Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិហក់ដល់ ៩០ ដុល្លារ/​បារ៉ែលជាថ្មី ខណៈជម្លោះអាមេរិក-អ៊ីរ៉ង់ បន្តតានតឹង

បានផុស

នៅ

តម្លៃប្រេងឆៅអន្តរជាតិហក់ឡើងជាង ៣% នៅព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ ដល់ ៩០ ដុល្លារ/បារ៉ែល ជាថ្មី ចំពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ពង្រីកការវាយប្រហារគ្នានៅមជ្ឈិមបូព៌ា ហើយប៉ះពាល់លំហូរប្រេងចេញពីតំបន់ ជាពិសេសកាត់តាមច្រកហ័រមូហ្ស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមម៉ោងជិត ៨ ព្រឹក នៅទីក្រុងហុងកុង តម្លៃប្រេងឆៅ Brent បាន​កើនឡើង ២,៦៩ ដុល្លារ ឬ ៣,០៥% ដល់ ៩០,៧៩ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីថ្ងៃទី ១១ មិថុនា។ តម្លៃប្រេងដដែលកើនឡើងរហូតដល់ទៅ ១៥,៩% កាលពីសប្ដាហ៍មុន។

ដោយឡែកតម្លៃប្រេងអាមេរិក WTI បាន​កើនឡើង ២,១៩ ដុល្លារ ឬ ២,៦៥% ដល់ប្រមាណ ៨៤,៦៨ ដុល្លារ/បារ៉ែល ក្រោយពីហក់ឡើងប្រមាណ ១៥,៥% កាលពីសប្ដាហ៍មុន។ ​

ការហក់ឡើងនៃតម្លៃប្រេងនៅពេលនេះកើតឡើងចំពេលដែលជម្លោះនៅមជ្ឈិមបូព៌ាបានកាន់តែតានតឹង ក្រោយ​អាមេរិកបន្តវាយប្រហារលើអ៊ីរ៉ង់ជាយប់ទី៩ជាប់ៗគ្នា ខណៈប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក គឺគុយវ៉ែត និងបារ៉ែន ក៏រាយការណ៍ពីការវាយប្រហាររបស់អ៊ីរ៉ង់ផងដែរ។

​អាមេរិក និងអ៊ីរ៉ង់ក៏បានបង្កើនការរឹតបន្តឹងលើការដឹកជញ្ជូនតាមសមុទ្រ។ សហរដ្ឋអាមេរិកបាន​អះ​អាង​ថា កំពុងអនុវត្តការបិទផ្លូវសមុទ្រទៅកាន់កំពង់ផែអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់និយាយថា ខ្លួនកំពុងកំណត់គោលដៅលើនាវាដែលបំពានច្បាប់ធ្វើនាវាចរណ៍នៅច្រកហ័រមូហ្ស។

​អ្នកវិភាគទីផ្សារបាននិយាយថា ប៉ុន្មានថ្ងៃ និងសប្ដាហ៍ខាងមុខ នឹងបង្ហាញឱ្យឃើញថា ការនាំចេញប្រេងពីតំបន់​មជ្ឈិមបូព៌ា អាចរងផលប៉ះពាល់កម្រិតណា ក្រោមការរឹតបន្តឹងពីភាគីទាំង២។ ​

ទិន្នន័យពីក្រុមហ៊ុនផ្ដល់ទិន្នន័យអន្តរជាតិ​ LSEG បាន​បង្ហាញថា មាននាវាតែ ៤ គ្រឿងប៉ុណ្ណោះបានឆ្លងកាត់ច្រកហ័រមូហ្សកាលពីថ្ងៃអាទិត្យ ធ្លាក់ចុះពី ៨ គ្រឿងនៅថ្ងៃសៅរ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម