Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខ្មែរជាង ៦១ម៉ឺននាក់ វិលត្រឡប់ពីថៃចូលស្រុកវិញ គិតត្រឹមព្រឹកថ្ងៃទី ០៥ សីហា

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ស៊ុន មេសា បានឱ្យដឹងថា​ គិតត្រឹមព្រឹកថ្ងៃទី ០៥ ខែសីហានេះ ពលរដ្ឋខ្មែរជាង ៦១ ម៉ឺននាក់ ដែលរស់នៅ និងធ្វើការនៅប្រទេសថៃ បានវិលចូលស្រុកវិញ ខណៈជម្លោះព្រំដែននៃប្រទេសទាំងពីរពុំទាន់បានធូរស្រាលនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិលត្រឡប់ចូលមាតុភូមិវិញយ៉ាងគំហុកនេះ បន្ទាប់ពីជម្លោះព្រំដែនកម្ពុជា-ថៃ បន្តឡើងកម្តៅ បើទោះបីជាក្រោយបទឈប់បាញ់ក្តី ដោយសារភាគីថៃគឃ្លើនមិនអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ក្នុងអំឡុងជម្លោះព្រំដែននេះ ក្រឡេកទៅមើលក្រុមជ្រុលនិយមនៅថៃវិញ បន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរនៅទីនោះតាមរយៈវាយដំ ទាត់ធាក់ និងគំរាមកំហែងដល់សុវត្ថិភាពជាដើម។

ដោយសារស្ថានការណ៍កាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ បានបង្ខំចិត្តឱ្យពលរដ្ឋ និងពលករខ្មែរដែលធ្វើការ និងស្នាក់នៅទីនោះសម្រេចចិត្តត្រឡប់មកកម្ពុជាវិញយ៉ាងគំហុក។

លោក ស៊ុន មេសា ថ្លែងប្រាប់កម្ពុជាថ្មីថា​ ពលរដ្ឋខ្មែរវិលចូលស្រុកវិញមានជាង ៦១ ម៉ឺននាក់ហើយ ខណៈក្រសួងការងារក៏បានរៀបចំស្តង់ផ្សព្វផ្សាយការងារ នៅតាមច្រកព្រំដែននានា ដើម្បីផ្តល់ឱកាសការងារភ្លាមៗដល់ពួកគាត់។ ជាមួយនឹងការវិលត្រឡប់មកវិញនេះ ក្រសួងការងារក៏បានដាក់ចេញនូវយុទ្ធនាការទ្រង់ទ្រាយធំជំហានទី២ ដើម្បីផ្សព្វផ្សាយឱកាសការងារនៅតាមមូលដ្ឋានចំនួន ៣០០ ឃុំ ផងដែរ។

គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តើមយុទ្ធនាការផ្សព្វផ្សាយឱកាសការងារជំហានទី២ដល់ពលករខ្មែរទើបវិលត្រលប់មកពីប្រទេសថៃនៅតាមឃុំគោលដៅចំនួន៣០០បន្ទាប់ពីបានចុះលើកទី១កាលពីថ្ងៃទី ៦កក្កដា កន្លងទៅ។ ក្រសួង នឹងរៀបចំយុទ្ធនាការជំហានទី៣ និងទី៤បន្ថែមទៀតដើម្បីចុះឱ្យដល់ឃុំជាបន្តបន្ទាប់ ខណៈគិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្រសួងមានឱកាសការងារចំនួន ២៥០ ៥៨២កន្លែង នៅទូទាំងប្រទេសសម្រាប់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម