សន្តិសុខសង្គម
រឿងចងការប្រាក់ ម្ចាស់បំណុលប្តឹងកូនបំណុលដាក់គុកបន្សល់កូនតូចៗបីនាក់រស់នៅជាមួយជីដូន
រឿងចងការប្រាក់ឯកជនចំនួន២លានរៀល ឡើងដល់៤៩លានរៀល រហូតម្ចាស់បំណុលប្ដឹងកូនបំណុលពីរនាក់ប្ដីប្រពន្ធចាប់ដាក់ពន្ធនាគារបន្សល់ទុកកូនតូចៗបីនាក់ឲ្យរស់នៅជាមួយជីដូន។

តាមប្រភពពីម្ដាយរបស់កូនបំណុលបានរៀបប្រាប់ កម្ពុជាថ្មី នៅព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ថា ដើមហេតុដំបូងកូនគាត់ឈ្មោះ ធីដា រស់នៅភូមិត្រពាំងរុន ឃុំឧត្ដមសូរិយាស្រុកត្រាំកក់ ខេត្តតាកែវ បានទៅខ្ចីចងការប្រាក់ ពីឈ្មោះ អេង សុខា ចំនួន២លានរៀល ដែលមានទីលំនៅ ភូមិជ្រេ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ដោយដើមប្រាក់ដំបូងចំនួន២លានរៀល ហើយត្រូវបង់ចុងក្នុងមួយថ្ងៃ ១៦មុឺនរៀល ហើយកូនគាត់តែងតែបង់ចុង ដោយមិនឱ្យម្ដាយ រឺគ្រួសារបានដឹងឡើយ ហើយអាជ្ញាធរភូមិឃុំក៏មិនបានដឹងឮដែរ និងការដាក់បញ្ចាំប្លង់ក៏គ្មាន គឺលក្ខណៈ ចងការឯកជនស្ងាត់ៗតែម្ដង។ ស្រាប់តែកន្លងទៅថ្មីៗនេះ នគរបាលនៃអធិការនគរបាលស្រុកត្រាំកក់ បានដាក់លិខិតកោះហៅកូនគាត់ទាំងប្ដីប្រពន្ធ ប្រពន្ធឈ្មោះ ធីដា អាយុ៣៥ ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ និងប្ដីឈ្មោះ ផាន់ សុផាត អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំជាមួយប្រពន្ធដែលជាកូនបំណុល ឱ្យចូលទៅបំភ្លឺនៅអធិការស្រុកត្រាំកក់ ក្រោយមានពាក្យបណ្ដឹង ពីឈ្មោះ អេង សុខា រស់នៅភូមិជ្រេ ឃុំលាយបូរ ស្រុកត្រាំកក់។

ក្រោយពេលដែលកូនគាត់បានចូលទៅបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនៃអធិការស្រុករួចរាល់ហើយ កូនគាត់បានប្រាប់ម្ដាយឱ្យដឹងថា ខាងម្ចាស់បំណុល គេឱ្យកូនគាត់ផ្ដិតមេដៃទទួលស្គាល់ថា នៅជំពាក់ប្រាក់សរុប ៤៩លានរៀល ហើយបានបោះពាក្យថា បើមិនផ្តិតមេដៃទទួលស្គាល់នៅជំពាក់ប្រាក់៤៩លានរៀលនេះ គេនឹងប្ដឹងចាប់ដាក់គុកហើយ។ ហេតុតែកូនបំណុលខ្លាចគេប្ដឹងចាប់ដាក់គុក ក៏ព្រមផ្ដិតមេដៃទទួលស្គាល់ថានៅជំពាក់ប្រាក់៤៩លានរៀលនេះតែម្ដង ហើយកូនគាត់បានប្រាប់ថា ក៏បានសងគេអស់ចំនួន១លានរៀលទៀត។

បានរយៈពេល១០ថ្ងៃ កូនគាត់បានទទួលលិខិតកោះហៅ ពីស្នងរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឱ្យចូលទៅបំភ្លឺ ដោយមានលិខិតកោះហៅ ចំនួន២នាក់ប្ដីប្រពន្ធ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីសាកសួរតាមពាក្យបណ្តឹង។ ក្រោយពេលខាងសមត្ថកិច្ចបានសាកសួរកូនគាត់ទាំង២នាក់ប្ដីប្រពន្ធរួចហើយ អ្នកមុីងដែលត្រូវជាម្ដាយ របស់កូនបំណុល បានប្រាប់ឱ្យដឹងទៀតថា កូនគាត់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងឡើងទៅសាលាដំបូងខេត្តតាកែវ ហេីយក្រោយសាលាដំបូងបានសាកសួរនាំចប់ ខាងសាលាដំបូងបានសម្រេចឃុំខ្លួនកូនគាត់ បណ្ដោះអាសន្ន រងចាំការសើបអង្កេត នៅពេលក្រោយ មកដល់ពេលនេះឃុំខ្លួនកូនគាត់រយ:ពេល១០ថ្ងៃហើយ។
ជុំវិញរឿងរ៉ាវខាងលើនេះដែរ ខាងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌបានឱ្យដឹងថា សមត្ថកិច្ចធ្វើទៅតាម នីតិវិធីច្បាប់ រឿងឆបោកប្រាក់ និងយោងទៅតាមភស្ដុតាងមួយចំនួនប៉ុណ្ណោះ ។ ដោយឡែក លោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះដែរថា រឿងនេះមិនមែនដូចការរៀបរាប់ របស់អ្នកមុីងទាំងស្រុងទេ សូមសួរនាំគាត់ឡើងវិញ។

ទោះបីយ៉ាងណាក៏ដោយ ម្ដាយ របស់កូនបំណុល បានសំណូមពរទៅដល់ លោក វុី សំណាង អភិបាលខេត្តតាកែវ លោក ធាម ចន្ទពិសិដ្ឋ ប្រធានសាលាបូងខេត្តតាកែវ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេស សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយរកយុត្តិធម៌ជូនកូនគាត់ផង ព្រោះរឿងនេះ ហេតុអ្វីអយុត្តិធម៌ម្លេះ គ្រាន់តែរឿងជំពាក់លុយ ហើយប្រពន្ធអ្នកខ្ចី បែរជាចាប់ដល់ប្ដីដាក់គុកបន្ថែមទៀត បន្សល់ទុកកូន៣នាក់ឱ្យនៅកំព្រាឯកា៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


