Connect with us

ព័ត៌មានអន្ដរជាតិ

ចិនចាប់ដៃថៃ ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា AI រថយន្តអគ្គិសនី និង​រថភ្លើងល្បឿនលឿន ​

បានផុស

នៅ

ប្រទេសចិន និងថៃបានប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅលើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្តោតលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាកសិកម្ម ឧស្សាហកម្មរថយន្ត អវកាស ថាមពលស្អាត និងការស្រាវជ្រាវរួម ដើម្បីជំរុញខ្សែច្រវាក់ផ្គត់ផ្គង់រវាងប្រទេសទាំង២។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានផ្សេងៗ រួមទាំង រ៉យទ័រ និង The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ​បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៥ ថ្ងៃនៅប្រទេសចិន ចន្លោះពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ កក្កដា កន្លងទៅ។

ក្នុងសេចក្តីថ្លែងការណ៍នោះ ភាគីទាំង២ បានឯកភាពសម្របសម្រួលគោលនយោបាយបច្ចេកវិទ្យា និងពង្រីកការផ្លាស់ប្តូររវាងស្ថាប័នស្រាវជ្រាវ សាកលវិទ្យាល័យ និងវិស័យឯកជន។ កិច្ចសហប្រតិបត្តិការនឹងគ្របដណ្តប់លើវិស័យសុខាភិបាល ព័ត៌មានភូមិសាស្ត្រ បច្ចេកវិទ្យាកសិកម្ម សម្ភារៈទំនើប ឧបករណ៍អេឡិចត្រូនិកជំនាន់ថ្មី រថយន្ត អវកាស និងថាមពលស្អាត។​

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល កំពុងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗសម្រាប់ប្រទេសទាំង២ ខណៈពួកគេក៏នឹងបង្កើនកិច្ចសហការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដើម្បីពង្រឹងសន្តិសុខខ្សែច្រវាក់ផ្គត់ផ្គង់ផងដែរ។

ជាផ្នែកមួយនៃគោលដៅ «ភាពរុងរឿងរួម» ប្រទេសទាំង២ ក៏បានអះអាងការបន្តជំរុញគម្រោងផ្លូវដែកល្បឿនលឿន ចិន-ថៃ ដោយភាគីថៃកំណត់គោលដៅបញ្ចប់ផ្នែកប្រវែង ២៥០ គីឡូម៉ែត្រ នៅឆ្នាំ២០៣០។ ​

វិនិយោគចិនបន្តហូរចូលថៃ

ការពង្រឹងទំនាក់ទំនងនេះ កើតឡើងស្របពេលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនផ្សេង២ កំពុងបង្កើនការវិនិយោគនៅថៃ។

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក អានុទីន ក្រុមហ៊ុនចិនធំៗចំនួន ៤ រួមមាន Xiaomi, CHANGAN Automobile, InnoLight និង Eoptolink បានបង្ហាញផែនការពង្រីកការវិនិយោគនៅថៃ លើវិស័យរថយន្តអគ្គិសនី (EV) បច្ចេកវិទ្យាទំនាក់ទំនង និងឧស្សាហកម្មបន្ទះឈីប។ រដ្ឋាភិបាលថៃរំពឹងថា ការវិនិយោគថ្មី និងការពង្រីកគម្រោងដែលមានស្រាប់ អាចមានតម្លៃសរុបប្រមាណ ៧០ ពាន់លានបាត (ជិត ២,២ ពាន់លានដុល្លារ)។ ​

ជាពិសេស ក្រុមហ៊ុន CHANGAN Automobile កំពុងអភិវឌ្ឍមូលដ្ឋានផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅក្រៅប្រទេសក្នុងប្រទេសថៃ។ គម្រោងនេះមានតម្លៃវិនិយោគប្រមាណ ៨,៨ ពាន់លានបាត (ប្រហែល ២៥០ លានដុល្លារ) ជាមួយសមត្ថភាពផលិតដំណាក់កាលដំបូង ១០០,០០០ គ្រឿង/ឆ្នាំ និងមានផែនការបន្ថែមមជ្ឈមណ្ឌល​ R&D​ នៅថៃផងដែរ។​

អ្នកវិភាគមើលឃើញថា ការពង្រីកកិច្ចសហប្រតិបត្តិការរវាងចិន និងថៃ បង្ហាញពីការបន្តជំរុញឱ្យថៃក្លាយជាមជ្ឈមណ្ឌលផលិតកម្ម និងបច្ចេកវិទ្យាថ្មីរបស់តំបន់អាស៊ីអាគ្នេយ៍ ខណៈការប្រកួតប្រជែងដើម្បីទាក់ទាញវិនិយោគបច្ចេកវិទ្យាកំពុងកាន់តែខ្លាំងក្នុងតំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម