ព័ត៌មានអន្ដរជាតិ
វៀតណាម និងចិនលុបចោលជើងហោះហើរ ខណៈព្យុះទីហ្វុងវីពផា បន្តបក់បោក
អាជ្ញាធរ និងក្រុមហ៊ុនអាកាសចរណ៍នៅវៀតណាម និងភាគខាងត្បូងនៃប្រទេសចិន រួមទាំងក្រុងហុងកុង លុបចោលជើងហោះហើររាប់រយចាប់តាំងពីម្សិលមិញ មកទល់ព្រឹកថ្ងៃចន្ទនេះ ខណៈព្យុះទីហ្វុងវីពផា កំពុងបក់បោកចេញពីចិន ឆ្ពោះទៅកាន់ភាគខាងជើងនៃប្រទេសវៀតណាម។

កាសែត Vietnam Plus បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines Group ដែលរួមបញ្ចូលទាំងក្រុមហ៊ុន Vietnam Airlines, Pacific Airlines និង Vasco បានប្រកាសពីការលុបចោលជើងហោះហើរបណ្ដោះអាសន្នសម្រាប់ថ្ងៃទី ២១ ខែកក្កដា នេះ ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកដំណើរ និងបុគ្គលិកយន្តហោះ។ ការលុបចោលសកម្មភាពអាកាសចរណ៍នេះ ប៉ះពាល់ជាទូទៅទាំងសម្រាប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិ ពោលគឺសម្រាប់ជើងហោះហើរ ដែលពាក់ព័ន្ធ ឬនៅក្នុងតំបន់ភាគខាងជើងវៀតណាម ដូចជាក្រុងហាណូយ និងកំពង់ផែហៃហ្វុង ជាដើម។
Vietnam Airlines Group បាននិយាយថា ប្រតិបត្តិការហោះហើរ អាចនឹងដំណើរការឡើងវិញ ដោយអាស្រ័យទៅលើស្ថានភាពរបស់ព្យុះវីពផា ខណៈអាជ្ញាធររំពឹងពីផលប៉ះពាល់ផ្នែកអាកាសចរណ៍ដល់ថ្ងៃស្អែក ២២ កក្កដា បន្តទៀត។
គួរគូសបញ្ជាក់ថា ព្យុះវីពផា បានវិវត្តក្លាយជាព្យុះទីហ្វុងកាលពីព្រឹកថ្ងៃអាទិត្យ ជាមួយនឹងកម្លាំងខ្យល់កន្រ្តាក់ ១២០ គីឡូម៉ែត្រ/ម៉ោង ដោយវាយប្រហារនៅភាគខាងត្បូងនៃប្រទេសចិន រួមទាំងក្រុងហុងកុង ក្រុងម៉ាកាវ ខេត្តក្វាងទុង រួចបន្តបក់បោកមកភាគខាងត្បូងខេត្តក្វាងស៊ី ហើយរំកិលខ្លួនចូលក្នុងឈូងសមុទ្រតុងកឹងព្រឹកថ្ងៃចន្ទនេះ ដោយរំពឹងថានឹងឆ្ពោះទៅភាគខាងជើងនៃវៀតណាមបន្ទាប់ ក្នុងកម្រិតជាព្យុះត្រូពិក។

យ៉ាងណាមិញ វិសាលភាព និងឥទ្ធិពលនៃព្យុះវីពផា ដែលជាព្យុះទី៦ បានគ្រប់ដណ្ដប់ទូទាំងតំបន់រួចហើយ រួមទាំងកោះហៃណាន់ វៀតណាម និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដីគោកផ្សេងៗ ចាប់តាំងពីម្សិលមិញ មកទល់ថ្ងៃនេះ និងបន្តទៅមុខទៀត ដោយបង្កជាខ្យល់កន្រ្តាក់បក់បោក និងភ្លៀងធ្លាក់ខ្លាំងដ៏ជោគជាំ ដែលបណ្ដាលជាការព្រមានពីអាជ្ញាធរក្នុងតំបន់ពីជំនោរទឹកសមុទ្រ ទឹកជំនន់ និងការរអិលបាក់ដីជាដើម។
មែនទែនទៀត ព្យុះវីពផាមិនតែបង្កការលុបជើងហោះហើរនៅវៀតណាមប៉ុណ្ណោះទេ អាជ្ញាធរ និងក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសផ្សេងៗ រួមមានទាំងថៃ ក៏បានប្រកាសលុបចោលជើងហោះហើរបណ្ដោះអាសន្នទៅកាន់ ឬមកពីតំបន់ប៉ះពាល់នៅចិន។ តួយ៉ាង ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International បានប្រកាសលុបចោលជើងហោះហើរជាច្រើនទៅ និងមកពីហុងកុង និងខេត្តក្វាងចូវ នៅថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ ២០២៥។

នៅឯក្រុងហុងកុងឯណោះវិញ អាជ្ញាធរបានចេញការព្រមានកម្រិតខ្ពស់បំផុត ដោយសារតែព្យុះវីពផា មុនដកចេញការព្រមានទាំងអស់នៅព្រឹកថ្ងៃចន្ទនេះ ក្រោយពេលវីពផារំកិលខ្លួនផុត។ ដោយសារឥទ្ធិពលនៃព្យុះ អាកាសយានដ្ឋានអន្តរជាតិហុងកុងកាលពីថ្ងៃអាទិត្យ បានលុបចោលជើងហើរប្រមាណ ៥០០ ជើង ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល ១០០ ០០០ នាក់ ហើយកំពុងបែងចែកប្រតិបត្តិការជើងហោះហើរឡើងវិញ ចំពេលអ្នកដំណើរសម្រុកទៅព្រលានយន្តហោះ នាព្រឹកថ្ងៃចន្ទនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។
អាកាសយានដ្ឋានអន្តរជាតិម៉ាកាវឯណោះវិញ ក៏បានលុបចោលជើងហោះហើរជិត ២០០ ជើងផងដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែតញូវយ៉កថែមស៍ ខណៈអាជ្ញាធរនៅបណ្ដាទីក្រុងភាគខាងត្បូងប្រទេសចិនផ្សេងទៀត បានបិទកន្លែងធ្វើការ និងសាលារៀន ផ្អាកប្រតិបត្តិការកំពង់ផែ និងផ្លូវរថភ្លើង ក៏ដោយជាលុបចោលហោះហើរជាដើម៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


