Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អំពាវនាវឲ្យសហគ្រាសក្នុងវិស័យសំណង់ រួសរ៉ាន់មកចុះបញ្ជីដើម្បីឲ្យកម្មករទទួលបានការគាំពារសង្គម

បានផុស

នៅ

មន្ត្រីជានខ្ពស់នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)បានធ្វើការអំពាវនាវដល់បណ្តាក្រុមហ៊ុនសហគ្រាសក្នុងវិស័យសំណង់ដែលនៅមិនទាន់ចុះបញ្ជី ត្រូវរួសរ៉ាន់មកចុះបញ្ជីជាមួយ ប.ស.ស.ដើម្បីឱ្យកម្មករសំណង់ទទួលបានការគាំពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗពី ប.ស.ស.។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១កក្តដានេះថា ការអំពាវនាវនេះដោយសារបច្ចុប្បន្ននេះមានក្រុមហ៊ុនសហគ្រាសក្នុងវិស័យសំណង់ដែលបានចុះបញ្ជីជាមួយ ប.ស.ស.នៅមានចំនួនតិចនៅឡើយ ដែលធ្វើឱ្យកម្មករនៅក្នុងវិស័យនេះជាច្រើនមិនទទួលបានការគាំពារសង្គម។ ជាក់ស្តែងគិតត្រឹមខែមិថុនា ឆ្នាំ២០២៥នេះ មានកម្មករនិយោជិតចំនួន ១៨ ៥១១នាក់ ស្រី ៣ ៩១៦នាក់ បម្រើការងារនៅតាមសហគ្រាសវិស័យសំណង់ចំនួន ៦៣៤សហគ្រាស​ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. ។

លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ បានបន្តថា ការចុះឈ្មោះចូលជាសមាជិក ប.ស.ស.នេះ នឹងជួយលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់កម្មករសំណង់កាន់តែប្រសើរឡើងបន្ថែមទៀត ដោយសារពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស.ដូចជាការមើលថែទាំសុខភាពដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដែលជាដៃគូរបស់ ប.ស.ស.និងពេលជួបគ្រោះថ្នាក់ការងារជាដើម។

លោកបណ្ឌិតបានបន្តទៀតថា «ការមានប័ណ្ណ ប.ស.ស.នឹងជួយធ្វើឱ្យកម្មករយើងលែងសូវខ្វល់ខ្វាយទាក់ទិនទៅនឹងការចំណាយផ្សេងៗទៅលើការពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនៅពេលដែលឈឺ ព្រោះថា រាល់ការចំណាយជាបន្ទុករបស់ ប.ស.ស.»។

លោកបណ្ឌិតបានបន្ថែមទៀតថា បច្ចុប្បន្ន ប.ស.ស បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយពង្រឹងស្ថិរភាព និងការព្យាករណ៍បាន នៃចំណូលព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។ លោកបណ្ឌិតបានគួសបញ្ជាក់ថា គិតត្រឹមខែមិថុនាឆ្នាំ២០២៥នេះ ប.ស.ស. មានសមាជិកកើនឡើងដល់៣លាន២សែននាក់ ស្រី ១,៨លាននាក់ ក្នុងនោះបុគ្គលនៃវិស័យសាធារណៈ ៥១ម៉ឺន ៨ពាន់នាក់ បុគ្គលនៃវិស័យឯកជន ១លាន ៩៥ម៉ឺននាក់បុគ្គលស្វ័យនិយោជន៍ ៥២ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ២០ម៉ឺន៣ពាន់នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម