Connect with us

ព័ត៌មានជាតិ

បញ្ចប់ការ​កាយយកដែកចេញ កំណាត់ផ្លូវរថភ្លើងចូលអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ

បានផុស

នៅ

ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​បង្ហាញ​ពី​លទ្ធផល​ការងារ​នៃ​ការ​អនុវត្ត​គម្រោង​កែសម្រួលកំណាត់ផ្លូវរថភ្លើងមេតភ្ជាប់ចូលអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ។

ក្នុង​កិច្ច​ប្រជុំតែងតាំងសមាសភាពមន្រ្តីរាជការទើប​ទទួល​បាន​ការ​តែងតាំងថ្មី ​លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានបង្ហាញ​​ពី​សមិទ្ធផលការងារដែលក្រសួងសម្រេចបាននាពេលថ្មីៗនេះ ដែល​ក្នុង​នោះ​លោក​បានលើកឡើង​​​ពីការ​អនុវត្ត​​​នៃ​ការ​បញ្ចប់ការកែសម្រួលកំណាត់ផ្លូវរថភ្លើងមេតភ្ជាប់ចូលអាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ ដោយការ​កាយយកដែកចេញ និងចាក់បេតុង ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពឯកសារ

កាលល្ងាចថ្ងៃទី ៣ ខែ​កក្កដា មាន​យុវតីសិស្សសាលាម្នាក់បានបាត់បង់ជីវិតដោយសារតែ​ជិះម៉ូតូរអិលជាមួយផ្លូវរថភ្លើងនៅលើផ្លូវ ១០៥k បណ្ដាលឲ្យដួលហើយត្រូវរថយន្ដបើកកិន។ បើតាមប្រភព​ពី​ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបាន​អះអាង​ថា នៅ​ចំណុច​កើត​ហេតុ​នេះ ឧស្សាហ៍​កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ដោយសារការជិះកៀរជាមួយផ្លូវរថភ្លើងនេះ។

ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់នៅកំណាត់ផ្លូវលេខ ១០៥k មន្រ្តីជំនាញ​របស់ក្រសួង​សាធារណការ​​និងដឹកជញ្ជូន ក៏​បានសហការ​ជាមួយ​ក្រុមហ៊ុន Royal Railway ចុះពិនិត្យដើម្បីកែសម្រួលកំណាត់ផ្លូវរថភ្លើងតភ្ជាប់នេះឡើងវិញ។

កំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង ១ ៥០០ ម៉ែត្រ ដែលត្រូវ​បាន​សាង​សង់​ឡើង​នៅលើទ្រូងផ្លូវ 105K។ ដើម្បីការពារ​គ្រោះថ្នាក់កើតឡើង​ មន្រ្តី​ជំនាញ​បាន​សម្រេច​កាយ​ដកដែករ៉ៃចេញ និងចាក់បេតុង ឱ្យបានស្អាតឡើងវិញស្របតាមស្តង់បច្ចេកទេសផ្លូវបេតុង ដោយ​អនុវត្ត​ការងារ​ទាំងយប់ទាំងថ្ងៃ ដើម្បី​ឱ្យការងារចប់រួចរាល់ឆាប់បំផុត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង​ដើម្បី​ធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋធ្វើចរាចរតាមដងផ្លូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម