សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ២៥ ពាន់លានដុល្លារនៅ ៥ ខែ ឆ្នាំនេះ
គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ជាង ២៥,២៩ ពាន់លានដុល្លារ កើនឡើង ១៨,៥% ធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២៤។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥។

ទិន្នន័យរបស់ GDCE បានបង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ ១១,៨០ ពាន់លានដុល្លារ កើនឡើង ១៧,២% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ១៣,៤៨ ពាន់លានដុល្លារ កើនឡើង ១៩,៧%។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ ថា ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច បានទាក់ទាញអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើន ធ្វើឱ្យការផលិតកែច្នៃនាំចេញកាន់តែច្រើន។

អ្នកឧកញ៉ា លឹម ហេង យល់ឃើញថា៖ «ការដឹកនាំរបស់សម្ដេចធិបតី គាត់ទំនាក់ទំនងពាណិជ្ជកម្មសកម្មមែនទែន ដើរទាក់ម៉ូយជាអន្តរជាតិសឹងគ្រប់ប្រទេសដែលគាត់ទៅ ដល់អញ្ចឹងធ្វើឱ្យការចាប់អារម្មណ៍គម្រោងវិនិយោគ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនដែលមានទេក្នុងប្រវត្តិសាស្ត្រ ឆ្នាំ ២០២៤ និង ២០២៥ មានកំណើនខ្ពស់ ដូច្នេះហើយ ដែលធ្វើឱ្យការផលិត ការកែច្នៃ និងនាំចូលវត្ថុធាតុដើម និងនាំចេញកើនឡើង»។
ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានរក្សាការព្យាករណ៍នូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២៥នេះ ក្នុងអត្រា៦,១% ក្នុងឆ្នាំនេះ និង ៦,២% ក្នុងឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តកំណើននៃការនាំចេញក្នុងវិស័យកាត់ដេរ វាយនភ័ណ្ឌ និងផលិតផលអ្នកដំណើរ ជាពិសេសការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) របស់ ADB បានប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជានឹងកើនឡើង ៦,១% ក្នុងឆ្នាំ ២០២៥ និង ៦,២% ក្នុងឆ្នាំ ២០២៦ បន្ទាប់ពីបានកើនឡើង ៦,0% ក្នុងឆ្នាំ ២០២៤។
ប៉ុន្តែទស្សនវិស័យនេះអាចប្រឈម ហានិភ័យអវិជ្ជមាននៃភាពមិនប្រាកដប្រជាជាសកលមានដូចជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យអចលនទ្រព្យរបស់សាធារណរដ្ឋប្រជាមានិតចិន និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។

យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៤,៧៤ ពាន់លានដុល្លារ កើនឡើង ១៦,៩% ធៀបនឹងឆ្នាំ ២០២៣។
ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ ២៦,១៩ ពាន់លានដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%។
ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


