ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ៖ ៨៨% នៃអ្នកឆ្លងថ្មីមេរោគអេដស៍នៅកម្ពុជាគឺក្រុមភេទទី ៣ និងស្ត្រីរកស៊ីផ្លូវភេទ
លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានមានប្រសាសន៍ថា តាមការប៉ាន់ស្មានរបស់អង្គការ UNAIDS ក្នុងឆ្នាំ ២០២៤ មានអ្នកឆ្លងថ្មី នៃមេរោគអេដស៍ ប្រមាណ ១ ២០០ នាក់ ដោយក្នុងមួយថ្ងៃឆ្លងប្រហែលជា ៣ នាក់ ក្នុងនោះ ៨៨% គឺជាក្រុមប្រឈមមុខ និងដៃគូរបស់គេ។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃសេវា PrEP ចាក់ ដោយប្រើឱសថចាក់ ដែលមានសកម្មភាពរយៈពេលវែង ឈ្មោះកាបូតេក្រាវៀ (Cabotegravir) នៅព្រឹកថ្ងៃទី ២៧ មិថុនានេះ លោក សាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា បានបន្តថា ក្រុមប្រជាជនប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ ដូចជា ក្រុមបុរសរួមភេទជាមួយបុរស មាន ៥.៥% ក្រុមអ្នកប្លែងភេទ មាន ១៣.៥% ស្ត្រីបម្រើការកម្សាន្ត ៤.៩% និងក្រុមអ្នកចាក់គ្រឿងញៀន ១០.៦%។ រីឯករណីឆ្លងថ្មី នៃមេរោគអេដស៍ នៅតែបន្តកើតមានជារៀងរាល់ថ្ងៃក្នុងមួយថ្ងៃឆ្លងប្រហែលជា ៣ នាក់ បើយោងតាមការប៉ាន់ស្មានរបស់អង្គការ UN AIDS ក្នុងឆ្នាំ ២០២៤ មានអ្នកឆ្លងថ្មី នៃមេរោគអេដស៍ ប្រមាណ ១ ២០០ នាក់ ក្នុងនោះ ៨៨% គឺជាក្រុមប្រឈមមុខ និងដៃគូរបស់គាត់។

លោកសាស្ត្រាចារ្យជំនួយ បានបន្ថែមថា ដោយសារការឆ្លងថ្មី នៃមេរោគអេដស៍ ភាគច្រើនកើតមានក្នុងចំណោមក្រុមប្រឈមមុខ និងដៃគូ មជ្ឈមណ្ឌលជាតិ បានផ្តោតអន្តរាគមន៍លើការផ្តល់សេវាបង្ការ និងធ្វើតេស្តរកមេរោគអេដស៍ ក្នុងចំណោមក្រុមប្រឈមមុខ ដែលក្នុងនោះ មានការផ្តល់សេវាលេបថ្នាំបង្ការមុនពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ឬ ហៅកាត់ថា PrEP ដោយប្រើឱសថគ្រាប់សម្រាប់លេប ដែលត្រូវបានអនុវត្តជាជំហានៗ ចាប់តាំងពីឆ្នាំ ២០១៩ មក ហើយជាលទ្ធផល គិតត្រឹមចុងខែមីនា ឆ្នាំ ២០២៥ នេះ មានអតិថិជនដែលជាក្រុមប្រឈមមុខ ចំនួន ៣៥ ៨១៤ នាក់ បានទទួលសេវា PrEP លេបនេះ ដែលមានចំនួន ៤៥ ទីតាំង ក្នុងនោះ នៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ចំនួន ៣០ ទីតាំង និងមណ្ឌលសំចតចំនួន ១៥ ទីតាំង (អង្គការតាមសហគមន៍) ក្នុង ១៦ រាជធានី-ខេត្ត។

លោកសាស្ត្រាចារ្យជំនួយ បានបញ្ជាក់ថា ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល បានប្រកាសដាក់ឱ្យអនុវត្ត PrEP ចាក់បន្ថែមលើការបង្ការការឆ្លងមេរោគអេដស៍ ដោយប្រើ PrEP លេប និងមធ្យោបាយបង្ការផ្សេងៗ ទៀត ដូចជា ការប្រើស្រោមអនាម័យ និង ការផ្លាស់ប្តូរការប្រព្រឹត្តប្រឈម។ ការអនុវត្ត PrEP ចាក់នេះ ធ្វើឡើងជាជំហានដំបូង នៅរាជធានីភ្នំពេញ គឺនៅគ្លីនិកជាតិព្យាបាលជំងឺអេដស៍ សើស្បែក និងកាមរោគ មណ្ឌលសុខភាពទួលគោក និងសមាគមឈូកស។

លោកសាស្ត្រាចារ្យជំនួយ បានពន្យល់ថា PrEP ចាក់ នេះ ប្រើឱសថឈ្មោះ Cabotegravir ជាប្រភេទឱសថចាក់ មានសកម្មភាពរយៈពេលវែងរហូតដល់ ២ ខែ មានប្រសិទ្ធភាពបង្ការខ្ពស់រហូតដល់ ៩៥% ដែលជាជម្រើសដ៏សំខាន់មួយបន្ថែមទៀត ដើម្បីបង្ការការឆ្លងមេរោគអេដស៍។
លោកសាស្ត្រាចារ្យជំនួយ បានឱ្យដឹងទៀតថា តាមរយៈគម្រោងមូលនិធិសកល ឆ្នាំ ២០២៤-២០២៦ កម្ពុជា មានឱសថ PrEP ចាក់ ចំនួន ២៤ ៩៧៥ ដួស សម្រាប់ចាក់ជូនអតិថិជនដែលមានការប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍។ មជ្ឈមណ្ឌលជាតិ នឹងធ្វើការតាមដាន និងវាយតម្លៃឡើងវិញអំពីតម្រូវការ PrEP ចាក់ របស់អតិថិជន នៅពាក់កណ្តាល ឆ្នាំ ២០២៦ ហើយនៅពេលដ៏ខ្លីខាងមុខនេះ ក្រសួងសុខាភិបាល នឹងប្រកាសដាក់ឱ្យប្រើប្រាស់ PrEP ដាក់កងផងដែរ។
យ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យជំនួយ បានបន្តទៀតថា ព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលល្អគួរឱ្យកត់សម្គាល់លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ដែលមានទទួលស្គាល់ពីសកលលោក គិតត្រឹមឆ្នាំ ២០២៤ យើងសម្រេចបាន ៩២-១០០-៩៨ ធៀបនឹងទិសដៅ ៩៥-៩៥-៩៥។ អត្រាឆ្លងថ្មី នៃមេរោគអេដស៍ បានថយចុះ ពី ១៣ ០០០ នាក់ ក្នុងមួយឆ្នាំ នៅឆ្នាំ ១៩៩៦ មក ១ ២០០ នាក់ នៅឆ្នាំ ២០២៤ ហើយករណីស្លាប់ដោយសារជំងឺអេដស៍ក៏បានថយចុះពី ៤៧ ០០០ នាក់ ក្នុងមួយឆ្នាំ នៅឆ្នាំ ២០០៣ មកត្រឹម ១ ០០០ នាក់ នៅឆ្នាំ ២០២៤។ ដោយឡែកគិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៥ មានអ្នករស់ជាមួយមេរោគអេដស៍ កំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ចំនួន ៧០ ៦៥៤ នាក់ ធៀបនឹងចំនួនប៉ាន់ស្មានអ្នករស់នៅជាមួយមេរោគសរុបចំនួន ៧៦ ០០០ នាក់ នៅតាមសេវាព្យាបាលជំងឺអេដស៍ចំនួន ៧៤ កន្លែង ទូទាំងប្រទេស៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៤ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា