Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកទាមទារឱ្យថៃបើកទីផ្សារសម្រាប់សាច់ជ្រូក គោ មាន់​​ ដោយ​មិនគិតពន្ធ

បានផុស

នៅ

កាសែត​ The Nation បាន​ចុះផ្សាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក​បាន​ទាមទារ​ឱ្យ​ថៃបើកទីផ្សារសម្រាប់ផលិតផលកសិកម្ម​របស់ខ្លួន​ដោយ​មិនគិតពន្ធ រួមទាំងសម្រាប់សាច់ជ្រូក គោ មាន់របស់​អាមេរិក ដែល​បង្កជាកង្វល់ខ្លាំងសម្រាប់អាជីវករ​ក្នុងវិស័យរបស់ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្សាយរបស់ The Nation ធ្វើឡើងដោយ​ផ្អែកលើប្រភព​ក្នុងរដ្ឋាភិបាល​ផ្សេងៗគ្នា ប៉ុន្តែមិនបញ្ជាក់អត្តសញ្ញាណជាលម្អិតទេ ចំពេល​ដែល​រដ្ឋាភិបា​លថៃកំពុងប្រឹង​ប្រែងដាក់សំណើពាណិជ្ជកម្មទៅសហរដ្ឋ​អាមេរិក​ ដើម្បីបញ្ចៀសពន្ធខ្ពស់ ៣៦ ភាគរយ ដែល​កំណត់ថានឹង​ចូលជាធរមាននៅថ្ងៃទី ១ សីហា ខាងមុខ។ ​ប្រភព​និយាយថា អាមេរិ​កចង់ឱ្យ​ថៃបើកចំហទីផ្សារ​សម្រាប់ផលិតផលកសិកម្មផ្សេងៗ ជាពិសេសសាច់ជ្រូក សាច់មាន់ និងសាច់គោ ដើម្បីជា​មធ្យោបាយ​ដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ​ដែលថៃតែង​តែ​ចំណេញ​នាពេល​កន្លងមក។

ជុំវិញបញ្ហានេះ លោក​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunhavajira បានបង្ហើបថា ​ថៃគ្រោងនឹងបើកទីផ្សារទៅកាន់សហរដ្ឋអាមេរិក ដោយកាត់បន្ថយពន្ធលើ ៩០ ភាគរយ នៃមុខទំនិញនាំចូលពីអាមេរិក​។ ​

មែនទែន ការបើកទីផ្សារសម្រាប់ទំនិញ​អាមេរិកដោយ​មិនគិតពន្ធ គឺជាវិធីសាស្រ្តទាមទារ​មួយ​របស់​រដ្ឋបាល​ប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយ​ប្រទេសផ្សេងៗ រួមទាំងវៀតណាម ដែលជាប់ពន្ធ ២០ ភាគរយ​។ យ៉ាងណាមិញ យុទ្ធសាស្រ្តបែបនេះ ​កំពុង​​បង្កក្ដីបារម្ភខ្លាំង​សម្រាប់ប្រជាកសិករ និងអាជីវករថៃ ដែល​ប្រកបរបរចិញ្ចឹម​សត្វយកសាច់ មាន​ជ្រូក គោ មាន់ជាដើម។

ដោយសារតែ​សាច់ជ្រូក​អាមេរិកមាន​តម្លៃ​ផលិត​កម្ម​ទាប ថៃបារម្ភថា ការអនុញ្ញាតឱ្យនាំចូល​ដោយ​មិនយកពន្ធ នឹងធ្វើឱ្យខូចដល់ឧស្សាហកម្មក្នុងស្រុករបស់ខ្លួន ដោយបង្ខំឱ្យកសិករចិញ្ចឹមជ្រូកក្នុងស្រុកជាច្រើនឈប់ធ្វើអាជីវកម្ម។ គេប៉ាន់ស្មាន​ថា ការខាតបង់តម្លៃទីផ្សារអាចឈានដល់ ១១២,៣៣ ប៊ីលាន​បាត បើសិន​សាច់ជ្រូកអាមេរិក​នាំចូលទីផ្សារថៃដោយ​សេរី។

ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកថៃ លោក Sittiphan Thanakiatpinyo បាន​និយាយថា៖ «ការបើកទីផ្សារឱ្យសាច់ជ្រូនអាមេរិក ​មានន័យថា រដ្ឋាភិបាលថៃកំពុងរុញច្រានកសិករថៃចេញពីប្រព័ន្ធផ្គត់ផ្គង់។ ខណៈ​រដ្ឋាភិបាលអាចទទួលបានសិទ្ធិនាំចេញកាន់តែច្រើនសម្រាប់ផលិតផលឧស្សាហកម្ម ​វានឹង​បំផ្លាញឧស្សាហកម្មចិញ្ចឹមជ្រូកក្នុងស្រុក ដែល​ផ្ដល់ប្រយោជន៍ដល់ការចិញ្ចឹមជីវិតរបស់ប្រជាជនទូទាំងប្រទេស។ ប្រសិនបើសេដ្ឋកិច្ចអាមេរិកនៅរស់ ប៉ុន្តែជីវភាពរបស់ពលរដ្ឋថៃធម្មតាដួលរលំ តើអ្នកណានឹងទទួលខុសត្រូវ?»។

ការប្រឆាំងតវ៉ារបស់តំណាងកសិករចិញ្ចឹមគោថៃ លើ​ការនាំចូលសាច់គោពីអាមេរិក កាលពីខែមេសា

លោកថា វាមិនត្រឹមតែប៉ះពាល់ដល់អ្នកចិញ្ចឹមជ្រូកប៉ុណ្ណោះទេ ប៉ុន្តែ​ក៏នឹង​ប៉ះពាល់យ៉ាងខ្លាំង​ក្នុង​ខ្សែច្រវ៉ាក់ផលិតកម្មកសិកម្មទាំងមូលរបស់​ថៃ។ នេះរាប់បញ្ចូលទាំងកសិករដាំពោត និងសណ្តែកសៀង អ្នកផលិតចំណីសត្វ រោងចក្រកែច្នៃ និងកម្មកររាប់លាននាក់ ដែលរួមចំណែក​ក្នុងឧស្សាហកម្មសាច់ជ្រូក ដោយ​ពួកគេ​អាចបាត់បង់ការងារ។ ​

លើសពីនេះ អ្នកជំនាញថៃក៏មើលឃើញពីផលប៉ះពាល់ដូចគ្នា​សម្រាប់សាច់មាន់ថៃ ចំពេលដែលថៃខ្លួន​ឯងផ្ទាល់ គឺជាប្រទេសផលិត និងនាំចេញ​សាច់មាន់ដ៏សំខាន់រួចហើយ​។ ​ចំពោះសាច់គោវិញ ប្រទេសថៃបច្ចុប្បន្ននាំចូលក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយអូស្ត្រាលី និងនូវែលសេឡង់។ ប្រសិនបើសាច់គោអាមេរិកបំពេញតាមស្តង់ដារ និងវិញ្ញាបនបត្រដែលត្រូវការ ​ថៃនឹងសុខចិត្តបើកទីផ្សារសម្រាប់ការនាំចូល ដរាបណា​វាត្រូវនឹង​ក្របខ័ណ្ឌច្បាប់ចាំបាច់។ នេះបើតាមការចុះផ្សាយរបស់ The Nation ដដែល​។

សមាជិក​ម្នាក់នៃសមាគម​ចិញ្ចឹម​គោ​​ថៃ​ លោក Wiwat Pongwiwatchai បាន​ថ្លែង​ថា វិស័យ​ចិញ្ចឹម​គោ​​​ថៃ​មិន​ដែល​បង្ក​បញ្ហា​ដល់​ការ​នាំ​ចេញ​សាច់គោ​ទៅ​សហរដ្ឋអាមេរិក​ទេ។ ​យ៉ាងណាមិញ វិស័យនេះជំទាស់យ៉ាងដាច់អហង្ការចំពោះការបើកទីផ្សារ​នាំចូលសាច់គោពីសហរដ្ឋអាមេរិក ដោយសារតែការប្រើប្រាស់សារធាតុ Beta-agonists ឬអ័រម៉ូនលូតលាស់សាច់ក្រហម ដែលបំពានច្បាប់របស់ថៃ ​ដោយ​បង្កហានិភ័យ​ដល់សុវត្ថិភាពចំណីអាហារ​។

គួររំឭកថា កន្លងមក​មាន​ការតវ៉ាពីប្រជាពលរដ្ឋថៃរួចមកហើយ លើការនាំចូល ឬបើកទីផ្សារនាំចូលសាច់ជ្រូក និងសាច់គោ ពីសហរដ្ឋអាមេរិក ដោយសារតែក្ដីបារម្ភពីផលប៉ះពាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

របាយការណ៍៖ ក្រុមហ៊ុនចិនជួយផ្គត់ផ្គង់គ្រាប់បែកយោធាមីយ៉ាន់ម៉ា

ព័ត៌មានជាតិ៩ នាទីutes មុន

Air Cambodia បើក​ជើងហោះហើរត្រង់លើកដំបូងពីទីក្រុងសិនជិននៃប្រទេសចិនមកកាន់ខេត្តសៀមរាប

កីឡា១០ នាទីutes មុន

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​រៀបចំ​ពិធី​ក្រុង​ពាលីបញ្ចុះ​បឋម​សិលា ដើម្បី​កសាង​កីឡដ្ឋាន​ថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ បើគ្រាន់តែគំនិត ទស្សនៈរបស់គេផ្ទុយពីយើង ចូរកុំប្រកាន់ខឹង ឬជេរប្រទេច

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងការពារជាតិបង្កើតបញ្ជាការដ្ឋានសមរភូមិព័ត៌មានក្នុងការឆ្លើយតបឱ្យលឿនរាល់សភាពការណ៍តាមព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម