សេដ្ឋកិច្ច
អ្នកឧកញ៉ា លឹម ហេង អះអាង ថៃបិទព្រំដែន ថៃខាតច្រើនជាងកម្ពុជា
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ជុំវិញការបិទព្រំដែនជាឯកតោភាគីរបស់ថៃជាមួយកម្ពុជា នៅមិនទាន់អាចសន្និដ្ឋានបានថា វានឹងប៉ះពាល់ដល់កម្រិតណានោះទេ ប៉ុន្តែថៃអាចនឹងខាតច្រើនជាងកម្ពុជា ដោយសារថៃនាំចូលមកច្រើនជាងកម្ពុជានាំចេញទៅថៃ។

ថ្លែងប្រាប់ «កម្ពុជាថ្មី» អ្នកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ហាក់កើនឡើងកម្តៅពីរពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលឈានដល់ការបិទព្រំដែន បិទការនាំចូលអគ្គិសនី ការនាំចូលប្រេងឥន្ធនៈ បន្លែ ផ្លែឈើ ជាបន្តបន្ទាប់។
ជាមួយគ្នានោះ ចំពោះការបិទព្រំដែននៅក្នុងការនាំចេញ-នាំចូលនេះទៀតសោត យើងនៅមិនអាចស្មានដឹងផងដែរពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរថានឹងអាចធ្លាក់ចុះដល់កម្រិតណា លុះត្រាតែការបិទនោះមានរយៈពេលដល់ណា នៅកន្លះឆ្នាំក្រោយ ឬនៅខែក្រោយ ទើបយើងអាចវាយតម្លៃបានថាវានឹងប៉ះពាល់ក្នុងទំហំប៉ុណ្ណា ព្រោះអ្វីគ្រប់យ៉ាងយើងមិនអាចនិយាយមុនបាន វាអាចទៅជាការបំប៉ោងព័ត៌មាន ឬទៅជាព័ត៌មានក្លែងក្លាយ។
អ្នកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ក្នុងស្ថានភាពបែបនេះវាអាចជាគ្រោះ នៅក្នុងលាភរបស់កម្ពុជាទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ព្រោះចំណុចទាំងពីរនេះគឺដើរទន្ទឹមគ្នា។
ក្នុងនោះដែរផ្នែកនយោបាយ អ្នកឧកញ៉ា លឹម ហេង មើលឃើញថា «កម្ពុជាមានផលចំណេញច្រើនពីឯករាជភាព ពីជាតិនិយមរបស់ខ្មែរ គឺកម្ពុជាចំណេញច្រើនណាស់។ សម្រាប់សេដ្ឋកិច្ចវិញ គឺអាចជំរុញផលិតកម្មនៅក្នុងស្រុកព្យាយាមផលិតឱ្យបានច្រើន ដើម្បីព្យាយាមផ្គត់ផ្គង់ផលិតកម្ម និងតម្រូវការនៅក្នុងស្រុក»។

អ្នកឧកញ៉ា លឹម ហេង បន្ថែមថា ក្រៅពីនេះក៏មានបញ្ហាប្រឈមដូចគ្នាដែរ ប្រសិនបើតម្លៃទំនិញដែលហូរចូលពីប្រទេសផ្សេងៗ ជាពិសេសពីប្រទេសជិតខាងកម្ពុជាយើង ដូចជាវៀតណាម ហើយតម្លៃទំនិញនៅតែដដែល គឺបញ្ហាប្រឈមនៅតែមានសម្រាប់អ្នកផលិតដដែល ព្រោះថា ថ្លៃដើមនៅតែមានកម្រិតខ្ពស់នៅឡើយ ដូច្នេះទាល់តែមានតម្លៃឡើងថ្លៃ ឬតម្លៃសមរម្យណាមួយដែលអាចទទួលយកបានទាំងអ្នកផលិត និងអ្នកទិញ ទើបយើងអាចបង្កើនការផលិតឱ្យបានកាន់តែច្រើន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកផលិតនៅក្នុងស្រុក គឺនៅតែព្យាយាមផលិតនៅក្នុងស្រុកឱ្យបានកាន់តែច្រើន។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាននប្រសាសន៍ថា ការបិទព្រំដែន ថៃអាចខាតពីពាណិជ្ជកម្ម ១៦ លានដុល្លារ ក្នុងមួយថ្ងៃ ឬ ៥ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជិត ១,៨៨ ពាន់លានដុល្លារ ខណៈកម្ពុជានាំចេញទៅថៃ ៣៩៦ លានដុល្លារ កើន ១,១% ចំណែកឯថៃនាំទំនិញចូលមកវិញ មានទំហំទឹកប្រាក់ ១,៤៨ ពាន់លានដុល្លារ កើនឡើង ១០,៤%។
ប្រភពដដែលបង្ហាញថា នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លានដុល្លារ ចំណែកថៃនាំចូលមកវិញ ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ ភាគរយ។
កម្ពុជានាំចេញផលិតផលកសិម្មទៅប្រទេសថៃដូចជា ដំឡូងមី ពោត ម្រេច សណ្ដែក និងស្វាយ ខណៈថៃនាំមកវិញនូវសម្ភារៈសំណង់ គ្រឿងអេឡិកត្រូនិក គ្រឿងយន្តកសិកម្ម ភេសជ្ជៈ បន្លែ ផ្លែឈើ។
សូមជម្រាបថា នៅយប់ថ្ងៃទី២៣ ខែមិថុនា ថៃបានសម្រេចបិទព្រំដែនជាមួយកម្ពុជាទាំងអស់ លើកលែងគោលការណ៍មនុស្សធម៌ និងសិស្សានុសិស្ស ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ។
ក្នុងនោះដែរមុនសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជា ថៃបានគំរាមកំហែងមកលើកម្ពុជាច្រើនលើកជាច្រើនសារ ដូចជាការផ្ដាចការផ្គត់ផ្គង់ចរន្តអគ្គិសនី អ៊ីនធើណិត ការបន្ថយម៉ោងចេញចូលតាមព្រំដែន គំរាមឈប់ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងចោទប្រកាន់កម្ពុជាថាជាទីតាំងជម្រកនៃការឆបោកតាមអនឡាញ។
ជាការឆ្លើយតបរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត បានបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃគ្រប់ច្រកព្រំដែន កាត់ផ្ដាច់ចរន្តអគ្គិសនី អ៊ីនធើណិត និងឈប់នាំចូលប្រេងឥន្ធនៈពីប្រទេសថៃ និងបានបិទព្រំដែនចំនួនពីរនៅខេត្តឧត្ដរមានជ័យផងដែរ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


