ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អំពាវនាវកាកបាទក្រហមកម្ពុជាគ្រប់សាខា បន្តស្វែងរកអ្នកខ្វះខាតបំផុត ដើម្បីជួយអ្នកលំបាក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់កាកបាទក្រហមកម្ពុជាគ្រប់ទីកន្លែង រួមទាំងអាជ្ញាធរ បន្តជួយស្រាវជ្រាវ ស្វែងរកអ្នកដែលខ្វះខាតបំផុតដើម្បីជួយសម្រាលការលំបាកដល់ពលរដ្ឋក្រខ្សត់។ នេះបើតាមការផុសរបស់ទំព័រហ្វេសប៊ុករបស់កាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។

ការអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសសម្តេច បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ (នៅស្រុកស្អាង ១០០គ្រួសារ, ស្រុកកោះធំ ៤២១គ្រួសារ និងក្រុងសំពៅពូន ១០០គ្រួសារ) ដែលដែលធ្វើនៅកីឡាដ្ឋាន ស្រុកកោះធំ ខេត្តកណ្តាល។
ក្នុងជំនួបនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា គឺជាសមាគមជាតិ គឺជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដែលសមាគមជាតិមួយនេះទទួលបានការឧបត្ថម្ភជាស្បៀង សម្ភារៈ និងថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។ តាមរយៈការខិតខំប្រឹងប្រែង និងភាពសកម្មរបស់កាកបាទក្រហមកម្ពុជាកន្លងមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បញ្ជាក់ ក៏នៅតែមានការខ្វះខាតមួយចំនួន ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវពាវដល់គ្រប់សាខាទាំងអស់ ជាពិសេស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមបន្តស្រាវជ្រាវស្វែងរកអ្នកដែលខ្វះខាតបំផុតដើម្បីជួយសម្រាលការលំបាកជូនពួកគាត់។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏សូមអំពាវនាវដល់អ្នកសារព័ត៌មានឯកជនដែលបង្ហោះពីភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋនៅតាមបណ្តាញព័ត៌មានសង្គមនានា សូមបញ្ជាក់ពីអាសយដ្ឋានឱ្យបានច្បាស់លាស់ ថាតើស្ថិតនៅខេត្តណា? ស្រុកណា? ដើម្បីងាយស្រួលដល់កាកបាទក្រហមកម្ពុជា និងអាជ្ញាធរចុះទៅជួយដល់ពួកគាត់ដូចគ្នា។ នេះបើតាមកាកបាទក្រហមកម្ពុជា។

បន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ទាំងចាស់ ទាំងក្មេង យកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាព បរិភោគអាហារដែលមានសុវត្ថិភាព មិនមានគីមី ហើយប្រសិនជាអាច ដាំបន្លែទទួលទានដោយខ្លួនឯងក៏ជាការល្អ។ មួយវិញទៀត ក៏ត្រូវសម្អាតទីធ្លាផ្ទះ និងជុំវិញផ្ទះឱ្យបានស្អាត ដើម្បីមានអនាម័យល្អផងដែរ។ ចំពោះស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ តាមការកំណត់របស់គ្រូពេទ្យជំនាញ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហម ក៏បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រាយការណ៍ជូនអាជ្ញាធរឱ្យបានទាន់ពេលវេលា ចំពោះបញ្ហាគ្រឿងញៀន ដើម្បីទប់ស្កាត់ជៀសវាងការរាលដាលដល់សហគមន៍ កូនចៅ និងក្រុមគ្រួសារ រួមទាំងអប់រំកូនចៅ និងរាយការណ៍ដើម្បីទប់ស្កាត់បញ្ហាក្មេងទំនើង និងអំពើហិង្សានានា នៅតាមភូមិឃុំផងដែរ។
ចំណែកបញ្ហា មេរោគអេដស៍វិញ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់កុំឱ្យមានការឆ្លងថ្មីទៀត ហើយចំពោះអ្នកផ្ទុកមេរោគអេដស៍ សូមបន្តលេបថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ ជាប់លាប់ និងត្រឹមត្រូវ ហើយជាពិសេសសូមកុំបន្តទៅចម្លងដល់អ្នកដទៃទៀត៕





-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានជាតិ២៦ នាទី agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


