ព័ត៌មានអន្ដរជាតិ
ណាតូ ចាប់ផ្ដើមយកចិត្តទុកដាក់ខ្លាំង និងបារម្ភអំពីបច្ចេកវិទ្យាដ្រូន
អង្គការណាតូ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការគំរាមកំហែង ដែលបង្កឡើងដោយប្រព័ន្ធបច្ចេកវិទ្យាអាកាសគ្មានមនុស្សបើក (UAS) ឬជាទូទៅគេហៅថា «ដ្រូនយោធា»។ ការព្រួយបារម្ភនេះ ធ្វើឡើងក្រោយពីអ៊ុយក្រែនបានរៀបចំប្រតិបត្តិការ«សំណាញ់ពីងពាង» អស់រយៈពេល ១៨ខែដោយសម្ងាត់ ដោយបញ្ជូនយន្តហោះគ្មានមនុស្សបើកជាង ១០០គ្រឿងចូលវាយក្នុងទឹកដីរុស្ស៊ី បង្កជាការភ្ញាក់ផ្អើលពេញមួយពិភពលោក។

រដ្ឋជាសមាជិកណាតូ កំពុងញាប់ដៃញាប់ជើងពង្រឹងសមត្ថភាពប្រឆាំងដ្រូនរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមដែលអាចកើតមាននាពេលអនាគតដូចករណីនៅរុស្ស៊ីអ៊ីចឹងដែរ។
អ្នកជំនាញបានឲ្យដឹងថា នេះគឺជាការវាយប្រហារដ៏ធំបំផុតសម្រាប់រុស្ស៊ីនៅក្នុងជម្លោះជាង ៣ឆ្នាំ ហើយក៏ជាយុទ្ធនាការដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់អ៊ុយក្រែននៅក្នុងសង្រ្គាមដែលពួកគេត្រូវបានវាយតម្លៃទាបជាងរុស្ស៊ីទាក់ទងនឹងសមត្ថភាពយោធា។
កាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២៥ អ៊ុយក្រែន បានបើកការវាយប្រហារដោយប្រើដ្រូនចំនួន ១១៧គ្រឿង មានគោលបំណងបំផ្លាញសមត្ថភាពយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។ អ៊ុយក្រែនអះអាងថា ការវាយប្រហារបានបំផ្លាញ ឬធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់យន្តហោះជាង ៤០គ្រឿងរបស់ក្រុងមូស្គូ ក្នុងនោះមានយន្តហោះទម្លាក់គ្រាប់បែក Tu-95, Tu-22M និង Tu-160 ក៏ដូចជាយន្តហោះឈ្លបការណ៍ A-50។ ការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ។
យ៉ាងណារូបភាពពីផ្កាយរណប និងប្រភពពីមន្ត្រីអាមេរិក បានវាយតម្លៃថា មានយន្តហោះចម្បាំងរុស្ស៊ីប្រហែល ២០គ្រឿងប៉ុណ្ណោះដែលត្រូវបានវាយប្រហារ ហើយក្នុងនោះមានប្រហែល ១០គ្រឿងដែលត្រូវបានបំផ្លាញទាំងស្រុង។
ការណ៍នេះហើយបានជំរុញឲ្យមន្ត្រីការពារជាតិ និងអ្នកជំនាញជាច្រើនក្នុងអង្គការណាតូ រួមទាំងសហរដ្ឋអាមេរិក ប្រញាប់ប្រញាល់វាយតម្លៃថាតើពួកគេអាចងាយរងគ្រោះដែរឬទេ ប្រសិនបើគូប្រជែងរបស់ពួកគេប្រើប្រាស់ដ្រូន ដូចអ៊ុយក្រែនបានធ្វើជាមួយរុស្ស៊ី។
លោក James Patton Rogers អ្នកជំនាញខាងសង្គ្រាមយន្តហោះគ្មានមនុស្សបើកនៅសកលវិទ្យាល័យ Cornell បាននិយាយថា «នេះមិនមែនគ្រាន់តែជាការវាយប្រហារសាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ឲ្យយើងនូវទិដ្ឋភាពនៃលក្ខណៈជម្លោះនាពេលអនាគត ដែលសង្រ្គាមនឹងមិនត្រូវបានកំណត់ត្រឹមជួរមុខនោះទេ»។
លោកបានបន្ថែមថា បញ្ហាបន្ទាន់សម្រាប់អង្គការណាតូបន្ទាប់ពី«ការវាយប្រហារដ៏គួរឲ្យចាប់អារម្មណ៍»របស់អ៊ុយក្រែន គឺកំណត់ភាពងាយរងគ្រោះនៅក្នុងមូលដ្ឋានទ័ពអាកាស យន្តហោះទម្លាក់គ្រាប់បែក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន។

ទន្ទឹមនោះ លោកស្រី Stacie Pettyjohn អ្នកឯកទេសខាងសង្គ្រាមយន្តហោះគ្មានមនុស្សបើក និងការទប់ស្កាត់នុយក្លេអ៊ែរនៅមជ្ឈមណ្ឌលសន្តិសុខអាមេរិក បានប្រាប់ថា មន្ទីរបញ្ចកោណគួរតែព្រួយបារម្ភអំពីរឿងនោះ ពីព្រោះការវាយប្រហារដូចជាប្រតិបត្តិការ«សំណាញ់ពីងពាង» អាចកើតឡើងនៅលើដីអាមេរិក ឬនៅលើមូលដ្ឋានទ័ពជើងទឹក និងអាកាសរបស់ទីក្រុងវ៉ាស៊ីនតោននៅបរទេស។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត ដ្រូនមានតម្លៃទាបជាងគ្រាប់មីស៊ីល ឬសព្វាវុធផ្សេងៗ តែប្រសិទ្ធភាពរបស់វាពិតជាមិនធម្មតាឡើយ។ ជាឧទាហរណ៍ជាក់ស្ដែង ក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែនក៏បានប្រើប្រាស់ដ្រូនដែលមានតម្លៃថោក ដើម្បីវាយប្រហារលើកប៉ាល់នៅសមុទ្រក្រហម ដោយរំខានដល់ផ្លូវដឹកជញ្ជូនសកលសំខាន់ៗ។ នោះបានជំរុញឲ្យរដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ ចាប់ផ្តើមការវាយបក ដែលចំណាយអស់ខ្ទង់ជាង ១ពាន់លានដុល្លារ ប៉ុន្តែបានបរាជ័យក្នុងការបញ្ឈប់ក្រុមហ៊ូធីពីការបន្តការវាយប្រហាររបស់ពួកគេ។
លោក Bryan Fenton មេបញ្ជាការនៃបញ្ជាការប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក (USSOCOM) បានប្រាប់សភាកាលពីខែមេសាថា លក្ខណៈនៃសង្គ្រាមកំពុងផ្លាស់ប្តូរក្នុងល្បឿនលឿនជាងអ្វីដែលយើងធ្លាប់បានឃើញ។ គាត់បាននិយាយថា «គូប្រជែងកំពុងប្រើដ្រូនអត្តឃាតតម្លៃ ១០ ០០០ដុល្លារ ហើយយើងត្រូវប្រើមីស៊ីលតម្លៃ ២លានដុល្លារដើម្បីបាញ់ទម្លាក់វា»។
បច្ចុប្បន្ន ទាំងរុស្ស៊ី និងអ៊ុយក្រែន បានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍដ្រូនរបស់ខ្លួនចាប់តាំងពីជម្លោះបានកើតឡើង។ កាលពី២ឆ្នាំមុន អ៊ុយក្រែនផលិតដ្រូនបានប្រហែល ៨០ម៉ឺនគ្រឿង ហើយនៅឆ្នាំនេះត្រូវបានគេប៉ាន់ប្រមាណថាផលិតបានជាង ៥លានគ្រឿង ហើយគ្រោងនឹងបង្កើនសមត្ថភាពផលិតឲ្យបាន ១០លានគ្រឿងក្នុងមួយឆ្នាំៗ ជាមួយនឹងទំហំវិនិយោគចំនួន ១១ពាន់លានដុល្លារ។
ក្រុមអ្នកសង្កេតការណ៍ បាននិយាយថា ប្រទេសរុស្ស៊ី ដែលត្រូវបានគេរំពឹងថានឹងចំណាយច្រើនជាង ៧ភាគរយនៃ GDP របស់ខ្លួនលើវិស័យការពារជាតិនៅឆ្នាំនេះ បានដាក់ពង្រាយដ្រូនចំនួន ១ ០០០គ្រឿងជារៀងរាល់សប្ដាហ៍ចាប់តាំងពីខែមីនា ដើម្បីធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយលើអ៊ុយក្រែន។ ភាគច្រើននៃដ្រូនទាំងនោះជាប្រភេទ Shahed រចនាដោយអ៊ីរ៉ង់ ដែលខ្លះមានតម្លៃត្រឹមតែ ២០ ០០០ដុល្លារប៉ុណ្ណោះសម្រាប់មួយគ្រឿង៕

ដោយ៖ ឈាង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ