Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារអំពាវនាវឲ្យពលករខ្មែរត្រូវតាំងចិត្តធ្វើការក្នុងស្រុកដើម្បីជួយគ្រួសារ និងសេដ្ឋកិច្ចជាតិ​​កាន់តែប្រសើរ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវយ៉ាងទទួចដល់ពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃវិញ ត្រូវតាំងចិត្តខិតខំធ្វើការនៅក្នុងស្រុកដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។ លើសពីនេះទៀត ការធ្វើការនៅក្នុងស្រុកក៏មានភាពងាយស្រួលជាង មានសុវត្ថិភាពជាង និងទទួលបានអត្ថប្រយោជន៍ច្រើនជាងធ្វើការនៅថៃ ដែលទទួលរងនឹងការម៉ាក់ងាយ និងធ្វើបាបដោយក្រុមជ្រុលនិយមផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុង «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឃុំព្រៃជ្រូក និងឃុំមុខប៉ែន ក្នុងស្រុកពួក ខេត្តសៀមរាប ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន៤ ដែលមានតម្រូវការកម្លាំងពលកម្មជាង៧ពាន់កន្លែង។

លោករដ្ឋមន្ត្រីបានបន្តថា «បើគង់តែត្រឡប់ទៅថៃវិញ គេមាក់ងាយ និងលំបាកដដែលអីចឹងសុខចិត្តតាំងចិត្តដើម្បីធ្វើការនៅស្រុកយើងជួយគ្រួសារយើងជួយសង្គមយើង និងជួយសេដ្ឋកិច្ចរបស់យើងវិញ។ សូមកុំរង់ចាំរកការងារបានស្អែកធ្វើសិនទៅតស៊ូធ្វើការងារនេះសិនពេលដំបូងបងប្អូនអត់ទាន់ស៊ាំបងប្អូនធ្លាប់ធ្វើការនៅស្រុកគេតែបើបងប្អូនធ្វើការបាន២ទៅ៣ខែទៅ បងប្អូននឹងស៊ាំនឹងការងារ មានមិត្តភក្តិ អ្នកធ្វើការជាមួយគ្នាចេះជួយយកអាសារគ្នាពេលនោះបងប្អូននឹងចាប់ផ្តើមសប្បាយ និងស៊ាំនឹងការងារនៅស្រុខ្មែរហើយពេលនោះនឹងលែងនឹកស្តាយស្រណោះការងារនៅប្រទេសថៃវិញដែរ»។

លោករដ្ឋមន្ត្រីបានផ្តាំផ្ញើថា ទោះបីជាសភាពការណ៍វិលទៅយ៉ាងមិញក៏ដោយសូមបងប្អូនចងចាំការបងប្អូនរត់មកស្រុកវិញមានមូលហេតុ​ គឺបងប្អូនភ័យ និងព្រួយដោយសាគេធ្វើបាបយើង។ ដូចនេះបងប្អូនត្រូវគិតថា បើបងប្អូនត្រឡប់ទៅវិញគង់គេធ្វើបាប ឬលំបាកដដែលទេត្រូវតាំងចិត្តដើម្បីធ្វើការនៅស្រុកយើងជួយគ្រួសារយើងជួយសង្គមយើង និងជួយសេដ្ឋកិច្ចរបស់យើងវិញ។ លើសពីនេះទៀតការធ្វើការងារនៅក្នុងប្រទេសកម្ពុជាមានអត្ថប្រយោជន៍ច្រើនជាងធ្វើការងារនៅប្រទេសថៃ និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលផងដែរ។ ក្នុងនោះកម្មករនិយោជិតទទួលបានប្រាក់ខែគោលសមរម្យ និងទទួលបានមានអត្ថប្រយោជន៍ពីបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ពោលគឺ ពេលឈឺទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមិនអស់ប្រាក់ និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ពេលចូលនិវត្តន៍ពីការងារ បងប្អូនមានប្រាក់សោធនទៀតផង។ ប៉ុន្ដែចំពោះបងប្អូនទៅធ្វើការនៅប្រទេសថៃ នៅពេលចាស់បន្តិចនឹងត្រូវរុញត្រឡប់ឱ្យមកកម្ពុជាវិញ ហើយពេលចាស់ទៅ នឹងមិនបានទទួលអត្ថប្រយោជន៍ដូចនៅកម្ពុជានោះទេ។ រីឯប្រាក់ចំណូលដែលទទួលបានបើប្រៀបធៀបនឹងការទៅធ្វើការនៅប្រទេសថៃ គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃគ្មានសុវត្ថិភាព ហើយនៅឆ្ងាយពីស្រុកកំណើត ឆ្ងាយពីឪពុកម្ដាយទៀតផង។

គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តើមយុទ្ធនាការផ្សព្វផ្សាយឱកាសការងារជំហានទី២ដល់ពលករខ្មែរទើបវិលត្រលប់មកពីប្រទេសថៃនៅតាមឃុំគោលដៅចំនួន៣០០បន្ទាប់ពីបានចុះលើកទី១កាលពីថ្ងៃទី៦កក្តដាឆ្នាំ២០២៥កន្លងទៅ។ ក្រសួង នឹងរៀបចំយុទ្ធនាការជំហានទី៣ និងទី៤បន្ថែមទៀតដើម្បីចុះឱ្យដល់ឃុំជាបន្តបន្ទាប់ខណៈគិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ក្រសួងមានឱកាសការងារចំនួន ២៥០ ៥៨២កន្លែង នៅទូទាំងប្រទេសសម្រាប់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម