹងរដ្ឋាភិបាលកូរ៉េ តាមរយៈKOICA ឱ្យសិក្សាអំពីការធ្វើប្រឡាយតភ្ជាប់ពីទន្លេមេគ្គងលើទៅទន្លេសាប។ ដើម្បីភ្ជាប់ពីទន្លេមេគង្គលើទៅស្ទឹងសែន ហើយចាក់ចូលទៅទន្លេសាប ដើម្បីធានាតុល្យភាពទឹក ព្រោះឥឡូវយើងផ្ដាច់អត់មានអីជាប់អីទេ។ ទឹកហូរមកក្រោម ខែប្រាំងគឺហូរមកអស់។ អ៊ីចឹងយើងនឹងសិក្សាកន្លែងនេះ។»។

បើតាមសម្ដេចធិបតី ទៅថ្ងៃអនាគតរដ្ឋាភិបាលក៏មានគម្រោងតភ្ជាប់បឹងទន្លេសាបទៅកាន់ភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបន្តទៀត ដើម្បីកាត់បន្ថយចម្ងាយនៃការដឹកជញ្ជូនឱ្យកាន់តែជិតមួយផ្នែកទៀត ពីព្រោះក្រោយពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកនឹងកាន់តែមមាញឹកថែមមួយកម្រិតទៀត និងសំខាន់ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា សម្ដេចបញ្ចាឱ្យសិក្សាជាជំហានដំបូងទៅលើបរិស្ថាន និងប្រព័ន្ធបច្ចេកទេស ដើម្បីជីកប្រឡាយភ្ជាប់ពីទន្លេមេគង្គលើក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ទៅកាន់បឹងទន្លេសាប ដែលមានចម្ងាយប្រមាណ៧០គីឡូម៉ែត្រ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រីរំពឹងទុកថា បើសិនគម្រោងជីកប្រឡាយនៃជោគជ័យលេចចេញជារូបរាងនោះ គឺរដ្ឋាភិបាលអាចធានាតុល្យភាពទឹករវាងទន្លេមេគង្គ និងទន្លេសាបបាន និងអាចជួយដល់ការធានាប្រព័ន្ធធារាសាស្ត្រ និងទឹកប្រើប្រាស់របស់ពលរដ្ឋនៅទូទាំងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម