Connect with us

ព័ត៌មានជាតិ

ទិវា​ជាតិ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ​លើក​ទី​៨ ​ឆ្នាំ​២០២៥​ នឹង​ប្រារព្ធ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ស្អែក​នេះ

បានផុស

នៅ

ទិវា​ជាតិ​អប់​រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ​លើក​ទី​៨ ​ឆ្នាំ​២០២៥​ នឹង​ប្រារព្ធ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ស្អែក​នេះ​ ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ថ្ងៃ​ទី​ ១៥ និង​១៦ ​ខែ​មិថុនា​ឆ្នាំ​២០២៥​ ក្រោម​ប្រធានបទ​ «TVET បង្កើត​ឱកាស​ការងារ ​សាង​ក្តី​សង្ឃឹម​ដល់​យុវជន​»​ ខណៈ​ដែល​រាជធានីភ្នំពេញ ប្រារព្ធ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍កោះពេជ្រ ចាប់​ពី​ម៉ោង ​០៨:០០នាទី ដល់ម៉ោង ២០:០០​នាទី​យប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​១៥ ​ខែ​មិថុនា​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ប្រារព្ធទិវា​ជាតិ​អប់​រំ​បណ្តុះ​បណ្តាល ​បច្ចេកទេស ​និង​វិជ្ជាជីវៈ​ ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​ការ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ​និង​ធ្វើ​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​សិស្សានុសិស្ស និស្សិត យុវជន ​មាតាបិតា អាណាព្យាបាល​ និង​វិស័យឯកជន​ឱ្យ​បាន​យល់អំពីសារៈ​សំខាន់​នៃ​«ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ (Technical​ Vocational Education and Training) ហៅ​ថា ​ធីវេត (TVET)» ក្នុង​ការ​ជំរុញ​ការ​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​ជំនាញ ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។ ​នេះ​បើ​យោង​តាម​សារាចរ​ណែ​នាំ​​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​ ២៣ ​ខែ​ឧសភា​​ ឆ្នាំ​២០២៥​។​

សារាចរ​ណែ​នាំ​របស់​រាជរដ្ឋាភិបាល​បាន​ឱ្យ​ដឹង​ថា ​ទិវា​ជាតិ​នេះ​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ​ ដំណាក់​កាល​ទី១ ​ដែល​បាន​កំណត់​យក​អាទិភាព​គន្លឹះ​ទី​១ ​គឺ​មនុស្ស​ ដោយ​បាន​ផ្តោត​សំខាន់​ លើ​ការ​កសាង ​និង​អភិវឌ្ឍ​មូល​ធនមនុស្ស​ប្រកប​ដោយ​គុណភាព សមត្ថភាព ជំនាញ​វិជ្ជាជីវៈ​ច្បាស់​លាស់​ គំនិត​ច្នៃ​ប្រឌិត និង​ភាព​ប្រកួត​ប្រជែង​ខ្ពស់ ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោល​ដៅ​ «ពលរដ្ឋម្នាក់​មាន​ជំនាញ​មួ​យ​យ៉ាង​តិច​ប្រចាំ​ជីវិ​ត»​។

កម្មវិធី​នេះ​នឹង​ប្រារព្ធ​ ក្រោម​អធិបតីភាព​របស់​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន​ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន​ និង​កីឡា តំណាង​ដ៏ខ្ពង់​ខ្ពស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រកម្ពុជា​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម