Connect with us

ព័ត៌មានជាតិ

លោកស្រី មិថុនា ភូថង ស្នើភាគីពាក់ព័ន្ធចូលរួមបង្កើនការយល់ដឹង និងទប់ស្កាត់ប្រឆាំងព័ត៌មានក្លែងក្លាយ

បានផុស

នៅ

លោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង នៅ​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ ​២០២៥​ នេះ បានស្នើ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ នៅ​មូលដ្ឋាន​ខេត្ត គប្បី​ចូលរួម​បង្កើន​ការ​យល់ដឹង​ឱ្យ​កាន់តែច្រើន និង​ទប់ស្កាត់​ប្រឆាំង​គ្រប់​ព័ត៌មាន​ក្លែងក្លាយ​ដែល​កើតមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើ​ឡើង​យ៉ាង​ដូច្នេះ​របស់ លោក​ស្រី​អភិបាលខេត្ត​កោះកុង ធ្វើឡើង​ក្នុង​យុទ្ធនាការ​និយាយថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ ដែលមាន​កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល​ក្រុង​ស្រុក ពលរដ្ឋ និង​យុវជន​ជិត​ ៤០០​ នាក់​ ចូលរួម។

លោកស្រី​អភិបាលខេត្ត សង្កត់ធ្ងន់ថា ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ថ្មី​បាន​បង្កើត​ឱ្យ​មានការ​ផ្ទុះឡើង​នូវ​អំពើហិង្សា ការ​ស្អប់ខ្ពើម ការរើសអើង ការ​មាក់ងាយ ដែល​ធ្វើឱ្យ​មាន​ផលប៉ះពាល់​ទៅដល់ ផ្នែក​សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម សេដ្ឋកិច្ច នយោបាយ និង​ប៉ះពាល់​ដល់​ទំនាក់ទំនង​សង្គម។

លោកស្រី មិថុនា ភូ​ថង មើលឃើញថា នៅ​រយៈពេល​ចុងក្រោយ​នេះ នៅលើ​ពិភពលោក​បាននិង​កំពុង​ប្រឈម​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ បញ្ហា​ភូមិសាស្ត្រ​សេដ្ឋកិច្ច ទន្ទឹម​នេះ​ក៏ត្រូវ​ប្រឈមមុខ​ចំពោះ​ការបញ្ចេញ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ដែល​ប៉ះពាល់​ដល់​កិច្ចប្រឹងប្រែង​ការពារ​សន្តិភាព និង​ស្ថិរភាព​ពិភពលោក​ផងដែរ​។ លើសពីនេះទៅទៀត បញ្ញា​សិប្បនិមិត្ត​ (AI) ត្រូវបាន​គេ​យកទៅ​ប្រើ​ប្រាស់​បង្កើត​នូវ​ព័ត៌មាន​ដែល​មាន​ចរិត​បំភាន់ និង បំពុលសង្គម ព្រមទាំង​ងាយស្រួល​បោកប្រាស់​ប្រជាពលរដ្ឋ​ដែល​មិនសូវ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​បែប​ទំនើប ឬ​យើង​ហៅថា«​អ្នក​អក្ខរកម្ម​ព័ត៌មាន»។

ក្នុងនាម​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត លោកស្រី មិថុនា ភូ​ថង ក៏​សូម​អំពាវនាវ​ដល់​អ្នកបង្កើត​មាតិកា អ្នកសារព័ត៌មាន ពិសេស​ក្រុម MMO (Make Money Online) កុំ​ព្រោះតែ​ប្រយោជន៍​ខ្លួន កុំ​ព្រោះតែ​លុយ បង្កើត​នូវ​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​បាន​ប្រយោជន៍​ពី​ការផ្សាយ​នោះ ធ្វើឱ្យ​ប្រាសចាក​ពី​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​របស់ខ្លួន និង​សូម​ស្នើឱ្យ​អ្នកសារព័ត៌មាន អ្នកបង្កើត​មាតិកា​សង្គម ប្រកាន់​ខ្ជាប់​នូវ​សីលធម៌​វិជ្ជាជីវៈ​ឱ្យ​បាន​ល្អ គោរព​នូវ​តម្លៃ​សង្គម កិត្តិយស​ជាតិ និង​សីលធម៌។

ទន្ទឹម​នោះ លោកស្រី​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​អ្នកនាំពាក្យ​របស់​រដ្ឋបាល​ខេត្ត​កោះកុង ក្រុមការងារ​ព័ត៌មានវិទ្យា​រដ្ឋបាល​ខេត្ត ក្រុង ស្រុក និង​តាម​បណ្តា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ទាំងអស់ ដែល​បាន​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​បាន​យ៉ាង​ល្អប្រសើរ ឆ្លើយតបបាន​ទាន់ពេលវេលា​នៅពេល​ទទួលបាន​នូវ​សំនួរ ចម្ងល់ សំណូម​នានា​របស់​ប្រជាពលរដ្ឋ​ដែល​បានលើកឡើង​ក្នុង​ផេក​ហ្វេស​ប៊ុក របស់​រដ្ឋបាល​ខេត្ត​កោះកុង ឬ​ផេក​ហ្វេ​ស​ប៊ុក​របស់​លោកស្រី​ផ្ទាល់។

បន្ថែម​លើ​នេះ​ទៀត លោកស្រី​អភិបាលខេត្ត​កោះកុង បាន​កោតសរសើរ​ចំពោះ​អ្នកសារព័ត៌មាន និង​អ្នកមាន​ឥទ្ធិពល​ក្នុង​បណ្ដាញ​សង្គម ដែល​បាន​ផលិត​មាតិកា​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​នានា​ដែល​រដ្ឋបាលខេត្ត​សម្រេចបាន​នាពេល​កន្លងមក និង​សក្ដានុពល ​នៃ​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្ត និង​សូម​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន និង​អ្នក​ផលិត​មាតិកា​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​ទាំងអស់ បន្ត​ផលិត​មាតិកា​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​សំខាន់ៗ នៃ​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​កោះកុង ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត សម្រាប់​ទាក់ទាញ​អ្នកទេសចរ​ឱ្យ​មកលេង​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍​នានា​ទូទាំង​ខេត្ត​កោះកុង និង ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ​ដល់​គោលនយោបាយ​លើក​កម្ពស់​វិស័យ​ទេសចរណ៍ និង ចូលរួម​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផងដែរ។

ដោយឡែក លោក មុំ ម៉ាលិកា ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង លើកឡើងថា យុទ្ធនាការ​នេះ នឹង​ត្រូវ​បាន​អនុវត្ត​ទូទាំង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល ​១២ ​ខែ គឺ​ផ្តើម​ពីថ្ងៃ​ទី ​១ ខែមេសា ឆ្នាំ ​២០២៥ ដល់​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២៦ ហើយ​ចាំបាច់​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​គោល​បំណង​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​ជា​សាធារណៈ​អំពី​គ្រោះថ្នាក់ និង​ផលវិបាក​ នៃ​ព័ត៌មាន​ក្លែង​ក្លាយ។

លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត បាន​បន្ថែម​ទៀត​ថា ការ​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង​ពង្រឹង​អក្ខរកម្ម​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​កត្តា​ដ៏​សំខាន់​មួយ ដើម្បី​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ពលរដ្ឋ​ដែល​ជា​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​ឱ្យ​មក​ចូលរួម​ទប់ស្កាត់​ការ​រីក​សាយភាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ។ ក្នុង​បរិបទ​នេះ លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត ជឿជាក់​ថា តាមរយៈ​យុទ្ធនាការ​នេះ នឹង​ផ្តល់​ប្រយោជន៍​យ៉ាង​សំខាន់​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ ហើយ​ចូលរួម​តាមដាន​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ​ខ្ពស់ ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ពិតប្រាកដ ចៀសវាង​បំភ្លៃ​ការ​នាំ​ឱ្យ​មាន​ទោស​ទណ្ឌ​ប្រការ​ណាមួយ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម