Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេង និងមាសអន្តរជាតិ មិនប្រែប្រួលខ្លាំង ក្រោយ​​ ត្រាំ ប្រកាសពន្ធខ្ពស់ ១៤ ប្រទេសទេ

បានផុស

នៅ

តម្លៃប្រេង និងមាសអន្តរជាតិ មិនមាន​ការប្រែប្រួលខ្លាំងទេសម្រាប់ការជួញដូរ​នៅថ្ងៃពុធនេះ ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពន្ធខ្ពស់លើប្រទេសចំនួន ១៤ ដោយ​គ្រោងចូលជាធរមាន​នៅថ្ងៃ ១ សីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលប្រកាសពន្ធខ្ពស់ ដែលលោក​ ត្រាំ ហៅថៃពន្ធគយបដិការ នៅដើមខែមេសា តម្លៃប្រេងអន្តរជាតិធ្លាក់ចុះគំហុក​ ខណៈតម្លៃមាសហក់ឡើងបំបែកកំណត់ត្រា ដោយសារតែកង្វល់នៃការធ្លាក់ចុះសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល។ តម្លៃទំនិញអន្តរជាតិទាំង២ប្រែប្រួលខ្លាំង នៅពេល​សង្រ្គាមពាណិជ្ជកម្មពន្ធគយអាមេរិក-ចិន ពុះកញ្រ្ជោលឡើង មុន​ពេល​គូវិវាទទាំង២ ព្រមព្រៀងគ្នាបន្ធូរបន្ថយភាព​តានតឹង។

តម្លៃមាសជួញដូរដោយ​ផ្ទាល់ បាន​ធ្លាក់ចុះ ០,១២ ភាគរយ ដោយ​ជួញដូរ​នៅប្រមាណ ៣ ៣០៣ ដុល្លារ/អោន លើទីផ្សារអាស៊ី​ គិតត្រឹមម៉ោងជាង ១០ ព្រឹក ថ្ងៃពុធ នៅទីក្រុងហុងកុង។

តម្លៃប្រេងនាពេល​អនាគត ម៉ាក​ Brent ឯណោះវិញ បាន​ធ្លាក់ចុះ ០,២០ ភាគរយ ដោយ​ជួញដូរនៅតម្លៃ​ ៧០,០១ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិក WTI ជួញដូរតិចជាងនោះប្រហែល ២ ដុល្លារ​ ដោយ​ធ្លាក់ចុះក្នុងអត្រាប្រហាក់ប្រហែលគ្នា។

អ្នកជំនាញលើកឡើងថា ការធ្លាក់ចុះ​នៃតម្លៃប្រេង និងមាសអន្តរជាតិនាពេល​នេះ បណ្ដាលមកពីឥទ្ធិពលនៃការប្រកាសពន្ធរបស់អាមេរិក​​លើប្រទេសចំនួន ១៤ រួមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗដូចជាជប៉ុន និងកូរ៉េខាងត្បូង។ យ៉ាងណាមិញ ការប្រែប្រួល​មាន​ទំហំតិចតួច ដោយ​សារតែ​សុទិដ្ឋិនិយម​ដែលថា លោក​ ត្រាំ បាន​លើកថ្ងៃ​ចាប់ផ្ដើម​អនុវត្តពន្ធគយបដិការពីថ្ងៃទី ៩ កក្កដា ទៅថ្ងៃទី ១ សីហា វិញ ដែល​ទុកពេល​ឱ្យ​ប្រទេសផ្សេងៗចរចាដើម្បីទម្លាក់អត្រាពន្ធខ្ពស់​។

សម្រាប់ប្រេង បញ្ហា​ពន្ធអាច​រារាំងសកម្មភាព​សេដ្ឋកិច្ច ដែលអាច​ធ្វើឱ្យតម្រូវការប្រេងខ្សោយ។ ហេតុនេះហើយ ទើបសុទិដ្ឋិនិយមស្ដីពី​ការចរចាពន្ធ ធ្វើឱ្យ​ប្រេងធ្លាក់ចុះ ប៉ុន្តែក្នុងអត្រាតិចតួច។ យ៉ាងណាមិញ តម្រូវការប្រេងនៅសហរដ្ឋអាមេរិក ជុំវិញ​ថ្ងៃឈប់សម្រាក ៤ កក្កដា ក៏ជួយកម្រិតការធ្លាក់ចុះនៃតម្លៃប្រេងឥឡូវនេះផងដែរ។

លើសពីនេះ ​សម្រាប់​ផ្នែកផ្គត់ផ្គង់ រដ្ឋបាលព័ត៌មានថាមពលអាមេរិក​បាន​ព្យាករកាលពីថ្ងៃអង្គារ​ថា សហរដ្ឋអាមេរិកនឹងផលិតប្រេងតិចជាងមុននៅឆ្នាំ ២០២៥ ដោយសារតែការធ្លាក់ចុះតម្លៃប្រេងនាពេល​កន្លងមក ដែល​បានជំរុញឱ្យ​ក្រុមហ៊ុន​ផលិតអាមេរិក បន្ថយសកម្មភាពផលិតកម្ម​។ ​បែបនេះហើយ ធ្វើឱ្យ​តម្លៃប្រេងនៅបន្តខ្ពស់ ៧០ ដុល្លារ/បារ៉ែល ចំពេលដែលហានិភ័យនៃជម្លោះនៅមជ្ឈិមបូព៌ា នៅតែបន្ត។

ទោះយ៉ាងណាមិញ វិនិយោគិនប្រេងនៅតែប្រុងប្រយ័ត្ន ​ជុំវិញ​ការសម្រេចចិត្តបង្កើនផលិតកម្មប្រេង​របស់អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC +) កាលពីចុង​សប្ដាហ៍​កន្លងទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម