ព័ត៌មានអន្ដរជាតិ
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
សេដ្ឋវិទូថៃបានព្រមានថា សេដ្ឋកិច្ចថៃកំពុងប្រឈមហានិភ័យនៃការធ្លាក់ចូលទៅក្នុងវិបត្តិបរិត្តផរណា ដែលសំដៅលើការធ្លាក់ចុះនៃតម្លៃទំនិញ និងសេវាកម្ម ក្រោមសញ្ញាសំខាន់ៗមួយចំនួន រួមទាំងការធ្លាក់ចុះនៃអតិផរណា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ។

អតិផរណារបស់ប្រទេសថៃនៅតែបន្តធ្លាក់ចុះ ០,៥៧ ភាគរយ កាលពីខែឧសភា (អត្រាប្រចាំឆ្នាំ) ដែលជាការធ្លាក់ចុះ ២ ខែជាប់ៗគ្នា ខណៈអតិផរណាស្នូលឈរនៅត្រឹម ១,០៩ ភាគរយ។
ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុន Kiatnakin Phatra Financial Group លោក Pipat Leungnaruemitchai បានពន្យល់ថា ការធ្លាក់ចុះនៃអតិផរណាដែលកំពុងបន្តក្នុងប្រទេសថៃ មិនមែនគ្រាន់តែដោយសារតែការធ្លាក់ចុះនៃតម្លៃផលិតផលនោះទេ។ វាបង្ហាញពីកង្វះនៃ «សម្ពាធអតិផរណា» រយៈពេលវែង និងជ្រាលជ្រៅនៅក្នុងសេដ្ឋកិច្ច។
សេដ្ឋវិទូដដែលបានបន្តថា ការធ្លាក់ចុះនៃអតិផរណាបច្ចុប្បន្ន មិនមែនជាការកើតឡើងថ្មីៗនេះទេ ដោយអតិផរណាថៃបានចុះខ្សោយយឺតយ៉ាវក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ខណៈអតិផរណាស្នូលនៅតែបន្តជាប់គាំងក្រោមអត្រាគោលដៅរបស់ធនាគារកណ្ដាល។ លោកថា នេះមិនមែនជាបញ្ហារយៈពេលខ្លីទេ ប៉ុន្តែជាសញ្ញានៃ «បញ្ហារចនាសម្ព័ន្ធកាន់តែស៊ីជម្រៅ» នៅក្នុងសេដ្ឋកិច្ចរបស់ថៃ។
លោក Pipat បាននិយាយថា៖ «យើងគ្មានអតិផរណាដោយសារតែតម្រូវការ។ គ្មានសម្ពាធតម្លៃ ដែលនេះឆ្លុះបញ្ចាំងពីអសមត្ថភាពនៃអាជីវកម្ម ក្នុងការបញ្ជូនថ្លៃតទៅអ្នកប្រើប្រាស់។ និយាយឱ្យសាមញ្ញ គឺគ្មាននរណាម្នាក់ហ៊ានដំឡើងថ្លៃ(ទំនិញ)ទេ ព្រោះអ្នកប្រើប្រាស់គ្មានលុយគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងតម្លៃខ្ពស់»។
អ្នកជំនាញដដែលបន្តថា កម្សោយនៃអតិផរណាក្រោមអត្រាគោលដៅ ប៉ះពាល់មិនត្រឹមតែតួលេខសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងទំនុកចិត្តរបស់អ្នកប្រើប្រាស់ អាជីវកម្ម និងអ្នកវិនិយោគផងដែរ។ វានាំឱ្យមានការថយចុះនូវទំនុកចិត្តលើវិស័យផ្សេងៗ។

លោកពន្យល់ថា អតិផរណាខ្សោយមានន័យថា អាជីវកម្មគ្មានអំណាចក្នុងការកំណត់តម្លៃទំនិញ ឬសេវាកម្ម ឬម្ចាស់ផ្ទះជួញមិនអាចបង្កើនតម្លៃជួល។ ក្នុងការវិនិយោគ វាអាចនឹងមានការធ្លាក់ចុះ នៅពេលដែលតម្លៃផលិតផលមិនកើនឡើង ដែលធ្វើឱ្យវិនិយោគិនគ្មានទឹកចិត្តក្នុងការបណ្ដាក់ទុនបន្ថែមដើម្បីរកប្រាក់ចំណេញ ដែលនេះជះឥទ្ធិពលដល់ «ប្រាក់ឈ្នួល»។ ប្រាក់ចំណូលការងារនៅទ្រឹង ដែលកាត់បន្ថយអំណាចទិញរបស់អ្នកប្រើប្រាស់ និងបញ្ឈប់ចរាចរប្រាក់ក្នុងសេដ្ឋកិច្ច។ ទីបំផុត បញ្ហាទាំងនេះ បណ្តាលឱ្យមានការថយចុះបន្ថែមទៀតលើទំនុកចិត្តផ្នែកសេដ្ឋកិច្ច ដោយទាំងអ្នកប្រើប្រាស់ និងអាជីវកម្ម ពន្យារពេលការសម្រេចចិត្តលើការចំណាយ និងការវិនិយោគ។
សេដ្ឋវិទូផ្សេងៗទៀតក៏យល់ឃើញពីសញ្ញាដូចគ្នា។ តួយ៉ាងលោក Amonthep Chawla ជំនួយការនាយកគ្រប់គ្រង និងជាប្រធានផ្នែកស្រាវជ្រាវនៅធនាគារ CIMB Thai បានលើកលើងថា កម្សោយអតិផរណាបច្ចុប្បន្ន គឺជាកម្សោយមិនសូវស្រួល ដែលឆ្លុះបញ្ចាំងពីរចនាសម្ព័ន្ធសេដ្ឋកិច្ចទន់ខ្សោយ ជាពិសេសការងើបឡើងវិញយឺតនៃអំណាចទិញក្នុងស្រុក។ លំហូរទំនិញថោកៗពីចិន ក៏រួមចំណែកធ្វើឱ្យបញ្ហានេះ កាន់តែអាក្រក់ទៅៗផងដែរ ដោយក្រុមហ៊ុនក្នុងស្រុកមិនហ៊ានដំឡើងថ្លៃ ដោយក្លាយបាត់បង់ការប្រកួតប្រជែងជាមួយទំនិញចិន។
លោកបានបន្ថែមថា៖ «ទាំងនេះគឺជាបញ្ហារចនាសម្ព័ន្ធ ដែលទាមទារវិធានការរបស់រដ្ឋាភិបាលដោយផ្ទាល់ ដូចជាពន្ធនាំចូល ឬការត្រួតពិនិត្យការលក់បង្ខូចថ្លៃពីប្រទេសចិន»។ លោកថា ការពឹងផ្អែកខ្លាំងទៅលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្ដាល មិនមែនជាជម្រើសល្អនោះទេ។
ជាមួយគ្នានោះ ការថយចុះនៃអតិផរណាក៏ឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញយឺតនៃប្រាក់ចំណូលគ្រួសារក្នុងប្រទេសថៃ ដោយសារប្រជាជននៅតែប្រឈមមុខនឹងអសន្តិសុខផ្នែកហិរញ្ញវត្ថុ ដោយសារតែបំណុលខ្ពស់ និងប្រាក់ចំណូលនៅទ្រឹង។
លើសពីនេះ បច្ចុប្បន្ននេះ សេដ្ឋកិច្ចថៃប្រឈមមុខនឹងបញ្ហាទាំងក្នុង និងក្រៅប្រទេស រួមទាំងបំណុលគ្រួសារ ការប្រកួតប្រជែងពីចិន និងសង្រ្គាមពាណិជ្ជកម្មដែលកំពុងបន្តជាដើម៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
នយោបាយ៦ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ