Connect with us

ព័ត៌មានជាតិ

កម្ពុជា មានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ កើនឡើងជាង ២៥០ កន្លែង នៅទូទាំងប្រទេស

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹងថា គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ ២០២៥ មាន​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្រោម​ឱវាទ​ក្រសួង​សរុប​ចំនួន ២៥៤ គ្រឹះស្ថាន ក្នុង​នោះ គ្រឹះស្ថាន​សាធារណៈ​ចំនួន ៣៧ គ្រឹះស្ថាន ឯកជន​ចំនួន ១៩៣ គ្រឹះស្ថាន ដោយ​ចុះ​បញ្ជីការ​នៅ​ក្រសួង​ចំនួន ៧២ គ្រឹះស្ថាន និង​គ្រឹះស្ថាន​ក្រោម​ឱវាទ​មន្ទីរ​ចំនួន ១២១ គ្រឹះស្ថាន និង​អង្គការ​/​សមាគម​ចំនួន ២៤ គ្រឹះស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី ៨ ក្រោម​ប្រធានបទ «TVET បង្កើត​ឱកាស​ការងារ សាង​ក្តីសង្ឃឹម​ដល់​យុវជន​» រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី ​១៥ ដល់​ថ្ងៃទី ​១៦ ខែ​មិថុនា ​នេះ លោក​រដ្ឋមន្ត្រី​ បាន​បន្តថា គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ២៥៤ គ្រឹះស្ថាន បានផ្តល់​ការបណ្តុះបណ្តាល​ទាំង​រយៈពេល​ខ្លី មធ្យម និង​វែង ជា​មធ្យម​ប្រមាណ ៦ ម៉ឺន​នាក់ និង​ការ​ហ្វឹកហ្វឺន​កូនជាង​ជា​មធ្យម​ប្រមាណ​ជាង ៣ ម៉ឺន​នាក់ ក្នុង​មួយ​ឆ្នាំ។ ក្នុងចំណោម​គ្រឹះស្ថាន​សាធារណៈ​ទាំង ​៣៧ មាន​គ្រឹះស្ថាន​ចំនួន ៣៦ ដែល​បាន​ទទួល​វិញ្ញាបនបត្រ​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​ស្តង់ដារ​អន្តរជាតិ ISO 9001:2015។

លោក​រដ្ឋមន្ត្រី​ បាន​បន្តទៀតថា ​កន្លងមក ក្រសួង បាន​បន្ត​កសាង អភិវឌ្ឍន៍ និង​ធ្វើ​បរិវត្ត​កម្មវិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឱ្យ​កាន់តែ​ទំនើប និង​មាន​គុណភាព​ខ្ពស់​កាន់តែ​ប្រសើរ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​រឹង (​រូបវន្ត​) និង​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ទន់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការវិវត្តន៍​យ៉ាង​ឆាប់រហ័ស​ នៃ​មូលដ្ឋាន សេដ្ឋកិច្ច ឧស្សាហកម្ម បច្ចេកវិទ្យា​ឌីជីថល និង​ការ​ការពារ​បរិស្ថាន​ប្រកបដោយ​ចីរភាព​រួមមាន ១.បានប្រែក្លាយ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែលមាន​សភាព​ចាស់ ទ្រុឌទ្រោម និង​មាន​ទំហំ​តូច​ឱ្យទៅជា​គ្រឹះស្ថាន​មាន​ទំហំ​ធំ កម្ពស់​ច្រើន​ជាន់។ ទី​២.ការដាក់​ពង្រាយ​ការបណ្តុះបណ្តាល​តាម​សហគមន៍​សម្រាប់​ជំនាញ​សេវាកម្ម និង ជំនាញ​ពាក់ព័ន្ធ​នឹង​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម។ ទី​៣. ការ​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ TVET តាមរយៈ​ការ​លើក​ទឹកចិត្ត​ក្នុង​ការ​បង្កើត និង​/​ឬ​ពង្រីក​កិច្ច​សហការ​រវាង​វិស័យ​ឯកជន (​សាកលវិទ្យាល័យ គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស​) និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​ការ​បណ្តុះបណ្តាល TVET សម្រាប់​កម្មវិធី​បណ្ដុះបណ្ដាល​ផ្អែក​លើ​ការងារ ​, ការ​ផ្លាស់ប្តូរ​ជំនាញ​ , ការ​បង្កើន​ជំនាញ និង​ប្រសិទ្ធភាព​ នៃ​ការគ្រប់គ្រង ដែល​សហគ្រាស គ្រឹះស្ថាន អាចជា​អ្នកផ្តល់​ការ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់ ប្រសិនបើ​សហគ្រាស គ្រឹះស្ថាន​មាន​បំណង​ចង់​ធ្វើ​ដោយ​ខ្លួនឯង។ សហគ្រាស ​នឹងមិន​ត្រឹមតែ​ជា​អ្នកផ្តល់​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​ផ្តល់នូវ​ជំនាញ(​កម្មវិធី​បណ្តុះបណ្តាល​នៅ​កន្លែង​ការងារ​) , លើកកម្ពស់​ផលិតភាព ​, និង ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​សមត្ថភាព​ផង​ដែរ​។ ទី​៤.ការលើកកម្ពស់ ពន្លឿន និង​ជំរុញ​ការអនុវត្ត​ថ្នាល​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​អនុញ្ញាត​ឱ្យ​កម្មករ-និយោជិត​ អាច​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ (​ពី​ចម្ងាយ​) ឬ​សិក្សា ដោយ​ខ្លួនឯង​បាន។ ទី​៥.ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន ​និង​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​រៀបចំ​នូវ​ឯកសារ​ទស្សនាទាន​គន្លង​អប់រំ​ថ្មី ដើម្បី​ត្រៀម​អនុវត្ត​សាកល្បង​នាពេលខាងមុខ​ឆាប់ៗ​ នេះ។

លោក​រដ្ឋមន្ត្រី​ ជឿជាក់ថា ទិវា​នេះ ​នឹង​ជួយ​ជំរុញ​ការ​គាំទ្រ និង​ចូលរួម​បន្ថែមទៀត​ពី​គ្រប់​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាល​រាជធានី ខេត្ត អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ស្ថាប័ន​ជាតិ និង​អន្តរជាតិ សមាគម អង្គការ​សង្គម​ស៊ីវិល សហគ្រាស គ្រឹះស្ថាន​ឯកជន សមាគម​និយោជក សហជីព កម្មករ-និយោជិត ដៃគូ​អភិវឌ្ឍន៍ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​យុវជន និស្សិត មាតាបិតា អាណាព្យាបាល និង​សាធារណជន លើ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម