Connect with us

សុខភាព

តើការប្រើប្រាស់ថ្នាំកូរទីកូអ៊ីត ឬក៏ស្តេរយ មិនបានត្រឹមត្រូវ មានផលប៉ះពាល់អ្វីខ្លះ?

បានផុស

នៅ

ថ្នាំពេទ្យប្រភេទ កូរទីកូអ៊ីត (Corticoid) ឬក៏ ស្តេរយ (Steroids) ជាថ្នាំដែលគេប្រើប្រាស់សម្រាប់ព្យាបាល រលាកសន្លាក់ ឈឺសន្លាក់ និងជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។ ថ្នាំទាំងនេះ មានប្រភេទជាថ្នាំគ្រាប់ (Cortancyl, Prednisone, Prednisolone, Dexamethaxone…) ដែលមនុស្សមនុស្សមួយចំនួនចំណាំហៅថា ថ្នាំគ្រាប់ត្រសក់ ថ្នាំក្រពើហោះ -ល-។ ចំណែកប្រភេទថ្នាំចាក់មាន (Triamcinolone methylprednisolone…)។ ក្រៅពីថ្នាំលេប និងថ្នាំចាក់ ក៏មានប្រភេទថ្នាំបឺតតាមមាត់ (Becotide, Serritide…) និងថ្នាំលាបលើស្បែក (Hydrocortisone cream, betamethasone…)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត ថ្នាំដែលបានរៀបរាប់ខាងលើនេះ មានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រើប្រាស់ព្យាបាលជំងឺ ប៉ុន្តែបើយើងមិនបានគោរពនូវលក្ខណ្ឌវេជ្ជសាស្រ្តនៃការប្រើប្រាស់ថ្នាំទាំងនោះទេ វាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ ហើយជួនកាលវាអាចគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ មន្ទីរពេទ្យដដែល បានបញ្ជាក់ថា អ្វីដែលសង្កេតឃើញកន្លងមក គឺមានអ្នកប្រកបរបរមិនសុច្ចរិត មិនត្រឹមត្រូវយកថ្នាំទាំងនេះទៅប្រើប្រាស់ខុសក្បួនវេជ្ជសាស្រ្តដូចជា ធ្វើជាថ្នាំសូន ថ្នាំឬសឈើសម្រាប់ផឹកឱ្យហូបបាន និងបំបាត់ការឈឺចាប់ឆ្អឹងឆ្អែង ឈឺចុកចាប់សាច់ដុំជាដើម។ អ្នកខ្លះទៀតយកថ្នាំទាំងនេះទៅចាក់ ដើម្បីបំបាត់ការឈឺចាប់ ដោយមិនបានគិតស្វែងរករោគវិនិឆ្ឆ័យនៃជំងឺទេ ដូចជា ឈឺត្រង់ណាចាក់ត្រង់នោះ ជួនកាលមានរហូតដល់ចាក់ចូលទៅក្នុងសន្លាក់ទៀតផង។

តើការប្រើប្រាស់ថ្នាំកូរទីកូអ៊ីត ឬក៏ស្តេរយ មិនបានត្រឹមត្រូវ មានផលប៉ះពាល់អ្វីខ្លះ?

ការប្រើប្រាស់ថ្នាំកូរទីកូអ៊ីត ឬក៏ស្តេរយ មិនបានត្រឹមត្រូវ ទី១) ធ្វើឱ្យមានការប្រែប្រួលអរម៉ូន កូរទីកូអ៊ីត ឬក៏ស្តេរយ ធម្មជាតិនៅក្នុងខ្លួន។ នៅពេលដែលយើងកំពុងប្រើប្រាស់ថ្នាំដែលបានរៀបរាប់ខាងលើក្នុងរយៈពេលយូរ និងកម្រិតដូសខ្ពស់មិនបានត្រឹមត្រូវ ពេលនោះអ្នកជំងឺលេចចេញនូវរោគសញ្ញាដូចជា ហើមមុខ ធាត់ក្បាលពោះប៉ុន្តែអវយវៈដៃជើងតូចៗ ស្បែកឡើងផុយងាយជាំ រលាត់។ នៅពេលអ្នកជំងឺឈប់ប្រើប្រាស់ថ្នាំទាំងនោះ ពេលនោះអរម៉ូនធម្មជាតិនៅក្នុងខ្លួនមានការថយចុះ ឬក៏មិនផលិត ពេលនោះពួកគាត់លេចចេញរោគសញ្ញាដូចជា អស់កម្លាំង ហេវហត់ ល្ហិតល្ហៃ ជាពិសេសនៅពេលថ្ងៃរសៀលចាប់ពីម៉ោង៤ សម្ពាធឈាមគាត់ចុះ ហើយជួនកាលសម្ពាធឈាមចុះរហូតដល់មានគ្រោះថ្នាក់ទៀតផង។

ទី២) កើតជំងឺទឹកនោមផ្អែម៖ កាលណាប្រើប្រាស់ថ្នាំប្រភេទ Corticoid ឬក៏ Steroids អ្នកជំងឺពេលនោះ គាត់មានអាការៈឃ្លាន ទទួលទានឆ្ងាញ់ ទទួលទានបាន ជាហេតុធ្វើឱ្យគាត់ចេញជំងឺទឹកនោមផ្អែម។ ទី៣) កើតជំងឺពុកឆ្អឹង៖ ថ្នាំប្រភេទ កូរទីកូអ៊ីត ឬក៏ស្តេរយ ពេលដែលប្រើប្រាស់រយៈពេលយូ វាអាចធ្វើឱ្យកំហាប់ឆ្អឹងថយចុះ ពេលនោះអ្នកជំងឺប្រឈមមុខនឹងការបាក់ឆ្អឹងខ្នង បាក់ឆ្អឹងត្រគាក។ល។ ទី៤) កើតជំងឺលើសឈាម៖ នៅពេលដែលយើងទទួលទានថ្នាំ កូរទីកូអ៊ីត ឬក៏ ស្តេរយ ក្នុងកម្រិតមួយខ្ពស់ វាធ្វើឱ្យយើងចាលជាតិទឹក និងជាតិសូដ្យូមនៅក្នុងខ្លួន ពេលនោះសម្ពាធឈាមកើនឡើង។ ទី៥) ធ្វើឱ្យប្រព័ន្ធភាពស៊ាំក្នុងខ្លួនថយចុះ៖ អ្នកពិសារថ្នាំ កូរទីកូអ៊ីត ឬក៏ ស្តេរយ ក្នុងរយៈពេលយូរ ពេលនោះប្រព័ន្ធភាពស៊ាំក្នុងខ្លួនថយចុះ។ ពួកគាត់អាចប្រឈមមុខនឹងការកើតជំងឺផ្សិត (ស្រែងលើស្បែក) ផ្សិតអណ្តាត រលាកផ្លោកនោម រលាកតម្រងនោម។ល។

ប្រភពពីមន្ទីរពេទ្យដដែល បានឱ្យដឹងទៀតថា ករណីដែលគេយកថ្នាំទាំងនេះ ទៅចាក់ចូលក្នុងសន្លាក់នេះមិនបានត្រឹមត្រូវ វាអាចធ្វើឱ្យមានខ្ទុះនៅក្នុងសន្លាក់។ ផលវិបាកដែលបានរៀបរាប់ខាងលើជាផលវិបាកដែលបានជួបប្រទះញឹកញាប់ ប៉ុន្តែលើសពីនោះទៅទៀតក៏អាចមានផលលំបាកមួយចំនួនទៀតផងដែរ ក្នុងករណីដែលយើងប្រើប្រាស់ថ្នាំទាំងនោះមិនបានត្រឹមត្រូវ ឧទាហរណ៍ដូចជា រលាកក្រពះ ដំបៅក្រពះជាដើម។ ទោះបីជាយ៉ាងណាគេសង្កេតឃើញថា ថ្នាំដែលអាចឱ្យមានផលប៉ះពាល់ច្រើនគឺ ថ្នាំប្រភេទគ្រាប់ និងចាក់ ដោយឡែកថ្នាំដែលបាញ់តាមម៉ាត់ ឬថ្នាំដែលលាបលើស្បែកមិនសូវមានផលប៉ះពាល់ទេ។

សរុបជារួមមក ថ្នាំជាអាវុធមុខពីរ ហេតុដូចនេះគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យឱ្យបានត្រឹមត្រូវ មុនទទួលទានថ្នាំប្រភេទ កូរទីកូអ៊ីត ឬក៏ ស្តេរយ ដោយពិសារក្នុងកម្រិតដូសត្រឹមត្រូវ រយៈពេលត្រឹមត្រូវ ហើយជៀសវាងទទួលទានថ្នាំជាឱសថបុរាណក្តី ជាថ្នាំសូនដើម្បីឱ្យបាយបាន បំបាត់ការឈឺចុកចាប់ឆ្អឹងឆ្អែងក្តី ដែលមិនមានប្រភពច្បាស់លាស់។ ប្រសិនណាលោកអ្នកកំពុងប្រើប្រភេទថ្នាំទាំងនេះ ហើយលេចចេញនូវរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រញាប់ទៅជួបជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីជៀសវាងនូវផលវិបាកទាំងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម