Connect with us

ព័ត៌មានជាតិ

កម្ពុជា រំពឹងសម្រេចយុទ្ធសាស្រ្តជាតិ ស្តីពីសុខភាពផ្លូវភេទ និងបន្តពូជត្រឹមឆ្នាំ ២០៣០

បានផុស

នៅ

ទោះបីជាកម្ពុជាឆ្លងកាត់សង្គ្រាមឈ្លានពីសំណាក់ប្រទេសជិតខាងក្នុងសម័យទំនើប ប៉ុន្តែកម្ពុជាដាក់ក្តីរំពឹងថានឹងឆ្លងផុតការលំបាកក្នុងពេលឆាប់ៗខាងមុខនេះ ហើយបោះជំហានទៅមុខយ៉ាងរឹងមាំដោយស្មារតីសាមគ្គីភាព និងសម្រេចយុទ្ធសាស្រ្តជាតិ ស្តីពីសុខភាពផ្លូវភេទ និងបន្តពូជត្រឹមឆ្នាំ ២០៣០។ នេះបើតាមសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ដែលនឹងប្រារព្វថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៦។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារលិខិត បញ្ជាក់ថា ការថែទាំសុខភាព, សុវត្ថិភាពផ្នែកសុខភាព និងប្រព័ន្ធភាពធន់ ផ្នែកសុខភាព ពិតជាមានសារសំខាន់ស្រួចស្រាវណាស់សម្រាប់ការកសាងជាតិ និងការឈានទៅសម្រេចឱ្យបាន ចក្ខុវិស័យឆ្នាំ២០៥០។
ម៉្លោះហើយ យើងត្រូវតែនាំគ្នាវិនិយោគធនធាន និងការខិតខំប្រឹងប្រែងរបស់យើង នៅក្នុងការលើកកម្ពស់ ប្រព័ន្ធថែទាំសុខភាព និងការគ្របដណ្តប់សេវាថែទាំសុខភាពជាសកល, ធ្វើឱ្យកិច្ចការ ទាំងនោះកាន់តែមានលក្ខណៈបរិយាបន្ន និងមានភាពធន់។ ជាការពិតណាស់ ប្រជាពលរដ្ឋ គឺជាទ្រព្យធនជា យុទ្ធសាស្ត្រ។ អនាគតប្រទេសជាតិយើង ត្រូវពឹងផ្អែកទៅលើទារក កុមារ និងយុវជន ជំនាន់ក្រោយនេះហើយ! ដូចនេះ យើងត្រូវតែនាំគ្នាថែទាំពួកគាត់ឱ្យបានល្អជាទីបំផុត។

តាមរយៈសារលិខិតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាឥស្សរឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងឆ្លងផុតការលំបាកក្នុងពេលឆាប់ៗ ខាងមុខនេះ និងអាចបោះជំហានទៅមុខយ៉ាងរឹងមាំដោយស្មារតីសាមគ្គីភាព និងជួយដល់ការលើក​កម្ពស់សុខភាពមាតា និងទារក ឱ្យកាន់តែប្រសើរឡើង ដើម្បីសម្រេចបាននូវគោលដៅនៃយុទ្ធសាស្ត្រជាតិស្តីពី សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិនៅកម្ពុជា ឆ្នាំ២០២៥-២០៣០ និងនិយាមបែបបទប្រតិបត្តិសម្រាប់បង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ពីម្តាយទៅកូន និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។

ដើម្បីសម្រេចបាននូវគោលដៅនៃយុទ្ធសាស្រ្តជាតិ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ការណែនាំបន្ថែមឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ទៅទទួលការពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច៤ដង តាមពេលវេលាកំណត់ ដើម្បីទទួលបានការពិនិត្យសុខភាពទាំងម្តាយ ទាំងទារកក្នុងផ្ទៃ ទទួលបានការអប់រំអំពីការថែទាំខ្លួនក្នុងពេលមានផ្ទៃពោះ របបអាហារ ការពិនិត្យរកជំងឺដែលពាក់ព័ន្ធនឹងការមានផ្ទៃពោះ ការបង្ការការចម្លងមេរោគនានាពីម្តាយទៅកូន ការទទួលថ្នាំបង្ការជំងឺតេតាណូស។ ជាពិសេសការយល់ដឹង និងស្គាល់អំពីសញ្ញាគ្រោះថ្នាក់ដល់សុខភាពម្តាយនិងទារកក្នុងផ្ទៃ ដូចជា ការធ្លាក់ឈាម ឈឺក្បាល ងងឹតមុខ ស្រវាំងភ្នែក។

តាមរយៈសារលិខិតនេះ សម្តេចបានស្នើដល់ស្ថាប័នជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការសង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ បន្តជួយគាំទ្រទាំងបច្ចេកទេស និងថវិកាដល់ការគាំពារសុខភាពមាតា ទារក និង កុមារ ដែលជាគោលបំណងរួមរបស់យើងទាំងអស់គ្នា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសខ្លឹមសារ និងអត្ថន័យនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលឆ្នាំនេះផ្តោតសំខាន់លើ “ការរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទ មានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ” បន្តស្ថិតនៅជាស្មារតី របស់ពលរដ្ឋម្នាក់ៗក្នុងការចូលរួមចំណែកដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិរបស់យើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម